ស្ថានភាពអាកាសធាតុនៅប្រទេសឡាវ កំពុងចុះត្រជាក់ជាច្រើនតំបន់ចាប់តាំងពីថ្ងៃទី៨ ដល់ ១៥ ខែមករា ដោយតំបន់ខ្លះត្រូវបានគេរំពឹងថានឹងមានសីតុណ្ហភាពចុះទាបរហូតដល់ ១អង្សាសេ។
នាយកដ្ឋានឧតុនិយម និងជលសាស្ត្រ នៃក្រសួងធនធានធម្មជាតិនិងបរិស្ថាន បានបញ្ជាក់ថាឥទ្ធិពលអាកាសធាតុដែលនាំឱ្យមានធ្លាក់ខ្យល់ត្រជាក់គឺបានសាយភាយចេញពីប្រទេសចិន មកលើប្រទេសឡាវ ជាហេតុធ្វើឱ្យសីតុណ្ហភាពធ្លាក់ចុះជាមធ្យមពី ២ ទៅ ៤អង្សាសេ។ នេះបើយោងតាមសារព័ត៌មាន Xinhua បានចុះផ្សាយថ្មីៗនេះ។
ក្នុងនោះតំបន់ភ្នំ និងតំបន់ខ្ពង់រាបត្រូវបានព្យាករណ៍ថា នឹងមានសីតុណ្ហភាពទាបបំផុត ចាប់ពី ១ ដល់ ៥ អង្សាសេឯណោះ ខណៈតំបន់ភ្នំភាគខាងជើងនៃទីក្រុង Lao Cai កាលពីព្រឹកថ្ងៃទី ១១ ខែមករា ក៏បានគ្របដណ្តប់ដោយព្រិល ដែលបានធ្លាក់មក មានកម្រាស់ ១៥ សង់ទីម៉ែត្រផងដែរ។
ប្រភពដដែលបានឱ្យដឹងថានាយកដ្ឋានបានព្យាករថា សីតុណ្ហភាពអប្បបរមានឹងមានពី ២ ទៅ ៦ អង្សាសេនៅភាគខាងជើង។ ចំណែកខេត្តភាគកណ្តាលនឹងមានសីតុណ្ហភាពក្នុងរង្វង់ពី៦ទៅ១០អង្សាសេ។ ដោយឡែកខេត្តភាគខាងត្បូង នឹងមានសីតុណ្ហភាពទាបចាប់ពី ១៣ ទៅ ១៥ អង្សាសេ។
យ៉ាងណាមិញមន្រ្តីជំនាញរបស់ឡាវក៏បានអំពាវនាវឱ្យពលរដ្ឋគ្រប់រូបត្រូវ តាមដានការព្យាករណ៍អាកាសធាតុ និងត្រៀមខ្លួនសម្រាប់សីតុណ្ហភាពត្រជាក់ខ្លាំងនេះ ជាពិសេសនៅភាគខាងជើងនៃប្រទេស៕