យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា ចាប់ពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៣ តទៅ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រុមការងារចម្រុះរាជធានី ខេត្ត ដឹកនាំដោយមន្រ្តីពន្ធដារ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ នឹងចុះត្រួតពិនិត្យប្រកាស់បង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ២០២២ នៅតាមគោដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗនៃរាជធានី ខេត្ត។
ក្នុងករណីនេះចំពោះម្ចាស់យានយន្តខកខានមិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ២០២២ កន្លងទៅ សូមមេត្តារួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ពិន័យតាមច្បាប់ជាធរមាននៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ក.អ និងតាមធនាគារជាដៃគូផ្សេងៗទៀត។
គួរបញ្ជាក់ផងដែរថា ដើម្បីការប្រសើរ ម្ចាស់យានយន្តដែលមិនទាន់បានបង់ពន្ធ សូមមេត្តាអញ្ជើញទៅប្រកាសពន្ធឱ្យបានគ្រប់ៗគ្នា ដើម្បីចៀសវាងក្រុមការងារចម្រុះ ដែលសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ធ្វើការឃាត់យានយន្តតាមដងផ្លូវតម្រូវឱ្យបង់ប្រាក់ពន្ធ ដែលនាំឱ្យខកខានពេលវេលា និងកកស្ទះចរាចរណ៍ធ្វើដំណើរដែលអាចកើតមាននូវបាតុភាពអសកម្មដោយប្រការណាមួយជាយថាហេតុ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង