មិត្តភាពដែកថែបកម្ពុជា-ចិនមានប្រវត្តិសាស្ត្រយូរអង្វែង
Sreymom ChaAPRIL 23 202531.5 K views

ប្រទេសចិនគឺជាមិត្តអមតៈរបស់ប្រទេសកម្ពុជា។

តាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី លោកស៊ី ជីនភីង ប្រធានាធិបតីចិនបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។   ប្រជាពលរដ្ឋកម្ពុជាបានស្វាគមន៍ការអញ្ជើញមកដល់របស់លោកប្រធានាធិបតីដោយក្តីរំភើប ដោយបានជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងពង្រឹងមិត្តភាពដែកថែបកម្ពុជា-ចិន ហើយផ្តល់អត្ថន័យថ្មីដល់សហគមន៍វាសនារួមកម្ពុជា-ចិន។

 

នៅតាមដងផ្លូវ យើងបានឃើញទង់ជាតិចិនហោះក្នុងអាកាសគ្រប់ទីកន្លែង។  យើងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ស៊ី ជីនភីង ប្រធានាធិបតីចិនមកបំពេញទស្សនកិច្ចម្តងទៀត។

 

កន្លងមកនេះ ក្រោមការដឹកនាំរួមគ្នារបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ  ទំនាក់ទំនងកម្ពុជា-ចិនបានឈានចូលយុគសម័យថ្មីដែលរួមគ្នាកសាងសហគមន៍វាសនារួមរវាងកម្ពុជានិងចិនប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ បានធ្វើឱ្យស៊ីជម្រៅនូវចំណងមិត្តភាពដូចដែកថែប ហើយសម្រេចនូវលទ្ធផលជាផ្លែផ្កាកាន់តែច្រើនក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

 

ស្របតាមការដែលធ្វើឱ្យកាន់តែស៊ីជម្រៅនិងជាក់លាក់នូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន កិច្ចសហប្រតិបត្តិការ "ឆកោណត្បូងពេជ្យ" កាន់តែមានភាពសម្បូរបែប ហើយការកសាង"ច្រករបៀងអភិវឌ្ឍឧស្សាហកម្ម" "ច្រករបៀងត្រីនិងអង្ករ"ក៏ទទួលបានសមិទ្ធផលដ៏វិជ្ជមាន  ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជាក្នុងរយៈពេល១២ឆ្នាំជាប់ៗគ្នា។

 

នៅឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា-ចិនមានរហូតដល់១៥.១ពាន់លានដុល្លារ បានកើនឡើង២៣.៨%បើប្រៀបធៀបនឹងពេលដូចគ្នានៅឆ្នាំមុន។ ប្រទេសចិនក៏ជាប្រភពនៃការវិនិយោគបរទេសនិងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជាជាច្រើនឆ្នាំដែរ។ ក្នុងអំឡុង១០ឆ្នាំកន្លងមកនេះ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជិត៤ដង។

 

បើយោងតាមទិន្នន័យពាក់ព័ន្ធបានឱ្យដឹងថា នៅខែមករា ឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនមានចំនួន១.៥៥៤ពាន់លានដុល្លារ បានកើនឡើង៣៤.៧% បើធៀបនឹងពេលដូចគ្នានៅឆ្នាំមុន។ ចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេរបស់កម្ពុជា។  ក្រៅពីនេះ  ចិននៅតែជាប្រភពនាំចូលដ៏ធំបំផុតរបស់កម្ពុជាដែលមានទំហំនាំចូលចំនួន២.៧៥ពាន់លានដុល្លារក្នុងខែមករា ឆ្នាំនេះ។

 

ការអនុវត្តនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងប្រទេសកម្ពុជានិងប្រទេសចិន ព្រមទាំងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)  បានជំរុញយ៉ាងខ្លាំងដល់ការរីកចម្រើននៃពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា។

 

ឆ្នាំនេះគឺជាឆ្នាំខួបលើកទី៦៦នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងកម្ពុជា-ចិន។   ៦៦ឆ្នាំកន្លងមក ប្រទេសទាំងពីរបានប្រកាន់ខ្ជាប់នូវគោលការណ៍គោរពគ្នា និងរាប់អានគ្នាដោយសមភាព ទំនាក់ទំនងនៃប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងខ្លាំង បានក្លាយទៅជាគំរូនៃទំនាក់ទំនងអន្តរជាតិ។ ប្រទេសចិនគឺជាមិត្តល្អនិងដៃគូល្អដែលអាចពឹងផ្អែកបាន អាចទុកចិត្តបាននៃប្រទេសកម្ពុជា។

 

ជាច្រើនឆ្នាំកន្លងមកនេះ កម្ពុជានិងចិនតែងតែគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះផលប្រយោជន៍ជាស្នូលរបស់គ្នាទៅវិញទៅមក​។ មិត្តភាពរវាងប្រទេសទាំងពីរបានឆ្លងកាត់ការសាកល្បងនិងការផ្លាស់ប្តូរនៃស្ថានភាព តែនៅតែរីកចម្រើនឆ្ពោះទៅមុខជាឥតឈប់ឈរ។

 

 ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ  នរោត្តម សីហមុនី បានសង្កត់ធ្ងន់លើការគាំទ្រគោលនយោបាយចិនតែមួយ និងគាំទ្រគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"ដែលផ្តួចផ្តើមដោយលោកប្រធានាធិបតីស៊ី ជីនភីង។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកប្រធានាធិបតី ស៊ី ជីនភីង ប្រទេសចិនបានសម្រេចនូវសមិទ្ធិផលអភិវឌ្ឍនដ៏ធំធេង។ យើងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលចិននិងប្រជាជនចិនចំពោះការគាំទ្រនិងជំនួយដ៏មានតម្លៃមកកម្ពុជា។

 

ពីការកើនឡើងនៃផ្លែឈើកម្ពុជាដែលបាននាំចេញទៅកាន់ប្រទេសចិន ដល់ការបើកគម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវជាតិលេខ 71C របស់កម្ពុជាដែលសាងសង់ដោយក្រុមហ៊ុនចិន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិនមានភាពលេចធ្លោនិងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន។

 

ចាប់ពីមហាវិថី ស៊ី ជីនភីង បានបើកធ្វើចរាចរកាលពីឆ្នាំមុន ដល់ការសាងសង់ព្រែកជីកហ្វូណនតេជោ ទោះបីជារងសម្ពាធនិងផលប៉ះពាល់ខ្លាំងប៉ុណ្ណាក៏ដោយ ក៏កិច្ចសហប្រតិបត្តិការធំៗទាំងនេះបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិន ហើយថែមទាំងបានបង្ហាញពីអនាគតដ៏ភ្លឺស្វាងដែលទំនាក់ទំនងដែកថែបរវាងកម្ពុជានិងចិននឹងបន្តបើកស្ថានការណ៍ថ្មី និងសម្រេចបានលទ្ធផលថ្មី។

 

ប្រទេសចិនគឺជាដៃគូដ៏សំខាន់បំផុតរបស់កម្ពុជា ដែលបានជួយដល់ការកសាងនិងអភិវឌ្ឍរបស់កម្ពុជា មានដូចជា ប្រទេសចិនបានសាងសង់រោងចក្រស៊ីម៉ង់ត៍ដំបូងរបស់កម្ពុជា រោងចក្រថាមពលកម្ដៅដំបូង ស្ថានីយ៍វារីអគ្គិសនីធំជាងគេនៅកម្ពុជា និងសាងសង់ផ្លូវជាតិបួនគន្លងទីមួយនៅកម្ពុជា។ល។ សហគ្រាសចិនបានចូលរួមយ៉ាងសកម្ម គួបផ្សំនឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជានិងចិនគ្រប់កម្រិត ទាំងនេះមិនត្រឹមតែជួយដោះស្រាយបញ្ហាប្រឈមរបស់គម្រោងប៉ុណ្ណោះទេ  ប៉ុន្តែថែមទាំងនឹងជំរុញឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឱ្យឈានទៅកម្រិតកាន់តែខ្ពស់ថែមទៀត។

 

ខណៈពេលដែលលោក ស៊ី ជីនភីង បានមកបំពេញទស្សនកិច្ចម្តងទៀតនៅកម្ពុជា យើងជឿជាក់ថា ចំណងមិត្តភាពដូចដែកថែបរវាងប្រទេសកម្ពុជានិងចិននឹងត្រូវពង្រឹងនិងមានភាពស្ថិតស្ថេរយូរអង្វែងបន្ថែមទៀត។  ការលើកតម្កើងទំនាក់ទំនងកម្ពុជា-ចិន  ក៏មានសារៈសំខាន់ក្នុងការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ផងដែរ។ ជាពិសេស នៅក្រោមបរិការណ៍ដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងការកើនឡើងនៃកត្តាអស្ថិរភាពនិងភាពមិនប្រាកដប្រជា   កម្ពុជានិងចិនដែលជាមិត្តដែកថែបនឹងធ្វើការរួមគ្នាដើម្បីចាក់បញ្ចូលនូវទំនុកចិត្តនិងការលើកទឹកចិត្តដ៏មានតម្លៃដល់ពិភពលោក។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia