ភ្នំពេញ ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣៖ ក្រុមហ៊ុនតែលកូថេក បានចុះកិច្ចសន្យាជាមួយអាគារ Kampus ដើម្បីពង្រីកទីតាំងមជ្ឈមណ្ឌលទិន្នន័យថ្មីមួយទៀត ដែលជាសសរស្តម្ភដ៏សំខាន់មួយក្នុងការគាំទ្រដល់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ស្របតាមទស្សនវិស័យរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាក្រោយជំងឺរាតត្បាតកូវីដ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលទំនើបពិតជាមានសារៈសំខាន់ ដើម្បីបង្ហាញថាប្រទេសកម្ពុជាមានរចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) សមស្រប ដើម្បីឆ្លើយតបទៅនឹងកំណើនយ៉ាងឆាប់រហ័សដែលកំពុងកើតមានក្នុងប្រទេសកម្ពុជា ក៏ដូចជាទាក់ទាញវិនិយោគិន បរទេសផងដែរ។
ក្រុមហ៊ុនតែលកូថេក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ និងជាក្រុមហ៊ុនបុបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប និងជាក្រុមហ៊ុនខ្មែរដំបូងនិងតែមួយគត់ ដែលមានភាគហ៊ុននៅក្នុងបណ្តាញខ្សែកាបក្រោមបាតសមុទ្រ "ម៉ាឡេស៊ី-កម្ពុជា-ថៃ" និងជាសមាជិកនៃបណ្តាញខ្សែកាបក្រោមបាតសមុទ្រ Asian American Gateway (AAG) ដែលបញ្ជូនទិន្នន័យអ៊ីនធឺណិតចូលនិងចេញពីប្រទេសកម្ពុជា និងចរាចរណ៍ទៅទូទាំងពិភពលោក។ យើងឃើញ មាន ការរកើនឡើង ខ្លាំងក្នុងការរក្សាទុកទិន្នន័យរបស់ប្រទេសកម្ពុជា ដែលនាំអោយមាន ការ កើនឡើងនូ វ ការប្រើប្រាស់សេ វាកម្មក្លោដ។
ចក្ខុវិស័យរបស់ក្រុមហ៊ុនតែលកូថេក គឺការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលទំនើបនិងឈានមុខគេ ដែលអាចប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាង ដែលមានការអភិវឌ្ឍជឿនលឿន និងស្របតាមផែនការមេឌីជីថលរបស់អាស៊ានឆ្នាំ ២០២៥ សំដៅអភិវឌ្ឍខ្លួនទៅជាសហគមន៍ឌីជីថល និងប្លុកសេដ្ឋកិច្ចឈានមុខគេមួយ ដែលគាំទ្រដំណើរការដោយសេវាកម្មឌីជីថល បច្ចេកវិទ្យា និងប្រព័ន្ធឌីជីថល ដែលមានសុវត្ថិភាពខ្ពស់ និងទំនើបទាន់សម័យ។
តំណាងក្រុមហ៊ុនតែលកូថេក លោកស្រី Yuni Lee Heathcote និងលោក Simon Griffiths តំណាងម្ចាស់អាគារ Kampus បានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្រោមវត្តមាននិងសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី និងអ្នកឧកញ៉ា គិត ម៉េង ដែលពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ នៅស្នាក់ការកណ្តាលអាគារ Kampus ក្នុងរាជធានីភ្នំពេញ។
លោកស្រី Yuni Lee Heathcote បានមានប្រសាសន៍ដូច្នេះថា " វាមានសារៈសំខាន់ចំពោះក្រុមហ៊ុនតែលកូថេកក្នុងការបន្តអភិវឌ្ឍសេវាកម្មរបស់យើងដើម្បីបម្រើជូនដល់អតិថិជននិងដៃគូទាំងអស់ ក៏ដូចជាគាំទ្រដល់វិស័យ ពាក់ព័ន្ធ ជារួមផងដែរ។ ដូច្នេះ យើងចាំបាច់ត្រូវការ អនុវត្តតាមបទពិសោធន៍ ល្អ ៗនៅកម្រិតអន្តរជាតិ ជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាព និង ធ្វើ ការ ជាមួយ ដៃគូ ដែល ល្អ បំផុត។ វាមិនមែនជាក្តីស្រម៉ៃទៀតទេ ក្រុមហ៊ុនតែលកូថេក បានធ្វើឱ្យវាក្លាយជាការពិតហើយ។ ខ្ញុំពិតជាមានក្តីរំភើបរីករាយដែលបានចុះកិច្ចសន្យាជាមួយអាគារ Kampus និងបង្កើតឱ្យមានកិច្ចសហការដ៏ជិតស្និទ្ធនិងរស់រវើកមួយ។"
អាគារ Kampus គឺជាមជ្ឈមណ្ឌលទំនើបមួយ ដែលជំរុញបែបផែនធ្វើការរបៀបថ្មីនៃកម្ពុជា ដែលជាការធ្វើការផ្តោតលើការសហការគ្នា ភាពជាសហគមន៍ ការកសាងសមត្ថភាព ការរៀនសូត្រ និងការអភិវឌ្ឍន៍។ គោលគំនិតក្នុងការរចនាអាគារ Kampus គឺសំដៅផ្តល់ទីតាំងធ្វើការងារ ដែលពង្រឹងសមត្ថភាព ជំនាញ និងភាពជឿជាក់លើខ្លួនឯងដល់អ្នកធ្វើការ ទាំងអស់គ្នា។ សមិទ្ធិផលដ៏សំខាន់មួយទៀតរបស់មជ្ឈមណ្ឌល Kampus ថ្ងៃនេះ គឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលទីតាំងសម្រាប់ក្រុមហ៊ុនតែលកូថេក បង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មីរបស់ខ្លួន។
លោក Simon Griffiths តំណាងម្ចាស់អាគារ Kampus ក៏បានលើកឡើងពីសារៈសំខាន់នៃការចុះហត្ថលេខានេះផងដែរ ។ លោកបានមានប្រសាសន៍ថា "គុណតម្លៃនៃការចុះហត្ថលេខារវាងក្រុមហ៊ុនតែលកូថេក និងអាគារ Kampus ក្នុងថ្ងៃនេះ ពិតជាមានភាពវិសេសវិសាលណាស់ក្នុងការជំរុញដំណើរឌីជីថលនីយកម្មរបស់កម្ពុជា។ ការគ្រប់គ្រងទិន្នន័យប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រព័ន្ធឌីជីថលគ្រប់ប្រភេទ ហើយខ្ញុំទន្ទឹងរង់ចាំអបអរចំពោះលទ្ធផលជាផ្លែផ្កានៃគម្រោងដ៏សំខាន់នេះ"។
ក្រុមហ៊ុនតែលកូថេក មានមជ្ឈមណ្ឌលទិន្នន័យច្រើនទីតាំង ស្ថិតក្នុងខេត្ត-រាជធានីមួយចំនួន។ ក្រុមហ៊ុន នឹង បន្តពិនិត្យលទ្ធភាពពង្រីកទៅតាមទីតាំង និងបណ្តាខេត្តផ្សេងៗទៀតស្របតាម កំណើនជាក់ស្តែង ដើម្បី បំពេញ តម្រូវការ អាជីវកម្ម របស់ អតិថិជនគ្រប់ទិសទី ។