ពេលនិយាយដល់រឿងនៅម្នាក់ឯង មនុស្សជាច្រើនប្រាកដជាគិតដល់អារម្មណ៍ឯកា អផ្សុកឬចង់មានដៃគូជាដើម ប៉ុន្តែចូរដឹងថាយើងគឺជាផលិតផលនៃការគិតរបស់យើង ផ្នត់គំនិតយើងបែបណា វាសនាយើងបែបនោះ ហើយការគិតនេះទៀតសោតគឺត្រូវការពេលវេលា និងផ្តើមចេញពីខ្លួនឯងច្រើនបំផុត។
ពាក់ព័ទ្ធនឹងមតិខាងលើ សហគ្រិនចាស់វស្សាមួយរូបគឺ លោក សោម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន Cam-Paint ថ្នាំពណ៌ជាតិ និងជាវាគ្មិន ដែលមានភាពល្បីល្បាញមួយរូប បានលើកឡើងថា “បើចង់មានគំនិតអស្ចារ្យ មានតែ១ខុសពីគេចូលចាយពេលនៅម្នាក់ឯងឱ្យបានច្រើន”។
នាយកប្រតិបត្តិវ័យកណ្តាលរូបនេះបាន បន្តយ៉ាងដូច្នេះថា “អ្វីក៏ដោយដែលអស្ចារ្យគឺមានតែ១ទេ ហើយគំនិតដែលអស្ចារ្យគឺទាល់តែយើងរកវាឃើញពេលដែលយើងនៅតែម្នាក់ឯង ប៉ុន្តែបើយើងរកឃើញនៅក្នុងចំណាមមនុស្សជាច្រើនវាមិនអស្ចារ្យនោះទេ ព្រោះវាជារបស់រួម” “និយាយនេះមិនមែនមានន័យថាគំនិតចេញពីក្រុមមិនល្អនោះទេ គ្រាន់តែវាមិនទាន់ប្លែកខ្លាំង ដោយសារគេក៏គិតឃើញយើងក៏គិតឃើញ ជាឧទាហរណ៍លោក Steve Jobs ស្ថាបនិក Apple ផលិតផលអស្ចារ្យ កើតចេញពីការសមាធិផ្តោតដើម្បីរកគំនិតថ្មី” នេះបើតាមការគូសបញ្ជាក់របស់លោក សោម សម្បត្តិ។
គួរជម្រាបម្តងទៀតថា លោក សោម សម្បត្តិ គឺជាសហគ្រិនឆ្អិនវស្សាដែលបានចាប់ផ្តើមក្រុមហ៊ុនខាំ ផែន Cam-Paint ឧស្សាហកម្មថ្នាំពណ៌ដែលឈានមុខនិងចាស់វស្សាជាងគេមួយនៅកម្ពុជាចាប់តាំងពីឆ្នាំ២០០៣ ប្រមាណជិត២០ឆ្នាំមកហើយនៅកម្ពុជា៕
អត្ថបទដោយ៖ ពីង ជូអេង