ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣ រាជធានីភ្នំពេញ ក្រុមហ៊ុន Prestige Consulting និង សហគ្រិនខ្មែរ Khmer Enterprise មានមោទនភាពប្រកាសសម្ភោធដាក់អោយប្រើប្រាស់កម្មវិធីពន្លឿនអាជីវកម្មថ្មីមួយដែលមានឈ្មោះថា SprintX។
SprintX គឺជាកម្មវិធីពន្លឿនអាជីវកម្មដែលផ្តោតលើការផ្តល់ការប្រឹក្សាលើការវិនិយោគដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមលើកផ្នែកបច្ចេកវិទ្យា និងការបំប៉នបន្ថែមដើម្បីអោយធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមផ្នែកបច្ចេកវិទ្យាត្រៀមខ្លួនរួចរាល់សម្រាប់ទទួលបាននូវការវិនិយោគដ៍មានប្រសិទ្ធិភាពខ្ពស់។ កម្មវិធីនេះត្រូវបានអភិវឌ្ឍន៍ និងរៀបចំឡើងដោយក្រុមហ៊ុន Prestige Consulting ដើម្បីផ្តល់ការបណ្តុះបណ្តាល និងការណែនាំសំខាន់ៗលើប្រធានបទដូចជា ការធ្វើពាណិជ្ជកម្មសម្រាប់ផលិតផលនិងសេវាកម្ម ការវិភាគទីផ្សារ យុទ្ធសាស្រ្តអភិវឌ្ឍន៍អាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ និងការវិនិយោគប្រកបដោយភាពវៃឆ្លាត។
សម្រាប់អ្នកចូលរួមរបស់កម្មវិធីធុរកិច្ចថ្មី SprintX ដែលឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអាចទទួលបានការប្រឹក្សាយោបល់ស្តីពីការវិនិយោគពី ក្រុមហ៊ុន Prestige Consulting ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ និងជាអ្នកអនុវត្តកម្មវិធី SprintX។ ការប្រឹក្សាយោបល់នេះរួមបញ្ចូល ការណែនាំអំពីការរៀបចំឯកសារហិរញ្ញវត្ថុ និងឯកសារផ្សេងទៀតសម្រាប់ផ្តល់ដល់អ្នកវិនិយោគ ដំណើរការសវនកម្មអាជីវកម្ម ការចរចារលក្ខខណ្ឌវិនិយោគ និងឱកាសទំនាក់ទំនងជាមួយអ្នកវិនិយោគទាំងក្នុងស្រុក និងអន្តរជាតិ។ ការជួយគាំទ្រនេះគឺ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដ៏ធំបំផុតក្នុងចំណោមធុរកិច្ចថ្មី និងសហគ្រិនជាច្រើនគឺបញ្ហាកង្វះលទ្ធភាពទទួលបានហិរញ្ញវត្ថុ។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា "កម្មវិធីពន្លឿនអាជីវកម្ម SprintX គឺជាកម្មវិធីបែបថ្មីមួយនៅក្នុងប្រទេសកម្ពុជា ដែលច្របាច់បញ្ចូលគ្នានូវការពន្លឿនអាជីវកម្មនិងការជំរុញលទ្ធភាពវិនិយោគ ដែលផ្តល់ឱកាសដល់ធុរកិច្ចថ្មីទទួលបានហិរញ្ញវត្ថុពីវិនិយោគិនឯកជន ឬពីស្ថាប័នវិនិយោគនានា"។ យើងសង្ឈឹមថា ធុរកិច្ចថ្មីដែលចួលរួមនឹងទទួលបានការចាប់អារម្មណ៍ពីវិនិយោគ និងឈានទៅដល់ចំនុចខ្ពស់បន្ទាប់តាមរយៈកម្មវិធីនេះ។
លោកស្រី ស៊ូ ហ្សូលីដា អគ្គនាយិកាគ្រប់គ្រងក្រុមហ៊ុន Prestige Consulting បានមានប្រសាសន៍ថា "សេវាកម្មប្រឹក្សាការវិនិយោគរបស់យើងសម្រាប់ធុរកិច្ចថ្មីក្នុងកម្មវិធី SprintX ឆ្លុះបញ្ចាំងពីបេសកកម្មដ៏ធំ របស់យើងក្នុងការផ្សារភ្ជាប់គម្លាតនៃតម្រូវការវិនិយោគពីសហគ្រិននិងការផ្តល់វិនិយោគពីវិនិយោគិននានានៅក្នុងប្រទេសកម្ពុជា" ។
លោកស្រី ធាម រមណីយ នាយិកាទំនាក់ទំនងគូភាគី និងជាប្រធានគ្រប់គ្រងថ្នាក់តំបន់នៃធនាគារ ABA បានមានប្រសាសន៍ថា “យើងខ្ញុំមានសេចក្តីសោមនស្សក្រៃលែងដែលបានជួយគាំទ្រកម្មវិធី SprintX នេះ ព្រោះការគាំទ្រនេះស្របនៅនឹងការប្តេជ្ញាចិត្តរបស់ធនាគារយើង ក្នុងការជំរុញនវានុវត្តន៍ និងការរីកចម្រើន នៅក្នុងសហគមន៍ធុរកិច្ចថ្មីរបស់កម្ពុជា។ តាមរយៈការឧបត្ថម្ភនេះ ធនាគារ ABA មានគោលបំណងពង្រឹងសមត្ថភាពដល់អាជីវកម្មដែលកំពុងរីកផុសឡើង ដោយមានការផ្ដល់ជូននូវធនធាននិងជំនួយនានាដែលពួកគាត់ត្រូវការចាំបាច់ ដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្ម នាយុគសម័យឌីជីថលនេះ”។
ក្រុមហ៊ុន Alibaba Cloud ដែលជាវេទិកាឌីជីថលឈានមុខគេសម្រាប់សេវាកម្ម Cloud Service ក៏បានផ្តល់ការឧបត្ថម្ភដល់ SprintX ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ធុរកិច្ចថ្មីនៅក្នុងប្រទេសកម្ពុជាក្នុងការចាប់យកនូវវិស័យបច្ចេកវិទ្យាថ្មីនេះ។
កម្មវិធីនេះចាប់ទទួលពាក្យពីធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា និងសហគ្រាសធុនតូចនិងមធ្យមដែលផ្អែកលើបច្ចេកវិទ្យា រហូតដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ១១:៥៩ យប់ តាមរយៈតំណភ្ជាប់ https://forms.gle/PiEvrs6CiQZYrnTe6 ។
សម្រាប់ការសាកសួរពីព័ត៌មានបន្ថែមអ្នកអាចទាក់ទងតាមរយៈ Telegram https://t.me/prestigeconsulting ឬផ្ញើអ៊ីមែលទៅកាន់ info@prestigealliance.co ។
Khmer Enterprise (KE) គឺជាស្ថាប័នអនុវត្តន៍នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) ដែលមានបំណងប្រមូលផ្តុំវិនិយោគ និងគ្រប់គ្រងធនធានដោយស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សហគ្រិនភាពប្រកបដោយភាពរស់រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់ស្ថាប័ននានាដែលគាំទ្រដល់សហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា។
Prestige Consulting គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ដែលមានឯកទេសផ្តល់សេវាផ្នែកអាជីវកម្ម (ការអភិវឌ្ឍន៍អាជីវកម្ម ការផ្តល់ប្រឹក្សាហិរញ្ញវត្ថុនិងការវិនិយោគ និងការធ្វើទីផ្សារឌីជីថល) ឯកទេសគ្រប់គ្រងនិងអនុវត្តន៍កម្មវិធី ឯកទេសបណ្តុះបណ្តាលនិងអភិវឌ្ឍន៍សមត្ថភាព និងឯកទេសអភិវឌ្ឍន៍បច្ចេកវិទ្យា។
ធនាគារ ABA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ជាធនាគារពាណិជ្ជកម្មធំជាងគេក្នុងប្រទេសកម្ពុជា ដោយផ្អែកលើទ្រព្យសម្បត្តិ ប្រាក់បញ្ញើ ប្រាក់កម្ចី និងប្រាក់ចំណេញសុទ្ធ។ ធនាគារ ABA ផ្តល់ជូននូវវិសាលភាពយ៉ាងធំទូលាយនៃសេវាកម្មទាំងមូលដល់អតិថិជនដែលគ្របដណ្តប់លើសហគ្រាសធុនតូច និងមធ្យម អាជីវកម្មខ្នាតតូច និងឯក្តតជន តាមរយៈសាខាចំនួន ៨៥ និងទូរម៉ាស៊ីន ATM ចំនួន ៨៤៩ ។
Alibaba Cloud ដែលបានចុះបញ្ជី និងមានទីស្នាក់ការធំនៅក្នុងប្រទេសសិង្ហបុរី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alibaba Group ដែលផ្តល់សេវាកម្ម Cloud Computing ដល់អាជីវកម្មអនឡាញនានា និងដល់ប្រព័ន្ធអេកូពាណិជ្ជកម្មអេឡិចត្រូនិក Alibaba ផ្ទាល់ខ្លួន។