បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងផែនការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងនោះគម្រោងសាងសង់ពង្រីកបន្ថែមដោយដាក់លូប្រអប់ ទំហំ ៤ម៉ែត្រ x ៣ ម៉ែត្រ សងខាងលូប្រអប់ចាស់ ឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវលេខ៥៩៨ និងប្រឡាយអូរវែង ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
យោងតាមសេចក្ដីជូនដំណឹងនៅថ្ងៃទី១២ ខែកុម្ភៈ បានឲ្យដឹងថា ដើម្បីដំណើរការគម្រោងនេះបាន រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទផ្លូវចំណុចខាងលើជាបណ្តោះអាសន្ន ដោយបិទម្ខាង និងបើកម្ខាង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៨៖០០ នាទីព្រឹក រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៧៖០០ នាទីល្ងាច ពោលគឺមានរយៈពេល ៤ ខែ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើដល់សាធារណជនទាំងអស់ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវខាងលើ យោគយល់អធ្យាស្រ័យចំពោះការរំខានដល់ការធ្វើចរាចរណ៍ឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើង និងមេត្តាពង្វាងចរាចរណ៍រចេញពីទីតាំងខាងលើ ទៅតាមផែនទីពង្វាងចរាចរណ៍ ដែលបានជូនភ្ជាប់មកជាមួយ ដើម្បីសម្រួលឱ្យការអនុវត្តគម្រោងសម្រេចបានតាមផែនការកំណត់៕