លែងស្ទះ! មហាវិថីថ្មី១ទៀត នឹងលេចរូបរាងនៅភ្នំពេញ ខណៈបច្ចុប្បន្នការសាងសង់ជិតបញ្ចប់ ១០០ ភាគរយ
Bunthoeun KoemMARCH 25 20256.2 K views

មហាវិថី “ឈុន គង់“ ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប អ៊ឹង ស៊ីធី (ING City) ប៉ែកខាងត្បូងរាជធានីភ្នំពេញ ត្រៀមនឹងលេចរូបរាងក្នុងពេលឆាប់ៗ ខណៈបច្ចុប្បន្នការសាងសង់កំពុងដំណើរការយ៉ាងស្រស្រាក់ស្រស្រាំ។ ជាក់ស្ដែងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន អាយអិនជី ហូលឌីង បានចាប់ផ្ដើមលើកធ្នឹមស្ពានបេតុងអាម៉េរទី២នៃគម្រោងផងដែរ។

 

Photo 2025 03 25 15 09 55

 

តាមការបញ្ជាក់ពីក្រុមហ៊ុនបានឲ្យដឹងថា កាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ កំណាត់មហាវិថី ឈុន គង់ ប៉ែកខាងលិច បានបញ្ចប់ការសាងសង់ស្ទើរ១០០% ក្នុងនោះរួមមាន ការអ៊ុតបេតុងកៅស៊ូACប្រវែង២.០០០ម៉ែត្រ គូសគំនូសចរាចរណ៍ ការតម្លើងអំពូលភ្លើងបំភ្លឺផ្លូវ និងការសាងសង់ស្ពានបេតុងអាម៉េរទី១ និងបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈដំណាក់ការទី១។ រីឯកំណាត់មហាវិថី ឈុន គង់ ប៉ែកខាងកើត ក្រុមហ៊ុន អាយអិនជី ហូលឌីង បាននិងកំពុងបន្តការសាងសង់ស្ពានបេតុងអាម៉េរទី២ ដើម្បីតភ្ជាប់កំណាត់ប៉ែកខាងកើត និងឈានទៅដំណាក់កាលចុងក្រោយនៃការសាងសង់ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅក្នុងខែមិថុនា ឆ្នាំ២០២៥។

 

សូមបញ្ជាក់ថា នៅលើមហាវិថី ឈុន គង់ នឹងត្រូវសាងសង់ស្ពានបេតុងអាម៉េរឆ្លងកាត់ចំនួន ០២កន្លែង ដែលមានបណ្ដោយប្រវែង៤០ម៉ែត្រ ទទឹង២០,៨៦ម៉ែត្រ ដោយស្ពានទី១ (នាប៉ែកខាងលិច) ឆ្លងកាត់ប្រឡាយរលួស ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជើងឯក ខណ្ឌដង្កោ និងស្ពានទី២ (នាប៉ែកខាងកើត) ឆ្លងកាត់ប្រឡាយស្ទឹងជ្រៅ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

 

មហាវិថី ឈុន គង់ ដ៏សំខាន់នេះ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានស្ថាបនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ។ មហាវិថី ឈុន គង់ នេះគឺជាផ្លូវមេទី៣ នៅក្នុងចំណោមបណ្តាញផ្លូវសរុបចំនួន ៦១ខ្សែ ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City ដែលទទួលសិទ្ធិអភិវឌ្ឍន៍ដោយក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយគឺ ក្រុមហ៊ុន អាយអិនជី ហូលឌីង របស់ឯកឧត្តមអ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ។ ផ្លូវមេចំនួន២ខ្សែទៀត រួមមាន ផ្លូវមេទី១ គឺមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវមេទី២ គឺមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង។

 

មហាវិថី ឈុន គង់ ជាមហាវិថីមួយខ្សែស្ថិតនៅចំកណ្ដាលទទឹងនៃតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City តភ្ជាប់ពីផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ឆ្ពោះទៅកាន់ផ្លូវជើងឯក(ផ្លូវលេខ២១៧) មានប្រវែង ៤.០០០ម៉ែត្រ គិតត្រឹមព្រំប្រទល់នៃតំបន់អភិវឌ្ឍន៍ និងមានលំហផ្លូវប្រវែង៥០ម៉ែត្រ ក្នុងនោះទំហំ២០ម៉ែត្រជាតួផ្លូវសម្រាប់យានជំនិះ និងចិញ្ចើមផ្លូវទំហំ ១៥ម៉ែត្រសងខាង។ មហាវិថីមួយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ជួយដោះស្រាយភាពកកស្ទះចរាចរណ៍ សម្រួលដល់ការដឹកជញ្ជូនទំនិញ ពិសេសជួយឱ្យប្រជាពលរដ្ឋចំណេញទាំងពេលវេលា និងថវិកាជាច្រើន។ល។

 

Photo 2025 03 25 15 09 55 (2)

 

យោងតាមប្រសាសន៍ លោក អ៊ឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង តាមគម្រោងការស្ថាបនាមហាវិថី ឈុន គង់ នឹងត្រូវចំណាយថវិកាសរុបជិត ២២លានដុល្លារអាមេរិក និងបានប្រើប្រាស់ដីសរុបប្រមាណ ២០ហិកតា ដោយក្នុងនោះបានប្រើប្រាស់ដីកម្មសិទ្ធិរបស់ក្រុមហ៊ុន អាយអិនជី ហូលឌីង ទំហំសរុបប្រមាណ ១៥ហិកតា៕

 

Photo 2025 03 25 15 09 36

Photo 2025 03 25 15 09 55

356827915 235717909260718 29125

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia