នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានប្រកាសពី អត្រាពន្ធគយថ្មីសម្រាប់ការនាំចូលទំនិញពីដៃគូពាណិជ្ជកម្មរបស់ខ្លួន នៅជុំវិញពិភពលោក ខណៈប្រទេសថៃឡើងដល់ ៣៦% ចំណែកឯប្រទេសវៀតណាមកើនឡើងដល់ ៤៦% ឯណោះ។
យ៉ាងណាមិញ ដើម្បីទប់ទល់នឹងគោលនយោបាយពន្ធគយថ្មី ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានបង្ហាញពីផែនការក្នុងការចាក់បញ្ចូលទឹកប្រាក់ជាង ៥០០ពាន់លានបាត (១៥ពាន់លានដុល្លារ) ចូលទៅក្នុងសេដ្ឋកិច្ចជាតិ ដើម្បីជំរុញកំណើន GDP របស់ប្រទេសឲ្យបានលើសពី ១,៨% ជាមួយនឹងការផ្តោតលើការជំរុញការប្រើប្រាស់ ការវិនិយោគ និងការផ្តល់ប្រាក់កម្ចីគ្មានការប្រាក់។
ចំណែកឯប្រទេសវៀតណាម បានបង្កើនការលក់សញ្ញាបណ្ណរដ្ឋាភិបាល ឬម្យ៉ាងទៀតហៅថា មូលបត្របំណុលរដ្ឋាភិបាលជិត ៣០% នៅឆ្នាំនេះ ក្នុងគោលបំណងជំរុញការចំណាយសាធារណៈ ដើម្បីជំរុញកំណើន និងបង្កើតខែលការពារសេដ្ឋកិច្ចពីហានិភ័យនៃការខាតបង់ពន្ធរបស់សហរដ្ឋអាម៉េរិក។
គួរជម្រាបផងដែរថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump នៅថ្ងៃទី២ ខែមេសា បានប្រកាសដាក់ពន្ធគយលើប្រទេសប្រមាណ ៩០ ដោយក្នុងនោះ កម្ពុជារងពន្ធគយចំនួន ៤៩% ខណៈចិន ត្រូវបានដំឡើងដល់ ២៤៥%។ ប៉ុន្តែក្រោយប្រកាសយកពន្ធថ្មីចូលជាធរមាន ប្រធានាធិបតី Donald Trump បានផ្លាស់ប្តូរចិត្តជាថ្មី ដោយបានបញ្ជាឲ្យផ្អាកការយកពន្ធថ្មីនៅទូទាំងប្រទេសនានា ដោយបញ្ចុះនៅសល់ត្រឹម ១០% និងទុកពេលឲ្យបណ្តាលប្រទេសទាំងអស់ រយៈពេល៩០ថ្ងៃ ដើម្បីស្វែងរកការចចារជាមួយអាម៉េរិក៕