ក្រុមហ៊ុននាំចេញអង្ករក្នុងស្រុកមួយឈ្មោះ Amru Rice Cambodia បានប្រកាសទិញស្រូវប្រភេទOMដែលកំពុងចាល់ទីផ្សារ ដល់ស្រែកសិករ ក្នុងរង្វង់តម្លៃ៨៨០រៀលក្នុង១គីឡូក្រាម ដើម្បីសង្ងួតនិងស្តុកទុកខ្ទង់១២០០០តោន។ នេះបើយោងតាមការចុះផ្សាយពីក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែមករានេះ។
លោកស្រី ឃី មុន្នី អគ្គនាយិការងក្រុមហ៊ុន Amru Rice Cambodia បានបញ្ជាក់ឱ្យដឹងថា ការប្រមូលទិញស្រូវពីប្រជាកសិករដល់ទីតាំងស្រែ គឺធ្វើឡើងទៅតាមទុន ទីតាំង សមត្ថភាពឡនិងឃ្លាំង ដើម្បីសំងួត ស្តុកទុកនិងរង់ចាំមើលទីផ្សារ សម្រាប់បញ្ចេញទៅតាមក្រោយ។
យ៉ាងណាមិញសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នរោងម៉ាស៊ីនកិនស្រូវដែលជាសមាជិករបស់សហព័ន្ធ កំពុងដើរទិញស្រូវប្រភេទOM នៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ឆ្នាំង បាត់ដំបង ពោធិសាត់ តាកែវ និងព្រៃវែង ដោយប្រមូលទិញស្រូវសើមក្នុង១គីឡូក្រាមចន្លោះពី៧៦០ដល់៨៣០រៀល។
សូមបញ្ជាក់ថាស្រូវប្រាំងប្រភេទOM នៅឆ្នាំនេះបានជួបវិបត្តិទីផ្សារ ដោយសារឈ្មួញវៀតណាមឈប់ឡើងមកទិញ ធ្វើឱ្យតម្លៃស្រូវធ្លាក់ចុះ។
បើតាមលោកស្រី ឃី មុន្នី បានរំលឹកឱ្យដឹងថា ស្រូវប្រភេទ OM ដែលពូជនាំចូលពីប្រទេសវៀតណាមនេះ ធ្វើបាន១ឆ្នាំ២ដង ដោយផ្តល់ទិន្នផលខ្ពស់ និងមានទីផ្សារខ្ពស់កាលពីឆ្នាំ២០២៣និង២០២៤។
ស្របពេលដែលរដ្ឋាភិបាលឥណ្ឌាដែលមានចំណែក៣០ភាគរយនៃទីផ្សារអង្ករអន្តរជាតិ បានបិទការនាំចេញអង្ករធ្វើឱ្យប្រទេសវៀតណាមមានឱកាសបានឡើងមកទិញពីកម្ពុជាដើម្បីយកទៅលក់បន្ត បំពេញទីផ្សារជំនួសឥណ្ឌា។ ប៉ុន្តែនៅឆ្នាំ២០២៥នេះ ស្រាប់តែរដ្ឋាភិបាលឥណ្ឌាបានបើកចំហឱ្យមានការនាំចេញអង្ករវិញ ធ្វើអោយវៀតណាមក៏ឈប់ឡើងមកទិញពីខ្មែរដែរ៕