បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងប្រែក្លាយក្រុងមួយចំនួនឱ្យទៅជាទីក្រុងវៃឆ្លាត ( Smart City ) ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការអភិវឌ្ឍជាសកល។ ហើយកន្លងមករាជរដ្ឋាភិបាលបានកំណត់យកក្រុងមួយចំនួនដើម្បីអភិវឌ្ឍន៍ឲ្យក្លាយជាទីក្រុងវៃឆ្លាត (Smart City ) ដោយក្នុងនោះរួមមានក្រុងភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុជាដើម។
យ៉ាងណមិញទាក់ទងនឹង Smart City នេះផងដែរ ថ្មីៗនេះរដ្ឋបាលខេត្តបាត់ដំបង បាននឹងកំពុងត្រៀមកែរប្រែក្រុងរបស់ខ្លួនឱ្យទៅជាក្រុងវៃឆ្លាត ( Smart City ) ផងដែរនៅថ្ងៃអនាគត។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តបាត់ដំបង» កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ កន្លងទៅ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខាងលើឯកឧត្តមបានមានប្រសាសន៍ថា “បច្ចុប្បន្នយើងខិតខំរៀបចំទីក្រុងបាត់ដំបងយើងឱ្យក្លាយទៅជាទីក្រុងវៃឆ្លាត( Smart City )។ ដើម្បីឱ្យក្លាយទៅជា Smart City បាន គឺមានរឿងច្រើនណាស់ដែលត្រូវធ្វើដូចជា រៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ការរៀបចំប្រព័ន្ធលូ បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម"។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងអំឡុងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងបាត់ដំបង គឺបានផ្តល់ផលលំបាកមួយចំនួនដល់ពលរដ្ឋ។ ដូច្នេះរដ្ឋបាលខេត្តក៏បានស្នើសុំការអធ្យាស្រ័យដល់ពលរដ្ឋ និងបានបញ្ជាក់ថា ប្រសិនបើមិនអនុវត្តកិច្ចការងារទាំងនោះទេ នោះក៏គ្មានការអភិវឌ្ឍទៅមុខដែរ។
ជាក់ស្ដែងបច្ចុប្បន្ននេះ ខេត្តបាត់ដំបងបានកំពុងរៀបចំក្នុងការស្តារ និងធ្វើប្រព័ន្ធលូរំដោះទឹកទាំងទឹកកង្វក់ និងទឹកភ្លៀងនៅក្រោមដី ទាំងផ្នែកខាងកើតស្ទឹង និងផ្នែកខាងលិចស្ទឹង។ ក្នុងនោះដែរ រដ្ឋបាលខេត្តក៏បានត្រៀមកសាងទីលានចាក់សំរាមធំថ្មីទំហំជាង ២០ ហិកតា ដើម្បីរំដោះសំរាមពីទីក្រុង ហើយការកសាងនេះក៏ស្ថិតក្នុងគម្រោងនេះផងដែរ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត