ជាទូទៅការរកស៊ីមិនចាំបាច់ទាល់តែមានលុយច្រើនទើបអាចចេញរកស៊ីបាននោះ ព្រោះរបរខ្លះមានទុនត្រឹមតែ ២ទៅ ៣ពាន់ដុល្លារក៏អាចធ្វើបានហើយ បើនិយាយពីចំណូលវិញមួយខែៗរបរខ្លះសឹងតែបានចំណូលលើសប្រាក់ខែទៀតក៏មានដែរ។ជាក់ស្តែង បុគ្គល ៤ រូបខាងក្រោមនេះ ពួកគាត់ចាយទុនរកស៊ីដំបូងត្រឹមតែ ២ ទៅ ៣ ពាន់ដុល្លារប៉ុណ្ណោះ ប៉ុន្តែមួយខែៗពួកគាត់អាចរកចំណូលបានខ្ទង់ពាន់ដុល្លារឯណោះ ហើយរបរដែលពួកគាត់រកស៊ីជាប្រភេទរបរតាមចិញ្ចើមផ្លូវដូចជា ៖
១.លក់បង្អែម
របរលក់បង្អែមតាមផ្លូវមើលទៅមិនសូវជាអស្ចារ្យអ្វីដូចរបរធំៗប៉ុន្តែរបរនេះបានក្លាយជារបរពេញនិយមនិងកំពុងមានអ្នករកស៊ីជាច្រើន ជាក់ស្តែង កញ្ញា ឡាយ សោភីម បានបោះបង់អាជីពជាគ្រូបង្រៀនហើយមកចាប់យករបរលក់បង្អែមវិញ ហើយក្នុងមួយខែអាចរកចំណូលបានខ្ទង់ពាន់ដុល្លារ។បើតាមការលើកឡើងដោយផ្ទាល់របស់កញ្ញា ឡាយ សោភីម បានឱ្យដឹងថា អាជីវកម្ម “បង្អែមអ្នកគ្រូ” នេះចាប់ផ្តើមដំបូងកញ្ញាចាយទុនអស់ជាង ១ពាន់ដុល្លារប៉ុណ្ណោះដើម្បីធ្វើ ពោលគឺចាយទុនតិច ហើយជាមធ្យមក្នុងមួយថ្ងៃកញ្ញាអាចលក់បង្អែមបានចន្លោះពី ៨០ ទៅ ១០០ចានឯណោះ ដោយក្នុងមួយចានមានតម្លៃចាប់ពី ៣០០រៀល ដល់ ៨០០០រៀល។
២.លក់ទឹកក្រឡុក
ជារបរតាមចិញ្ចើមផ្លូវដែលមិនសូវមានអ្នកចាប់អារម្មណ៍ ប៉ុន្តែបើសិក្សាឱ្យស៊ីជម្រៅរបរមួយនេះជួយឱ្យអ្នកស្រី សែម ស៊ុនលី ម្ចាស់អាជីវកម្ម “ទឹកក្រឡុកចែម៉ាប់ ៨៨” អាចរកចំណូលក្នុងមួយខែជាង ១ពាន់ដុល្លារយ៉ាងស្រួល។បើតាមការឱ្យដឹងពីអ្នកស្រី ស៊ុនលី បានបង្ហើបថា របរទឹកក្រឡុកដែលអ្នកស្រីកំពុងធ្វើរាល់ថ្ងៃនេះ ចាយទុនដំបូងបំផុតត្រឹមតែ ៥០០ដុល្លារប៉ុណ្ណោះ ដែលកាលនោះគឺអ្នកស្រីលក់ជាកូនរទេះនៅចិញ្ចើមផ្លូវជិតរវង្វង់មូលគួចកាណុង ជិតស្ពានជ្រោយចង្វារ។
៣.បាញ់កាញ់
ចំពោះបាញ់កាញ់មានអ្នករកស៊ីក៏មិនតិចនោះទេ នាពេលបច្ចុប្បន្ននេះ មានទាំងនៅតាមបណ្តាខេត្តនិងរាជធានីភ្នំពេញផ្ទាល់ ហើយរបរបាញ់កាញ់នេះទៀតសោតកម្រមានលក់ជាហាងធំៗណាស់ ច្រើនលក់តែជាកូនរទេះតូចៗនិងតូបនៅមុខផ្ទះប៉ុណ្ណោះ។ប៉ុន្តែកុំឃើញតែលក់ជាតូបតូចៗគិតថាចំណូលតិច តែជាក់ស្តែងចំណូលលក់មួយថ្ងៃៗសឹងតែស្មើរអ្នកធ្វើការក្នុងការិយាល័យធំៗក៏មានដែរ។ជាមួយនេះបើតាមការលើកឡើងរបស់លោក តូ មុន្នី ជាអ្នកលក់បាញ់កាញ់នៅសួនបុរីចំការដូងបានឱ្យដឹងថា ជាធម្មតាលោកអាចលក់បានចន្លោះពី ៦០ ទៅ ៨០ ចានក្នុងមួយថ្ងៃ នេះដោយសារតែលោកទើបតែបើក ប៉ុន្តែបើគិតទៅចំណូលបានពីការលក់តិចតួចនេះអាចឱ្យលោករស់នៅបានស្រួល។លោកបន្ថែមថា សម្រាប់ដើមទុនដំបូងពេលចាប់ផ្តើមរបបនេះ គឺលោកចាយទុនអស់ប្រមាណជា ១៥០០ដុល្លារ ដោយហេតុថាលោកត្រូវចំណាយទិញរទេះនិងគ្រឿងផ្សំផ្សេងៗ។
៤.គ្រឿងសមុទ្រ
ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក ឆន ដាវីត ម្ចាស់ហាងលក់គ្រឿងសមុទ្រ Les Brands II បានឱ្យដឹងថា ជាមធ្យមក្នុងមួយថ្ងៃលោកអាចរកចំណូលបាន ៤លានរៀលពីការលក់គ្រឿងសមុទ្រ ដែលមានជាប្រភេទ អយស្ទ័រ ក្តាមសមុទ្រ កំពឹសលោត និងប្រភេទគ្រឿងសមុទ្រជាច្រើនមុខផ្សេងទៀត។ម្ចាស់អាជីវកម្មវ័យក្មេងរូបនេះបន្តថា មូលហេតុដែលធ្វើឱ្យហាងលោកមានភ្ញៀវទិញច្រើនលក់ដាច់ចំណូលខ្ទង់ពាន់ដុល្លារបែបនេះដោយសារតែ លោកលក់តែគ្រឿងសមុទ្រស្រស់ៗឱ្យភ្ញៀវ និងរសជាតិប្លែក ទើបធ្វើឱ្យអតិថិជនមានការគាំទ្រ មកហើយមកម្តងទៀត។
ដោយឡែកសម្រាប់ដើមទុនដំបូងបំផុតពេលលោកចាប់ផ្តើមរកស៊ីរបរនេះគឺចាយទុនអស់ប្រមាណជាង ២ពាន់ដុល្លារ មូលហេតុដែលគាត់ចំណាយតិចបែបនេះព្រោះតែលោកមានទីតាំងខ្លួនឯងស្រាប់ អស់តែថ្លៃទិញរបស់របរចូលប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនដែលកំពុងចង់ចេញរកស៊ីហើយមិនដឹងរកស៊ីអ្វី ព្រោះតែដើមទុនមានតិច អាចធ្វើការពិចារណារបរតូចៗទាំង៤ខាងលើនេះបាន ដោយអាចចាប់ផ្តើមពីតូចទៅហើយពេលដែលរកស៊ីចំណេញហើយចាំពង្រីកបន្ថែមតាមក្រោយជាបន្តទៀត៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង