នៅពេលឈប់សម្រាកពីការងារដោយការចូលនិវត្តន៍តាមការកំណត់របស់ច្បាប់ បុគ្គលិកក្នុងជួររដ្ឋាភិបាលនឹងទទួលបានរបបសោធននិវត្តន៍(ប្រាក់រឺត្រែត) ប្រចាំខែដែលផ្តល់ដោយរដ្ឋ។
ក្នុងនោះបើយោងការចុះផ្សាយរបស់ក្រសួងមុខងារសាធារណៈបានឱ្យដឹង សម្រាប់ឆ្នាំ២០២៥ ប្រាក់សោធននិវត្តន៍អប្បបរមាប្រចាំខែ នឹងត្រូវបានដំឡើងស្មើនឹង ៨៤៥ ០០០រៀល និងនិវត្តជនដែលបានចូលនិវត្តន៍មុនឆ្នាំ២០២៤ ក៏ត្រូវបានផ្តល់ជូនបន្ថែមចំនួន ២០ ០០០រៀលក្នុង ១ខែ ផងដែរ។
ដោយក្នុងនោះការផ្តល់របបសោធននិវត្តន៍ ដល់ននិវត្តជនចំនួន៣ក្រុមរួមមាន អតីតមន្ត្រីរាជការស៊ីវិល, អតីតមន្ត្រីនគរបាលជាតិ , និងអតីតយោធិននៃកងយោធពលខេមរភូមិន្ទ។
ខណៈប្រាក់សោធនិវត្តន៍នេះផ្តល់ជូនអាស្រ័យតាមលក្ខខណ្ឌអាយុចូលនិវត្តន៍ អតីតភាពបំពេញការងារ ព្រមទាំងប្រភេទ និងតំបន់ការងារ ដែលត្រូវបានកំណត់ផ្អែកលើច្បាប់ស្តីពី «សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលឆ្នាំ១៩៩៤» ច្បាប់ស្តីពី «របបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពពលកម្មចំពោះនគរបាលប្រជាជនកម្ពុជាឆ្នាំ១៩៩៣» និងច្បាប់ស្តីពី «របបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារចំពោះយោធិននៃកងយោធពលខេមរភូមិន្ទឆ្នាំ១៩៩៤»។
សូមបញ្ជាក់ថាបើកផ្តល់ប្រាក់សោធននិវត្តន៍ត្រូវបានអនុវត្តតាមគណនីធនាគារជាទៀងទាត់ ដល់ននិវត្តជន។ បន្ថែមលើនេះននិវត្តជនទាំងអស់ ក៏នឹងទទួលបាននូវការផ្តល់ប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី និង ៥ម៉ឺនរៀលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌថែមទៀត៕