សេដ្ឋីថៃចំនួន៣រូបបានស្ថិតក្នុងចំណោមមនុស្សមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងលោកនៅក្នុងបញ្ជីមហាសេដ្ឋីរបស់ Forbes ខណៈក្នុងបញ្ជីនេះមានមហាសេដ្ឋីថៃរហូតដល់ទៅ២៨នាក់។ ខាងក្រោមនេះគឺជាសេដ្ឋីថៃ៣រូបដែលបានត្រូវបានចាត់ចូលក្នុងបញ្ជីមហាសេដ្ឋីមានបំផុតចំនួន១៥០លើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់ Bangkok Post។
១. Dhanin Chearavanont
លោក Dhanin Chearavanont តែងតែឈរលើកំពូលតារាងជាសេដ្ឋីមានបំផុតនៅក្នុងប្រទេសថៃ ហើយក្រុមហ៊ុនរបស់លោកបានពង្រីកអាជីវកម្មកាន់ទៅប្រទេសជាច្រើនលើពិភពលោកដោយក្នុងនោះក៏មានកម្ពុជាយើងផងដែរ។ ជាក់ស្ដែងបងប្អូនខ្លះធ្លាប់ញ៉ាំភ្លៅមាន់បំពង Five Star គឺជាផ្នែកមួយនៃក្រុមហ៊ុនរបស់គាត់។
លោក Dhanin Chearavanont គឺជាអគ្គនាយកក្រុមហ៊ុន Charoen PokPhand ដែលហៅកាត់ថា CP Group។ ក្រុមហ៊ុន CP Group គឺជាក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យកសិកម្មនិងម្ហូបអាហារធំបំផុតនៅក្នុងប្រទេសថៃ។ បច្ចុប្បន្ន លោក Dhanin Chearavanont ជាមានសេដ្ឋីមានបំផុតលំដាប់លេខ១១៦ក្នុងលោកដោយមានទ្រព្យសរុបចំនួន១៤.៩ពាន់លានដុល្លារ។
២. Charoen Sirivadhanabhakdi
លោក Charoen Sirivadhanabhakdi គឺជាស្ថាបនិកក្រុមហ៊ុន Thai Beverage ដែលជាក្រុមហ៊ុនរកស៊ីក្នុងវិស័យភេសជ្ជៈធំបំផុតនៅក្នុងប្រទេសថៃ។ មិនតែប៉ុណ្ណោះក្រុមហ៊ុននេះក៏បានពង្រីកខ្លួនទៅចក្រភពអង់គ្លេសនិងចិន ហើយក៏ត្រូវបានចុះបញ្ជីក្នុងផ្សារហ៊ុនរបស់សិង្ហបុរី។ បច្ចុប្បន្នលោកស្ថិតបញ្ជីសេដ្ឋមានទ្រព្យច្រើនបំផុតទី១១៨ដោយមានទ្រព្យសរុប១៤.៩ពាន់លានដុល្លារ។
៣. Sarath Ratanavadi
លោក Sarath Ratanavadi គឺជាស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Gulf Energy ដែលជាក្រុមហ៊ុនរកស៊ីក្នុងវិស័យផលិតថាមពលធំបំផុតលំដាប់ទី៣នៅប្រទេសថៃ។ បច្ចុប្បន្នលោកជាប់ជាសេដ្ឋីមានបំផុតទី១៤១ជាមួយនឹងទ្រពសរុបចំនួន១៣ពាន់លានដុល្លារ៕