ធ្លាប់តែឃើញគេយកជ្រូកមកខ្វៃ ដែលភាគច្រើនគេល្បីជ្រូកកណ្តុរខ្វៃ កំពុងតែលក់នៅលើបណ្តាញសង្គមព្រោងព្រាត ប៉ុន្តែពេលនេះគេអាចច្នៃត្រីអណ្តែងមកខ្វៃ ដែលមើលទៅវាប្រហាក់ប្រហែលជាមួយនឹងទាខ្វៃនិងជ្រូកខ្វៃដូច្នេះដែរ ។ តួយ៉ាងបើយោងទៅតាមផេកផ្លូវការដែលមានឈ្មោះថា Bangkok Foodie ដែលមានអ្នក Like និង Follow ជាង១ លាននាក់ បានផុសវីដេអូមួយប្រមាណជា ៤នាទី ដែលបង្ហាញពីសកម្មភាពបុរស់ម្នាក់ដែលលក់អាហារតាមដងផ្លូវ ( Street Food ) នៅក្នុងទឹកដីប្រទេសថៃ ។
នៅក្នុងវីដេអូខាងលើដដែលបានបង្ហាញទៀតថា បុរស់ម្នាក់នោះគាត់បានយកត្រីមួយប្រភេទ ដែលនៅខ្មែរយើងហៅថា ត្រីអណ្តែង មកច្នៃធ្វើជាត្រីខ្វៃ ដោយដំបូងឡើយគេយកត្រីនោះទៅប្រឡាក់គ្រឿងដើម្បីឱ្យវាចូលជាតិបានល្អ បន្ទាប់មកគេដោតព្យួត្រីនៅផ្នែកខាងក្បាលដាក់តម្រាបចូលទៅក្នុងពាង បន្ទាប់មកទៀតគេដាក់ភ្លើងចូលដូចទៅនឹងគេយកទា និងជ្រូទៅខ្វៃដែរ ហើយប៉ុន្មាននាទីក្រោយមកដល់ពេលកំណត់ គេបានដកត្រីនោះចេញពីពាងខ្វៃ ដែលមើលទៅត្រីមានសភាពស្បែកពណ៌ក្រហម ថែមទាំងក្រៀម ដូចជ្រូខ្វៃអញ្ចឹង ។
គួរបញ្ជាក់ផងដែរថា បើគេនិយាយពី Street Food មនុស្សជាច្រើនប្រហែលជាគិតទៅដល់ប្រទេសថៃមុនគេ ដោយសារ តែប្រទេសមួយនេះមានភាពល្បីល្បាញផ្នែកចំណីអាហារ ពោលគឺមានម្ហូបអាហារប្លែកៗរាប់សិបមុខ ។ ហើយខាងលើនេះគ្រាន់តែជាគំនិតថ្មីមួយ ប្រសិនបើទាំងអស់គ្នាកំពុងតែជាអ្នកបម្រើសេវាកម្មលក់ម្ហូបអាហារ គួរតែរៀនច្នៃមុខម្ហូបឱ្យបានប្លែកៗ មានច្រើនជម្រើសសម្រាប់អ្នកទទួលទាន ទើបមានអ្នកចាប់អារម្មណ៍ច្រើន ។
អត្ថបទដោយ ៖ នៅ ហៀង Tell : 010785134