ពិធីករល្បី Steve Harvey ថាគ្រប់បុរសអាចផ្លាស់ប្តូរបាន លុះត្រាតែជួបស្ត្រីល្អតែម្នាក់គត់
Kan DaraJULY 2 20231.5 K views

គេថា ស្នេហាជាថ្នាំកែចរិតមនុស្ស អាចកែពីអាក្រក់ទៅល្អ ឬពីល្អទៅអាក្រក់ អាស្រ័យលើមនុស្សដែលយើងជ្រើសរើសរួមរស់ជាមួយ ព្រោះតែឥទ្ធិពលនៃទង្វើ ពាក្យសម្តី ឬសកម្មភាពផ្សេងៗ និងពេលវេលាដែលបានចំណាយរួមគ្នា។ ប៉ុន្តែតើគ្រប់ដៃគូស្នេហ៍ សុទ្ធតែអាចផ្លាស់ប្តូរចិត្តគំនិតគ្នាបានពិតមែនឬយ៉ាងណា? ជាពិសេសតើស្រ្តី​ ពិតជាអាចកែប្រែបុរសដែលជាដៃគូបានឬទេ?

ឆ្លើយតបទៅនឹងសំណួរខាងលើ លោក Stephen Harvey ដែលជាតារាកំប្លែងជនជាតិអាមេរិក តារាសម្តែង អ្នកផលិតកម្មវិធីទូរទស្សន៍ និងជាអ្នកនិពន្ធមួយរូប បានលើកឡើងនៅក្នុងកម្មវិធី Steve talk show កាលពីពេលកន្លងទៅយ៉ាងដូច្នេះថា៖ «ខ្ញុំប្រាប់ស្ត្រីគ្រប់ពេល! មនុស្សប្រុសទាំងអស់អាចផ្លាស់ប្តូរបាន ប៉ុន្តែយើងមិនផ្លាស់ប្តូរសម្រាប់មនុស្សស្រីទាំងអស់ដែលយើងបានជួបទេ យើងផ្លាស់ប្តូរសម្រាប់តែស្ត្រីម្នាក់ប៉ុណ្ណោះ។ ត្រូវចាំណា៎ តែម្នាក់គត់! បើគាត់មិនផ្លាស់ប្តូរ នោះមានន័យថាអ្នកមិនមែនជាមនុស្សម្នាក់នោះទេ»។

យ៉ាងណាមិញ ប្រសិនបើពេលនេះអ្នកកំពុងស្ថិតនៅក្នុងទំនាក់ទំនងជីវិតគូ ចូលព្យាយាមប្រព្រឹត្តខ្លួនជាដៃគូដ៏ល្អ ផ្តល់តម្លៃ ស្វែងយល់ពីគ្នាទៅវិញទៅមក ទទួលស្គាល់ភាពពិតរបស់ដៃគូទាំងចំណុចល្អនិងមិនល្អ ជួយជ្រោមជ្រែងគ្នាទៅរកភាពរីកចម្រើន នោះអ្នកនឹងក្លាយទៅជាមនុស្សពិសេសបំផុតម្នាក់ក្នុងកែវភ្នែក និងបេះដូងដៃគូម្ខាងទៀត ព្រោះអ្នកជាចំណែកមួយយ៉ាងសំខាន់ធ្វើឲ្យជីវិតគាត់កាន់តែមានន័យ និងស្រស់បំព្រង។ នាពេលនោះហើយ ចង់ឬមិនចង់ អ្នកនឹងក្លាយជាមនុស្សម្នាក់ដែលលោក Stephen Harvey បានលើកឡើងខាងលើ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia