មហាសេដ្ឋី Mark Zuckerberg ត្រៀមកាត់បុគ្គលិកជាង៣ពាន់នាក់ ដែលធ្វើការខ្សោយ
Ping Chou EngJANUARY 15 2025204 views

មេធំរបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg បានបញ្ជាក់ថា Facebook, Instagram និង WhatsApp កំពុងរៀបចំកាត់បន្ថយប្រហែល៥% នៃកម្លាំងពលកម្មទូទាំងពិភពលោក ដែលស្មើនឹងបុគ្គលិកជាង៣ពាន់នាក់ ខណៈក្រុមហ៊ុននឹងសម្លឹងមើលបញ្ឈប់អ្នកធ្វើការខ្សោយ។  

 

ក្នុងនោះបណ្តាញក្រុមហ៊ុនរបស់ Meta ដែលមានបុគ្គលិកប្រហែល ៧ម៉ឺន២ពាន់នាក់ នៅទូទាំងពិភពលោក គឺគេមិនទាន់ដឹងអំពីកាលបរិចេ្ឆទនិងរបៀបដែលមេធំរូបនេះគ្រោងកាត់បន្ថយនោះទេ។ ប៉ុន្តែសម្រាប់បុគ្គលិកនៅអាមេរិកនឹងទទួលដំណឹង នៅត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ថានរណាត្រូវទៅ នរណាត្រូវនៅ។

 

យោងតាមសារព័ត៌មាន BBC ចុះផ្សាយថ្ងៃទី១៥ ខែមករាឆ្នាំ២០២៥នេះ លោក Mark Zuckerberg  បាននិយាយថា៖ “២០២៥នេះគឺជាឆ្នាំដ៏ខ្លាំងក្លាមួយ ហើយខ្ញុំចង់ធ្វើឱ្យប្រាកដថា យើងមានមនុស្សល្អបំផុតនៅក្នុងក្រុមហ៊ុន ដូច្នេះខ្ញុំបានសម្រេចចិត្តបង្កើនលើការគ្រប់គ្រងនិងផ្លាស់ប្តូរអ្នកធ្វើការខ្សោយៗឱ្យមានល្បឿនជាងមុន”។

 

យ៉ាងណាមិញការកាត់បន្ថយការងារ ដោយផ្អែកលើការអនុវត្តនិងល្បឿនការងារ គឺជារឿងធម្មតានៅក្នុងក្រុមហ៊ុនអាមេរិក។ ក្នុងនោះMark Zuckerberg បាននិយាយថាមនុស្សប្រហែល ៣៦០០នាក់អាចរងផលប៉ះពាល់ពីការផ្លាស់ប្តូរនេះ ប៉ុន្តែបុគ្គលិក​នឹង​ទទួល​បានការ​បញ្ឈប់ការងារដោយភាពសប្បុរស។

 

សូមជម្រាបថាការកាត់បុគ្គលិកដ៏ធំបំផុតរបស់ Meta គឺធ្វើឡើងកាលពីឆ្នាំ២០២៣ ដោយកាលណោះ មានតំណែងប្រហែល១ម៉ឺនត្រូវបានផាត់ចោល ហើយបន្ទាប់ពីព្រឹត្តិការណ៍នោះលោក Mark Zuckerberg បានប្រកាសថាវាគឺជាឆ្នាំដ៏មានប្រសិទ្ធភាពនៃក្រុមហ៊ុន៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia