ដាយ អុិឈិ ឡាយហ្វ៍ និង មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ចាប់ដៃគូជំរុញលើកកម្ពស់ប្រជាជនកម្ពុជាតាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ
Daneth MechMARCH 25 2025

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកការបង្កើនកិច្ចសហការរវាងក្រុមហ៊ុនជប៉ុននៅកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ភាពជាដៃគូនេះមានគោលបំណងជំរុញដល់យុវជន និងអាជីវកម្ម ឱ្យមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំនាញវិជ្ជាជីវៈចាំបាច់សម្រាប់ភាពជោគជ័យរយៈពេលវែង។

 

Photo 2025 03 25 15 48 53

កិច្ចសហការនេះពឹងផ្អែកលើបទពិសោធន៍ជាង២០ឆ្នាំរបស់ CJCC ក្នុងការផ្លាស់ប្តូរវប្បធម៌ និងគាំទ្រដល់វិស័យអប់រំ រួមជាមួយនឹងបទពិសោធន៍ជាង១២២ឆ្នាំរបស់ ដាយ អុិឈិ ឡាយហ្វ៍ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ប្រទេសជប៉ុន។​ ដាយ អុិឈិ ឡាយហ្វ៍ ប្តេជ្ញាចិត្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ CJCC តាមរយៈ៖

  • កម្មវិធីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ដោយគាំទ្រយុវជន និងអាជីវកម្មឱ្យយល់ដឹងពីការការពារហិរញ្ញវត្ថុ និងធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវពាក់ព័ន្ធនឹងហិរញ្ញវត្ថុ។
  • ការបណ្តុះបណ្តាលជំនាញអាជីវកម្មស្របតាមស្តង់ដារជប៉ុន ដោយផ្តល់ការបណ្តុះបណ្តាលឯកទេសដល់សហគ្រាសធុនតូច និងមធ្យម (SMEs) សម្រាប់កំណើនអាជីវកម្មប្រកបដោយចីរភាព។
  • កម្មវិធីផ្លាស់ប្តូរវប្បធម៌ ដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន តាមរយៈការអប់រំភាសាជប៉ុន ជំនាញធុរកិច្ច និងកម្មវិធីផ្លាស់ប្តូរវប្បធម៌ជាច្រើនប្រចាំឆ្នាំ។
  •  

    Photo 2025 03 25 15 48 54

     

    លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ថា «ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងនាមជាស្ថាប័នជប៉ុនចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ដោយការជំរុញកម្លាំងពលកម្មដែលមានជំនាញ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុច្បាស់លាស់។ យើងមានមោទនភាពគាំទ្រកម្មវិធីអប់រំផ្សេងៗរបស់ CJCC និងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ តាមរយៈកម្មវិធីវប្បធម៌ជាច្រើន ដែលនឹងពង្រឹងទំនាក់ទំនងរវាងកម្ពុជា-​ជប៉ុន និងត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការ និងភាពរីកចម្រើនរយៈពេលវែង។»

     

    Photo 2025 03 25 15 48 55

     

    លោកបណ្ឌិត ឃឹម លាង នាយក នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានបន្ថែមថា «យើងរំភើបរីករាយក្នុងការពង្រីកការផ្សព្វផ្សាយអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលគាំទ្រដោយ ដាយ អុិឈិ ឡាយហ្វ៍។ គោលដៅមួយរបស់យើងគឺដើម្បីផ្តល់ឱ្យយុវជន និងអាជីវកម្មនូវចំណេះដឹងហិរញ្ញវត្ថុដែលពួកគេត្រូវការ ដើម្បីកសាងអនាគតហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព។ តាមរយៈការច្របាច់បញ្ចូលគ្នានូវបទពិសោធន៍របស់ CJCC ពាក់ព័ន្ធនឹងការអប់រំ ជាមួយនឹងជំនាញផ្នែកហិរញ្ញវត្ថុរបស់ ដាយ អុិឈិ ឡាយហ្វ៍ យើងអាចបង្កើតការផ្លាស់ប្តូរកាន់តែប្រសើរសម្រាប់សហគមន៍នៅកម្ពុជា និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។»

    អំពី មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)

    រយៈពេលជាង២០ឆ្នាំមកហើយ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន។ CJCC ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ហើយត្រូវបានបង្កើតឡើង ដើម្បីជំរុញយុវជន និងអាជីវកម្មនៅកម្ពុជាតាមរយៈការបណ្តុះបណ្តាលជំនាញសម្រាប់អាជីវកម្ម ជំនាញភាសាជប៉ុនសម្រាប់អាជីពការងារ និងកម្មវិធីផ្លាស់ប្តូរវប្បធម៌ដ៏រស់រវើក។ បេសកកម្មរបស់ CJCC គឺដើម្បីបង្កើនការយល់ដឹងវប្បធម៌កម្ពុជា-ជប៉ុន និងជំរុញភាពរីកចម្រើនប្រកបដោយចីរភាពនៅកម្ពុជា។

    អំពី ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា)

    ក្រុមហ៊ុន ដាយ អុិឈិ ឡាយ​ហ្វ៍ អុីន​សួ​រ៉ិ​ន​ស៍ (​ខេ​ម​បូ​ឌា​) ម​.​ក គឺជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ដែល​មានការ​រីក​លូតលាស់​លឿន​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ត្រឹមតែ​ជាង ៥​ឆ្នាំ​ប៉ុណ្ណោះ​ ហើយយើងទទួលបានពានរង្វាន់ «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា» រយៈពេល២ឆ្នាំជាប់គ្នាគឺឆ្នាំ២០២៣ និង២០២៤។ ដាយ អុិឈិ ឡាយ​ហ្វ៍ ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“DLHD”) ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​ក្នុង​ប្រទេស​ជប៉ុន​ដែលមានបទពិសោធន៍​ជាង ១២២ឆ្នាំ និង​បាន​ចុះបញ្ជី​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​តូ​ក្យូ​ស្តុក​អុិច​ឆេ​ង (Tokyo Stock Exchange)​ ។

    ចាប់តាំងពី​បង្កើត​ក្រុមហ៊ុន DLHD ក្នុង​ឆ្នាំ១៩០២មក ដាយ អុិឈិ ឡាយហ្វ៍ ​បាន​ប្តេជ្ញា​ចិត្ត​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​កសាង​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​គ្រប់​គ្នា។ ក្រុមហ៊ុនក៏បាន​នាំ​យក​ការ​ប្តេជ្ញា​ចិត្ត​ដូច​គ្នា​មកកាន់ប្រទេស​កម្ពុជា ដោយ​នាំ​មក​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែល​សម​ស្រប​តាម​តម្រូវការ​លោក​អ្នក​។ ដាយ អុិឈិ ឡាយ​ហ្វ៍ គឺជាដៃគូដែល​គាំទ្រ​ដល់​សុខមាលភាព​ហិរញ្ញវត្ថុ​របស់​លោក​អ្នក​ជា​និច្ច​។

    ​នៅ​ ដាយ អុិឈិ ឡាយ​ហ្វ៍ «​យើង​គិតគូរ យើង​ធ្វើ​អ្វី​ដែល​ត្រូវ ​យើង​ច្នៃប្រឌិត​ថ្មី​» គឺជាតម្លៃ​ស្នូល ដែល​ណែនាំ​គ្រប់ការ​សម្រេចចិត្ត​ទាំងអស់​របស់​ក្រុមហ៊ុន។

    *​ដាយ អុិឈិ ឡាយ​ហ្វ៍ ហូល​ឌី​ង អុី​ង មាន​គ្រឹះ​មូលធន​ដ៏​រឹង​មាំ ជាមួយនឹង​ទ្រព្យសម្បត្តិ​សរុប​ចំនួន ៤៤៥.០៨ ពាន់​លាន​ដុល្លារ និង​បុព្វលាភ​ធានា​រ៉ាប់រង​ជាង ៤៩.៧១​ពាន់​លាន​ដុល្លារ​។ (​គិត​ត្រឹម​ថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ ២០២៤)​ ៕

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia