របរខ្លះ មើលពីខាងក្រៅតូចតាចទេ ប៉ុន្តែបើក្រឡេកមកមើលចំណូលវិញញាក់សាច់តែម្តង ពោលគឺអាចរកចំណូលស្មើគេធ្វើការនៅក្រុមហ៊ុន១ឆ្នាំឯណោះ ជាក់ស្តែងដូចជាមុខរបរលក់ចេកអាំងរបស់យុវជនថៃ១ រូបនេះអញ្ចឹង លក់ដាច់ដូចព្យុះហើយបើចំណូលវិញអាចរកបានរហូតដល់ទៅជិត ៦ពាន់ដុល្លារ។
លោក ប៉ាន់ សាខន ត្រូវបានគេស្គាល់ថា ជាយុវជនថៃ១រូប ដែលធ្លាប់បានបម្រើការងារនៅក្រុមហ៊ុន ៣ស្ថាប័នធំៗ ប៉ុន្តែក្រោយពីគាត់ឆ្អែតឆ្អន់ជាមួយការងារហើយលោកក៏បានលាឈប់ ដោយមកចេញរកស៊ីខ្លួនឯងចាប់របរលក់បុកល្ហុង តែលក់បានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះលោកបានមើលឃើញថានៅប្រទេសថៃមានអ្នកលក់បុកល្ហុងច្រើនណាស់ ចំណែករសជាតិក៏មិនសូវប្លែក ពោលគឺស្រដៀងៗតែម្តង។
ក្រោយពីឃើញដូច្នេះហើយ លោកក៏បានមកចាប់របរលក់ចេកអាំងវិញ ហើយលក្ខណៈចេកអាំងរបស់គាត់លក់នោះក៏ស្រដៀងនឹងប្រជាជនខ្មែរលក់ដែរ ដោយលោកបានគៀបវាហើយដោតចង្កាក់លក់ទាំងមូលៗតែម្តង ប៉ុន្តែការលក់បែបនេះពុំសូវដាច់ឡើយ ព្រោះគ្មានចំណុចអ្វីប្លែកគេ បែបនេះបានជាគាត់ចាប់ផ្តើមគិតថា របរមួយនេះត្រូវតែមានអ្វីដែលថ្មីបើនៅតែបែបនេះប្រាកដជាបិទទ្វារដូចរបរលក់បុកល្ហុងអញ្ចឹង។
បន្ទាប់ពីគិតបែបនេះរួច លោក ប៉ាន់ សាខន ក៏ចាប់ផ្តើមកែច្នៃចេកអាំងគាត់ ដោយយកផ្លែចេកមួយផ្លែកាត់ជាកំណាត់៤កង់ មកដោតចង្កាក់អាំងមើលទៅឃើញថាស្អាតហើយប្លែកម្យ៉ាងដែរ ព្រោះតែចេកអាំងគាត់មានភាពខុសប្លែកពីគេ ចំណែកការវិចខ្ចប់ក៏មើលទៅហាក់បីជាមានភាពទាក់ទាញខ្លាំង បែបនេះគាត់ក៏ចាប់ផ្តើមច្នៃអ្វីថ្មីៗបន្ថែមទៀត ដោយលោកចាប់ផ្តើមទៅច្នៃទឹកជ្រោចពីលើចេកអាំងតែម្តង។ ទឹកជ្រោចចេកអាំងជា ធម្មតាបងប្អូនធ្លាប់តែឃើញគេធ្វើទឹកខ្ទិះដូង តែសម្រាប់ទឹកជ្រោចពីលើចេកអាំង យុវជនថៃរូបនេះវិញ បានច្នៃចេញពីផ្លែឈើផ្សេងៗដែលគេពេញនិយមតាមរដូវកាលវាមកស្រោចលើចេកអាំងតែម្តង។
លោកប៉ាន់ សាខន បាននិយាយថា ចំណុចពិសេសនៃចេកអាំងរបស់លោកនោះ គឺរៀបចំការវេចខ្ចប់ឱ្យមានភាពទាក់ទាញជាពិសេសនោះគឺចេកអាំងរបស់លោកគឺមានរាងតូចៗល្មមដែលអតិថិជនទិញហើយងាយស្រួលញាំតែម្តង ចំណែកទឹកជ្រោចពីលើចេកអាំងវិញគឺលោកមិនធ្វើទឹកខ្ទិះដូងឡើយ ពោលនៅពេលដែលលោកឃើញគេនិយមផ្លែឈើអ្វីលោកយកផ្លែឈើនោះមកច្នៃធ្វើជាជ្រោច ឧទាហរណ៍ដូចនៅប្រទេសថៃអញ្ចឹងគឺគេនិយមទុរេនខ្លាំងណាស់ដូច្នេះលោកបានច្នៃទុរេនមកធ្វើជាទឹកជ្រោច ហើយពេលដល់រដូវខ្នោរលោកយកខ្នោរមកច្នៃធ្វើជាទឹកជ្រោច ពេលដល់រដូវស្វាយក៏យកស្វាយមកច្នៃចេញជាទឹកជ្រោច។ ម្យ៉ាងវិញទៀត នៅពេលដែលលោកព្យាយាមកែច្នៃទឹកជ្រោចមានរសជាតិផ្សេងៗគ្នានោះ បានធ្វើឱ្យ ទឹកជ្រោចរបស់លោកកាន់តែមានភាពសម្បូរបែប ពោលពេលអតិថិជនមកទិញហើយកម្មង់ទឹកជ្រោចពីលើចេកអាំងគឺមានគ្រប់ជម្រើសឱ្យអតិថិជនរើស ប៉ុន្តែទឹកជ្រោចដែលដាច់ជាងគេនោះគឺទឹកជ្រោចទុរេន។
ក្រៅពីមានចំណុចពិសេសទាំងអស់នេះហើយ យុវជនថៃរូបនេះតែងតែធ្វើការផ្សព្វផ្សាយផ្សេងៗលើបណ្តាញសង្គមដែលអាចទាក់ទាញក្មេងៗឱ្យមកសាកទិញ ហើយចេកអាំងរបស់លោកថែមទាំងអាចទាក់ទាញតារាល្បីនៅថៃឱ្យមកជួយទិញរហូតពេលខ្លះក៏មានប្រជាជនថៃមកតាមទិញតាមអាយដលរបស់គាត់ដែរ បើទោះបីជាមានគេគាំទ្រច្រើន ក៏លោកសាខននៅតែព្យាយាមខំថែរក្សារសជាតិចេកអាំងរបស់លោកដើម្បីឱ្យអតិថិជនចងចាំថាពេលឃ្លានចេកអាំងគឺត្រូវតែនឹកដល់ចេកអាំងរបស់គាត់ រហូតធ្វើការឱ្យអាចលក់តែចេកអាំងសោះតែអាចរកចំណូលបានទៅដល់ជិត ៦ពាន់ដុល្លារ។
សូមជម្រាបថា របរខ្លះមើលទៅមិនល្អមើលទេ តែល្អស៊ីតួយ៉ាងដូចជាមុខរបរលក់ចេកអាំងរបស់បុរសថៃនេះអញ្ចឹង របរលក់ចេកអាំងគាត់គឺបើកលក់តាមចិញ្ចើមផ្លូវលក្ខណៈតូចតាចប៉ុណ្ណោះ ប៉ុន្តែព្រោះតែការប៉ិនប្រសប់ការពូកែកែច្នៃបានធ្វើឱ្យគាត់អាចទិញចំណូលបានរាប់ពាន់ដុល្លារ ចង់ស្មើអ្នកដែលបើកហាងធំៗផងដែរ។ ដូច្នេះហើយ សម្រាប់អ្នកដែលចង់ចេញរកស៊ី ហើយចង់មានមុខមួយផ្ទាល់ខ្លួន យើងគប្បីតែច្នៃអាជីវកម្មយើង សេវាកម្មយើងឱ្យមានភាពប្លែកពីគេ បើយើងទៅរកស៊ីដូចគេហើយធ្វើដូចគេនោះអាជីវកម្មយើងប្រាកដជាគ្មានភាពទាក់ទាញឱ្យអាចបណ្តាឱ្យបិទទ្វារវិញមិនខានឡើយ៕
អត្ថបទ៖ ធី ស្រីល័ក្ខ