បងប្អូនដែលមានបំណងចង់រៀនភាសាផ្សេងៗដោយខ្លួនឯង ដើម្បីជាជំនួយដល់ការប្រើប្រាស់ប្រចាំថ្ងៃឬសម្រាប់ការងារផ្សេង មានដូចជាភាសាអង់គ្លេស ចិន ថៃ បារាំង ឬវៀតណាម អាចធ្វើការរៀនដោយខ្លួនឯងតាមរយៈឆាណែលទាំង៥ខាងក្រោមនេះ អាចរៀនបានគ្រប់ពេលវេលា គ្រប់ទីកន្លែង មានតែទូរស័ព្ទមួយគ្រឿង មិនអស់លុយមួយរៀលឡើយ។
១. ភាសាអង់គ្លេស៖ Edniche School ចំពោះឆាណែលនេះដែរ គឺល្អបំផុតសម្រាប់អ្នកចង់រៀនភាសាអង់គ្លេសវគ្គដំបូងព្រោះឆានែលនេះមានបង្រៀនទាំងវេយ្យាករណ៍ ការសរសេរ ការស្តាប់ និងការសន្ទនា និងពាក្យជាច្រើនសម្រាប់ប្រើប្រាស់ក្នុងភាសាអង់គ្លេស ដែលបង្រៀនដោយលោកគ្រូជាជនជាតិខ្មែរ។
Speak English With Vanessa ឆាណែល១នេះគឺបង្រៀនដោយជនជាតិដើមអាមេរិក នឹងជួយអ្នករៀនភាសាអង់គ្លេសនិយាយដោយទំនុកចិត្ត ធម្មជាតិ និងគ្មានភាពតានតឹងក្នុងការរៀនភាសាអង់គ្លេស។ លើសពីនេះទៅទៀតឆាណែលនេះ បង្រៀនងាយៗស្រួលយល់សម្រាប់អ្នកចេះភាសាអង់គ្លេសតិចតួចរួចចង់ពង្រឹងបន្ថែម សម្រាប់ប្រើក្នុងការរស់នៅនិងនៅកន្លែងការងារហើយតែងតែមានលំហាត់អនុវត្តហ្រ្វីៗផងដែរបន្ទាប់ពីរៀនមេរៀននីមួយៗរួច។
២. ភាសាចិន៖ KIM MISSION ឆាណែលយូធូបនេះល្អបំផុតសម្រាប់អ្នកចង់ចេះភាសាចិនដំបូង ឬចេះខ្លះៗហើយ ព្រោះឆាណែលនេះគឺ បង្រៀនដោយអ្នកគ្រូជនជាតិខ្មែរ ដែលបង្ហាត់បង្រៀនទៅលើភាសាចិនមកជាយូរឆ្នាំ មានដូចជាប្រយោគ តួអក្សរ និងវេយ្យាករណ៍ភាសាចិន សម្រាប់អ្នករៀនចិនកម្រិតដំបូង ចេះខ្លះ និងការរៀនប្រកបភាសាចិន ជាមួយនឹងការបកស្រាយ ពន្យល់យ៉ាងក្បោះក្បាយ។
BBC Learn Chinese (BBC - Learn Chinese with free online lessons) កន្លែងនេះមិនមែនសម្រាប់អ្នកចាប់ផ្ដើមដំបូងដោយមិនចេះសោះនោះទេ តែសម្រាប់អ្នកចេះខ្លះហើយ រៀននិងស្រាវជ្រាវខ្លួនឯង។ នៅលើផ្លេតហ្វមរបស់សារព័ត៌មានល្បីBBC នេះមានមេរៀនចិនល្អៗច្រើន ហើយមានអត្ថបទថ្មីប្រែជាពីរភាសាចិននិងអង់គ្លេសដើម្បីហាត់អាន ហាត់ស្ដាប់។
៣. ភាសាថៃ៖ Thai By Siheang អ្នកចង់រៀនភាសាថៃ អាចចូលទៅរៀនក្នុងឆាណែលមួយនេះបាន ព្រោះរាល់មេរៀនទាំងអស់ គឺមានសម្រាប់កម្រិតដំបូងនិងអ្នកចេះខ្លះៗហើយ ដូចជាការបញ្ចេញសំឡេងភាសាថៃ វាក្យស័ព្ទភាសាថៃ និងភាសាក្នុងអត្ថបទឬសៀវភៅ ដែលបង្រៀនដោយអ្នកគ្រូនិយាយភាសាខ្មែរផ្ទាល់តែម្តង។
Learn Thai with ThaiPod101.com ដោយឡែកឆាណែលសម្រាប់រៀនភាសាថៃមួយនេះវិញសម្រាប់អ្នកចេះខ្លះៗហើយនិងចង់ពង្រឹងបន្ថែម ក្នុងនោះឆាណែលមួយនេះមានមេរៀនពាក្យ ប្រយោគ សម្រាប់សន្ទនាភាសាថៃ ដែលប្រមូលផ្តុំទៅដោយគ្រូជាច្រើនក្នុងវីដេអូនីមួយៗ ព្រមទាំងជនជាតិដើមផងដែរ។
៤. ភាសាបារាំង៖ SALA - Let's Learn French
ឆាណែលភាសាបារាំងមួយនេះបង្រៀនដោយលោកគ្រូជនជាតិខ្មែរផ្ទាល់ ដែលនឹងបង្រៀនពីការប្រើប្រាស់ពាក្យបារាំង ប្រធានបទក្នុងការសន្ទនាជាប្រចាំ និងវេយ្យាករណ៍ភាសាបារាំងផងដែរ ឆាណែលនេះល្អមួយសម្រាប់អ្នកមិនទាន់ចេះសោះ និងចេះខ្លះៗហើយ។
Useful French with Chris កន្លែងមួយនេះល្អសម្រាប់អ្នកចង់ពង្រឹងភាសាបារាំងបន្ថែម ដែលក្នុងនោះមានដូចជាការប្រើប្រាស់ប្រយោគក្នុងភាសាបារាំង និងប្រើប្រាស់សន្ទនានានាដែលយើងអាចនឹងជួបជាប្រចាំថ្ងៃ ដូចជាការធ្វើដំណើរ នៅសាលារៀន ឬអាជីពការងារជាដើម។
៥. ភាសាវៀតណាម Learn Vietnamese with VietnamesePod101.com សម្រាប់អ្នកចង់ស្វែងយល់ពីភាសាវៀតណាម ឆាណែលមួយនេះសម្រាប់អ្នកចេះខ្លះៗ និងចេះច្បាស់ ហើយអាចប្រើប្រាស់ភាសាអង់គ្លេសបាន ដែលនឹងបង្រៀនអំពីពាក្យនិងរបៀបសន្ទនា ខណៈប្រមូលផ្តុំដោយគ្រូជាច្រើនផងដែរ សម្រាប់ឱ្យអ្នកជ្រើសកម្រិតរបស់ខ្លួន។
How To Vietnamese ឆាណែលមួយនេះក៏សម្រាប់រៀនភាសាវៀតណាមផងដែរ ដែលបង្រៀនដោយគ្រូជនជាតិដើម ដោយប្រើប្រាស់ភាសាអង់គ្លេស ដោយមានមេរៀនពីភាសាវៀតណាមជាច្រើន ដូចជាការប្រើប្រាស់ពាក្យការធ្វើដំណើរកម្សាន្ត ការនិយាយជាមួយមិត្តភក្តិ ការណែនាំខ្លួន និងការប្រើប្រាស់ប្រយោគជាច្រើនបែបផងដែរ។
ជាការពិតណាស់នាពេលបច្ចុប្បន្ននេះភាសាទី២គឺជាតម្រូវការចំាបាច់១ក្នុងការប្រើប្រាស់នាពេលបច្ចុប្បន្នមិនថាការធ្វើទំនាក់ទំនង ការប្រកបរបរ ការងារ ឬការធ្វើដំណើរកម្សាន្តនោះទេ។ ដូច្នេះសង្ឃឹមថាការចែករំលែកខាងលើនេះនឹងក្លាយជាប្រយោជន៍សម្រាប់បងប្អូនដែលត្រូវការស្វែងយល់បន្ថែម រៀននិងពង្រឹងភាសាទាំង៥នេះឱ្យបានតាមបំណង៕
អត្ថបទដោយ៖ ពីង ជូអេង