គម្រោងផ្លូវដែកថ្មីដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងបាវិត ខេត្ដស្វាយរៀងកំពុងស្ថិតនៅក្នុងផែនការសាងសង់របស់រដ្ឋ ខណៈគម្រោងនេះគ្រោងនឹងអភិវឌ្ឍន៍ត្រឹមឆ្នាំ២០៣០ ខាងមុខនេះផងដែរ។ នេះបើតាមការលើកឡើងពី ឯកឧត្ដម ប៉េង ពោធ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិធីចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌផ្លូវដែក (Framework Agreement-FA) រវាងក្រសួងជាមួយ នឹងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។
គម្រោងសាងសង់បណ្ដាញផ្លូវដែកថ្មីនេះ ធ្វើឡើងដើម្បីសម្រួលការដឹកជញ្ចូន ព្រោះតាមការព្យាករពីផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ បានឲ្យឃើញថា បរិមាណចរាចរណ៍អ្នកដំណើរ ដែលធ្វើដំណើរតាមផ្លូវដែក មានប្រមាណជា ១,៥លាននាក់ក្នុង១ឆ្នាំ រីឯ បរិមាណទំនិញមានប្រហែល ៨លានតោនក្នុង១ឆ្នាំ។
ក្នុងនោះដែរ បើយោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលចេញផ្សាយដោយរាជរដ្ឋាភិបាលកាលពីពេលកន្លងទៅបានឲ្យដឹងថា គម្រោងផ្លូវដែកថ្មីខាងលើនេះជាប្រភេទផ្លូវដែកល្បឿនលឿន។
តាមការបញ្ជាក់ ផ្លូវដែកថ្មីនេះគឺចាប់ផ្ដើមចេញពីភ្នំពេញបត់ទៅភាគអាគ្នេយ៍កាត់តាមកំពង់ផែស្វយ័តភ្នំពេញថ្មី បន្ដទៅភាគខាងកើតតាមបណ្ដោយផ្លូវជាតិលេខ១ ដោយឆ្លងកាត់តាមខេត្ដកណ្ដាល ព្រៃវែង និងស្វាយរៀង និងបញ្ចប់នៅមាត់ច្រកទ្រារព្រំដែនបាវិត (ព្រំដែនកម្ពុជា-វៀតណាម)។ ដោយគម្រោងផ្លូវដែកនេះមានប្រវែងសរុប ១៥០ គីឡូម៉ែត្រ ដែលផ្ដោតលើការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ។
បន្ទាប់ពីការសាងសង់រួចរាល់ ល្បឿនដឹកជញ្ជូនអ្នកដំណើរគឺ ១៦០ គីឡូម៉ែត្រក្នុង ១ ម៉ោង រីឯល្បឿនដឹកជញ្ជូនទំនិញនឹងលើសពី ៨០ គីឡូម៉ែត្រក្នុង ១ ម៉ោង។ តាមការប៉ាន់ស្មានគម្រោងនេះត្រូវការទុនវិនិយោគ ៨០០ លានដុល្លារ៕