កុំច្រឡំថាខ្លួនឯងមាន! ធ្វើរឿងទាំងនេះសិន បើធ្វើបាន នឹងអ្នកសល់ទ្រព្យ សល់លុយ ក្លាយជាអ្នកមានពិតប្រាកដ
Toeuy HongJANUARY 14 202520 views

នៅក្នុងសង្គមខ្មែរយើងបច្ចុប្បន្នមនុស្សមួយចំនួនផ្ដល់តម្លៃលើសម្ភារនិយមហើយចាយលុយលើសម្ភារទាំងនោះអស់ច្រើន។ ជាពិសេសមនុស្សមួយចំនួនចាយលើឡានទំនើបផ្ទះធំដោយប្រើប្រាស់កម្ចីពីធនាគារ។យ៉ាងណាមិញការមានផ្ទះធំ ឡានទំនើបមិនបង្ហាញថាអ្នកជាអ្នកមាននោះប្រសិនបើករណីអ្នកបាត់បាត់បង់ប្រភពចំណូលឬវិបត្តិសេដ្ឋកិច្ចកើតឡើងអ្នកមិនអាចរកចំណូលមកផ្គត់ផ្គង់ការរស់នៅ។

អ៊ីចឹងថ្ងៃនេះ Business Cambodia បង្ហាញពីផ្លូវមួយចំនួនដែលអ្នកគួរធ្វើ ហើយបើធ្វើបាន អ្នកនឹងក្លាយជាអ្នកមានពិតប្រាកដ កសាងទ្រព្យយូរអង្វែងទោះជាបាត់បង់ការងារក៏នៅតែមានលុយហូរចូលហោប៉ៅជានិច្ច៖

. មានចំណេះដឹង

សេដ្ឋីជាច្រើនលើពិភពលោកបានលើកឡើងថាការវិនិយោគលើចំណេះដឹងគឺជាការវិនិយោគដ៏ល្អបំផុតដែលមនុស្សគ្រប់គ្នាអាចធ្វើបានដើម្បីបង្កើនឥទ្ធិពលក្នុងការកសាងចំណូលនិងបង្កើនទ្រព្យជាលំដាប់។ ដូច្នេះដើម្បីក្លាយជាអ្នកមានពិតប្រាកដអ្នកត្រូវមានចំណេះដឹងហើយចំណេះដឹងត្រង់នេះសំដៅដល់ចំណេះដឹងក្នុងការប្រើលុយឲ្យចំណេញ ប្រើលុយបង្កើតលុយឲ្យវាបង្កើតជាកូនពូនជាចៅ។ ត្រូវចាំថាបើនៅសុខៗមានគេលុយ១លានដុល្លារ តែអ្នកគ្មានចំណេះទេនោះមិនយូរទេលុយ១លានដុល្លារអ្នកនឹងចាយអស់ហើយទីបំផុតអ្នកនៅតែក្រដដែល។

 

. វិនិយោគលើអាជីវកម្ម

វិនិយោគលើអាជីវកម្មត្រង់នេះសំដៅដល់ការដាក់ទុនវិនិយោគទៅក្នុងអាជីវកម្មណាមួយដែលអ្នកស្រលាញ់ពេញចិត្តហើយជាអាជីវកម្មដែលមានសក្ដានុពលអាចឈរជើងលើទីផ្សារយូរអង្វែង។ ដើម្បីវិនិយោគក្នុងអាជីវកម្មណាមួយ​ ទាមទារឲ្យអ្នកមានទំនាក់ទំនងនិងជិតស្និទ្ធិជាមួយមនុស្សក្នុងសង្គមឲ្យបានច្រើនជាពិសេសជាមួយអ្នកវិនិយោគនិងអ្នករកស៊ី។ កាលណាអ្នកដើរជាមួយអ្នកវិនិយោគនិងអ្នករកស៊ី អ្នកងាយនឹងទទួលបានឱកាសចូលហ៊ុនវិនិយោគទៅក្នុងអាជីវកម្ម។ ពេលអ្នកមានភាគហ៊ុនក្នុងអាជីវកម្មឬក្រុមហ៊ុនណាអ្នកនឹងក្លាយជាម្ចាស់ភាគហើយទទួលបានចំណូលពីភាគលាភដើម្បីបង្កើតជាប្រភពចំណូលរយៈពេលវែង។

 

. វិនិយោគលើអចលនទ្រព្យ

ប្រទេសកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះវិស័យសំណង់នឹងកាន់តែរីកដុះដាលដូចផ្សិត។ អ៊ីចឹងវិស័យអចលនទ្រព្យគឺធំធេងណាស់ក្នុងការកសាងភាពមានបាន។ បើអ្នករកចំណូលបានច្រើនចេះចាត់ចែងលុយសម្រាប់វិនិយោគលើអចលនទ្រព្យតាមរយៈការកែច្នៃអលនទ្រព្យទាំងនោះបង្កើតជាប្រាក់ចំណូលប្រចាំខែនោះទោះជាអ្នកបាត់បង់ចំណូលឬអសមត្ថភាពរកចំណូលក៏នៅតែមានលុយហូរចូលដែរ។ ឧទាហរណ៍អ្នកវិនិយោគទិញដីហើយកែច្នៃធ្វើឃ្លាំងដាក់ជួលបានចំណូលពីការជួល១ពាន់ដុល្លារនោះក្នុងមួយខែអ្នកអាចរកចំណូលបាន១ពាន់ដុល្លារពីការជួលដោយមិនចាំបាច់ចំណាយកម្លាំងនិងពេលវេលានោះទេ។ មានប្រភេទអចលនទ្រព្យជាច្រើនដែលអ្នកអាចវិនិយោគដើម្បីកសាងប្រភពចំណូលអកម្ម( passive income) មានដូចជាផ្ទះជួល អគារពាណិជ្ជកម្ម និងខុនដូជាដើម។

 

. វិនិយោគលើផ្សារហ៊ុន

បងប្អូនខ្លះធ្លាប់មើលរឿងហុងកុងឬរឿនចិនឃើញគេនិយាយពីការលេងភាគហ៊ុនប៉ុន្ដែមានពលរដ្ឋខ្មែរជាច្រើនមិនទាន់ដឹងទេថាប្រទេសកម្ពុជាយើងក៏មានផ្សារភាគហ៊ុនដែរ។ ផ្សារហ៊ុនកម្ពុជាមានឈ្មោះថាផ្សារមូលបត្រកម្ពុជា ដែលអនុញ្ញាតឲ្យសាធារជនទូទៅអាចទិញភាគហ៊ុនក្រុមហ៊ុនធំៗក្នុងស្រុកដែលបានចុះបញ្ជីលក់ភាគហ៊ុននៅលើផ្សារហ៊ុន មានដូចជា ធនាគារ អេស៊ីលីដា កំពង់ផែស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុនិងរដ្ឋករទឹកស្វយ័តក្រុងភំពេញនិងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។

 

ជាក់ស្ដែងធនាគារ អេស៊ីលីដាគឺជាធនាគារដែលចុះបញ្ជីលក់ភាគហ៊ុននៅលើផ្សារហ៊ុន ដូច្នេះប្រជាពលរដ្ឋខ្មែរទូទៅសុទ្ធតែអាចក្លាយជាម្ចាស់ភាគហ៊ុនធនាគារ អេស៊ីលីដា តាមរយៈការទិញភាគហ៊ុន អេស៊ីលីដាលើផ្សារហ៊ុនខ្មែរ។ ឧទាហរណ៍ បើអ្នកដាក់ផែនការទិញហ៊ុនអេស៊ីលីដាសន្សំហើយបានចំណូលភាគលាភប្រចាំ២,៥០០ដុល្លារនោះបើយកមកចែកនឹង១២ខែមានន័យថាក្នុងមួយខែអ្នកបានចំណូលពីភាគលាភជាង២០០ដុល្លារដោយមិនចាំបាច់ធ្វើអ្វីសោះ។

 

ជាពិសេសបើអ្នកដាក់ផែនការវិនិយោគរយៈពេលវែងអ្នកនឹងមានភាគហ៊ុនច្រើនហើយចំណូលពីភាគលាភក៏បានច្រើនទៅតាមហ្នឹងដែលអាចធ្វើឲ្យអ្នកមានសេរីភាពហិរញ្ញវត្ថុពោលគឺទោះជាមិនធ្វើការក៏នៅតែមានចំណូលតាមរយៈភាគលាភពីការវិនិយោគហ៊ុនរបស់អ្នក។

 

ទាក់ទងនឹងការវិនិយោគភាគហ៊ុននេះដែរ ខ្ញុំក៏មានFacebook page ឈ្មោះ Toeuy Hong-ទឿយ ហុងដែលខ្ញុំតែងតែចែករំលែកទាក់ទងនឹងការវិនិយោគភាគហ៊ុនហើយក៏មានវគ្គបង្រៀនវិនិយោគលើផ្សារហ៊ុនផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia