បើនិយាយពីរឿងសន្សំលុយអ្នកខ្លះថាចំណូលតិចមានតម្រូវការច្រើនមិនអាចសន្សំបាន។ ចំណែលអ្នកខ្លះទៀតថាសន្សំចេះតែដកចាយដូច្នេះហើយការសន្សំរបស់គាត់ហាក់មិនទៅមុខទាក់តែសោះ។ ទាក់ទងនឹងការសន្សំនេះដែរ លោក Darren Thedieck ជាអតីតកងកម្លាំងជើងអាកាសរបស់អាមេរិកដែលវិនិយោគសល់លុយ៥០ម៉ឺនដុល្លារបានចែករំលែកក្បួនសន្សំសាមញ្ញមួយនោះគឺ”ដកសន្សំមុនចំណាយ”។
បើយើងស្ដាប់ទៅក្បូននេះវាគ្មានអ្វីអស្ចារ្យនោះទេ ប៉ុន្ដែមនុស្សជាច្រើនបច្ចុប្បន្នមិនដែលបានអនុវត្តចាត់ចែងលុយដែលខ្លួនរកបានឲ្យមានប្រសិទ្ធភាពឡើយដូច្នេះហើយទើបពួកគាត់មិនដែលសល់លុយ រស់នៅខ្វះខាតលុយ ជីវភាពមិនល្អប្រសើរ ហើយពេលខ្លះក៏ធ្លាក់ក្នុងបញ្ហាបំណុលទៀតផង។
លោក Darren Thedieck បានលើកឡើងថាដើម្បីឲ្យក្បួនសន្សំ”ដកសន្សំមុនចំណាយ” នេះមានប្រសិទ្ធភាពដែលធ្វើឲ្យអ្នកសន្សំបានកាន់តែច្រើន សល់លុយកាន់តែច្រើនគឺអ្នកត្រូវដាក់អាទិភាពផ្ដោតលើការសន្សំឲ្យបាន។ ឧទាហរណ៍រាល់ខែអ្នកមិនមានទម្លាប់ដកសន្សំ អ្នកអាចផ្លាស់ប្ដូរដកសន្សំបន្ទាប់ពីអ្នកបានប្រាក់ចំណូលបើកប្រាក់ខែមកគឺដាច់ខាតត្រូវតែដកសន្សំមុននឹងអ្នកចំណាយលើតម្រូវការចាំបាច់និងបង់ទៅធនាគារប្រចាំខែ។
អ្នកប្រហែលជាមិនទាន់ដឹងថាឥទ្ធិពលនៃការដកសន្សំរាល់ខែនេះវាមិនឥទ្ធិពលប៉ុនណា។ ប៉ុន្ដែបើអ្នកព្យាយាមដកសន្សំជារៀងរាល់ខែ នោះអ្នកនឹងឃើញផលដោយលុយរបស់អ្នកនឹងសល់ច្រើនជាងមុន ហើយលុយដែលសន្សំនេះគឺជាគ្រាប់ពូជសម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍនសមត្ថភាព ចំណេះជំនាញដើម្បីអ្នកលុយបានកាន់តែច្រើន ជាពិសេសលុយសន្សំគឺជាដើមទុនក្នុងការចាប់ផ្ដើមអាជីវកម្មនិងវិនិយោគដើម្បីកសាងទ្រព្យឆ្ពោះទៅរកភាពមានបានក្នុងជីវិត។
លោក Darren Thedieck បានចែករំលែកថាដើម្បីឲ្យអ្នកមានទឹកចិត្តក្នុងការសន្សំហើយអាចសម្រេចគោលដៅបានគឺអ្នកអាចបិទភ្នែកហើយស្រមៃថាតើអ្នកនឹងចង់ក្លាយជាមនុស្សបែបណានៅអាយុខ្ទង់២០ ឆ្នាំ ៣០ឆ្នាំ ៤០ឆ្នាំ។ ឧទាហរណ៍នៅអាយុ៤០ឆ្នាំអ្នកចង់ចូលនិវត្ត ដូច្នេះនេះជាគោលដៅរបស់អ្នក។ ត្រង់នេះដើម្បីសម្រេចគោលដៅបានអ្នកត្រូវគិតថាតើអ្នកត្រូវធ្វើសកម្មភាពអ្វីខ្លះដើម្បីអាចចូលនិវត្តត្រឹមវ័យ៤០ឆ្នាំ។
លោក Darren Thedieck បានសង្កត់ធ្ងន់ថាដើម្បីសន្សំលុយនិងវិនិយោគឲ្យសល់លុយ សល់ទ្រព្យបានច្រើនគឺអ្នកត្រូវដាក់ទិភាពសន្សំនិងនិយោគសម្រាប់អនាគត។ ត្រង់នេះលោកបានបញ្ជាក់ថាអ្នកត្រូវសន្សំនិងវិនិយោគប្រចាំខែឲ្យដូចអ្នកបង់ថ្លៃផ្ទះ ទឹកភ្លើងនិងបង់ធនាគារអញ្ជឹង៕