Sony គឺជាក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំមួយ និងមានឈ្មោះល្បីល្បាញខ្លាំងណាស់ ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៤៦ ដោយលោក Ibuka Masaru និងលោក Morita Akio នៅទីក្រុង តូក្យូ ប្រទេសជប៉ុន ក្រោយសង្គ្រាមលោកលើកទី២បានបញ្ចប់។ ចំណែកឯដើមទុនចាប់ផ្តើមដំបូងត្រឹមតែ ១៥០០ដុល្លារប៉ុណ្ណោះ និងបានប្រើប្រាស់នូវយុទ្ធសាស្ត្រសមុទ្រខៀវ១ យ៉ាងជោគជ័យ ធ្វើឲ្យក្រុមហ៊ុនអាចឈរនៅលើទីផ្សារអស់ពេលជិត១០០ឆ្នាំ និងកើនតម្លៃដល់រាប់ពាន់លានដុល្លារ។
ក្នុងនោះចំណុចដ៏ពិសេសដែលយើងអាចចាត់ចូលជាយុទ្ធសាស្ត្រសមុទ្រខៀវ ធ្វើឲ្យក្រុមហ៊ុន SONY អាចឈរជើងមកដល់ពេលនេះ គឺការច្នៃបង្កើតថ្មី ជាយុទ្ធសាស្ត្រគោល បង្កើតទីផ្សារមួយខុសដាច់ពីគេ។ SONY នៅតែបន្តធ្វើការសិក្សាស្រាវជ្រាវច្នៃបង្កើតនូវផលិតផលណាដែលមានអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ ថ្មីប្លែក និងមុនគេជាប់ជានិច្ច។
ផលិតផលដែលក្រុមហ៊ុនSONY បានច្នៃបង្កើត និងដាក់លក់នៅលើទីផ្សារមុនគេរួមមាន CDs, MiniDiscs, MP3 Player និងម៉ាស៊ីនថតរូបខ្នាតតូចដែលអាចចាប់រូបភាពបានច្បាស់ជាដើម។ ជាងនេះទៅទៀត ក្រុមហ៊ុននេះបានឈានជើងចូល Hollywood ជាលើកដំបូង នៅឆ្នាំ១៩៨៩ ដោយបានដាក់ឈ្មោះថា Sony Picture Entertainment។
គួរជម្រាបផងដែរថា បច្ចុប្បន្នក្រុមហ៊ុននេះមានអាយុកាលជាង ៧៦ឆ្នាំមកហើយ រីឯចំពោះសន្ទុះការគាំទ្រវិញគឺនៅតែខ្លាំងដដែល។ ពួកគេក៏បានបន្តផលិតឧបករណ៍ថ្មីៗដែលរួមមានដូចជា៖ ទូរស័ព្ទដៃ, ទូរទឹកកក, ម៉ាស៉ីនត្រជាក់ និងគ្រឿងប្រើប្រាស់ដ៏ប្រណិតទំនើបៗទាន់សម័យកាលជាច្រើនរាប់មិនអស់។ បើគិតត្រឡប់ទៅវិញ វាមិនគួរឱ្យជឿទាល់តែសោះដែលក្រុមហ៊ុន Sony មានដើមទុនត្រឹម ១៥០០ដុល្លា បានវិវត្តន៍ខ្លួនទៅជាអាណាចក្រក្រុមហ៊ុនគ្រឿងអេឡិចត្រូនិច ដែលអាចរកប្រាក់ចំណូលបានរហូតដល់រាប់រយលានដុល្លាក្នុងមួយឆ្នាំ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦