ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃទី១៩ ខែវិច្ឆិកានេះថា ក្រុមហ៊ុន Apple Inc នឹងបង្កើនចំនួនទឹកប្រាក់ចំនួន១០០លានដុល្លារអាមេរិក ជាការបណ្តាក់ទុនគុណនឹង១០ដង ដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលឥណ្ឌូនេស៊ីឱ្យលុបចោលការហាមឃាត់ការលក់ iPhone 16 ក្នុងប្រទេសនេះ។
ប្រភពដដែលបានឱ្យដឹង ទឹកប្រាក់ចំនួន១០០លានដុល្លារនេះជាការផ្តល់ជូនរបស់ Apple ទៅកាន់ប្រទេសឥណ្ឌូនេស៊ីក្នុងរយៈពេលពីរឆ្នាំ ដែលជាចំនួនដប់ដងនៃចំនួនមុនដែលគ្រោងវិនិយោគត្រឹម១០លានដុល្លារប៉ុណ្ណោះ លើរោងចក្រផលិតគ្រឿងបន្លាស់ នាក្នុងទីក្រុង Bandung ស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងហ្សាកាតា។
យ៉ាងណាមិញតាមរយៈការផ្តល់ការបណ្តាក់ទុនរបស់ក្រុមហ៊ុន Apple ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនចំនួន២៧៨លាននាក់នេះគឺប្រៀបដូចជាការប៉ះប៉ូវផ្លូវចិត្តឱ្យប្រទេសនេះ ខណៈឥណ្ឌូនេស៊ីជាផ្សារដ៏ធំមួយរបស់ Apple នៅតំបន់អាស៊ី ជាងពាក់កណ្តាលនៃប្រជាជនគឺជាអតិថិជនគោលដៅ មានអាយុក្រោម ៤៤ឆ្នាំនិងមានចំណេះដឹងផ្នែកបច្ចេកវិទ្យា។
គួររំលឹកផងដែរថា iPhone16 របស់ Apple ត្រូវបានហាមឃាត់លក់ដូរពីទីផ្សារឥណ្ឌូនេស៊ី ក្រោយរដ្ឋាភិបាលមើលឃើញថា ក្រុមហ៊ុននេះមិនបានពេញការប្តេជ្ញាចិត្តក្នុងការវិនិយោគ មិនបញ្ជាក់អំពីតម្រូវការផលិតកម្មក្នុងស្រុក ដែលឥណ្ឌូនេស៊ីរំពឹងទុកទំហំទឹកប្រាក់ 1.71 trillion rupiah ស្មើនឹងជា១០០លានដុល្លារអាមេរិក៕
អត្ថបទដោយ៖ ពីង ជូអេង