លះបង់ការងារនៅអគារខ្ពស់ៗ! កញ្ញាម្នាក់នេះ ងាកមកធ្វើការងារសង្គម រហូតបើកបានអាជីវកម្មតូច១អាចជួយក្មេងស្រីរាប់សិបនាក់
Ping Chou EngMARCH 23 202525 views

ជាស្រ្តីមួយរូបដែលស្រឡាញ់ជីវិតបែបសាមញ្ញ កញ្ញា ហុក សុវណ្ណវត្តី ស្ថាបនិកសិប្បកម្មដេរ ខោរដូវ ជួយបរិស្ថាននិងសុខភាពស្រ្តី Green Lady Cambodia  ហ៊ានលះបង់ការងារនៅអគារខ្ពស់ៗ ដែលជាបុគ្គលិកប្រាក់ខែគួរសមម្នាក់នៅផ្នែកហិរញ្ញាវត្ថុ មកធ្វើការងារសង្គម ដើម្បីអាចជួយក្មេងៗនៅតាមជនបទជាច្រើននាក់។

 

កញ្ញា ហុក សុវណ្ណវត្តី បានថ្លែងប្រាប់ Business Cambodia ថាដំបូងឡើយកញ្ញាគឺជាបុគ្គលិកម្នាក់ធ្វើការងារនៅអគារខ្ពស់ៗជាច្រើន ក្នុងរាជធានីភ្នំពេញ ប៉ុន្តែកញ្ញាមិនបានរកឃើញថាខ្លួនឯងពេញចិត្តនឹងជីវិតបែបទីក្រុងនោះទេ។

 

នៅពេលមួយតាមរយៈអ្នកស្គាល់គ្នានិងអង្គការក្រៅរដ្ឋាភិបាលមួយ កញ្ញាក៏បានសាកល្បងចួលរួមកិច្ចការសង្គម ដើរតាមជនបទឡើងភ្នំជាដើមតូយ៉ាងដូចជាខេត្តសៀមរាបនោះ ដើម្បីអប់រំមនុស្សក្នុងសហគមន៍អំពីបញ្ហាសុខភាពនិងជីវភាពរស់នៅ។

 

ស្ថិតក្នុងវ័យ២៨ឆ្នាំ​ វត្តី ពិតជាបានរកឃើញថាខ្លួនឯងពេញចិត្តនឹងជីវិតជាមួយកុមារតាមជនបទនិងចង់ក្លាយជាចំណែកមួយជួយឱ្យពួកគេមានឱកាសច្រើនដូចជាក្មេងទីក្រុងដែរ។

 

ហេតុផលនេះក៏បានធ្វើ​ឱ្យកញ្ញាសម្រេចចិត្តលាឈប់ពីការងារនិងដើរតាមសហគមន៍ ហើយសិប្បកម្មដេរខោរដូវពីក្រណាត់ បោកប្រើឡើងវិញបានជំនួសសំឡីអនាម័យរបស់ស្រ្តីក៏បានកើតឡើង ក្រោយពេលឃើញក្មេងស្រីៗនៅតាមជនបទខ្វះខាត ប្រដាប់ប្រដាអនាម័យស្រ្តី។​

 

ខណៈនោះអង្គការក្រៅរដ្ឋាភិបាលដែលកញ្ញារួមការងារជាមួយ បានឱ្យកញ្ញាធ្វើខោរដូវនេះឡើងជាច្រើនសម្រាប់ក្មេងស្រី។ ដោយរៀនចេះពីអនឡាញនិងស្រាវជ្រាវពីបរទេសផង កញ្ញាក៏បានធ្វើខោរដូវនេះបាន ព្រមទាំងបានជួយបង្រៀនស្រ្តីនៅក្នុងសហគមន៍មួយនាខេត្តសៀមរាប ឱ្យអាចរកចំណូលបានពីការដេរខោរដូវនេះជូនដល់អង្គការ និងសម្រាប់កញ្ញាលក់លើអនឡាញផងដែរ។

 

ទន្ទឹមនឹងនេះអាជីវកម្ម ខោក្រណាត់រដូវជូយសន្សំសំចៃថវិកា ជំនួសសំឡីអនាម័យផ្លាស្ទិច Green Lady Cambodia ត្រូវបានអ្នកស្រឡាញ់សុខភាពនិងបរិស្ថានជាច្រើននាក់ចាប់អារម្មណ៍ទិញយកទៅប្រើប្រាស់ជាហូរហែ។ 

 

ដូច្នេះសម្រាប់អ្នកចាប់អារម្មណ៍ចង់ស្វែងរកទិញខោក្រណាត់ មិនជ្រាប ជួយសន្សំសំចៃ ជំនួសសំឡីអនាម័យបាន សូមទាក់ទងទៅកាន់ផេក Green Lady Cambodia  ឬស្វែងរកព័ត៌មានបន្ថែមលើវេបសាយ greenladycambodia.com

 

 

អត្ថបទដោយ៖​ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia