ខណៈពេលដែលសេដ្ឋកិច្ចមិនអំណោយផល បានធ្វើឱ្យវិនិយោគិនមួយចំនួនកំពុងទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរ ដោយមានក្រុមហ៊ុនខ្លះប្រកាសក្ស័យធន ហើយខ្លះទៀតក៏កំពុងដាក់ដេញថ្លៃអចលនទ្រព្យខ្លួនជាបណ្ដើរៗ។ ជាក់ស្ដែងនៅក្នុងប្រទេសសិង្ហបុរី ក៏កំពុងដាក់លក់អចលនទ្រព្យឡាយឡុងផងដែរ ព្រោះតែចំនួនញត្តិប្រកាសក្ស័យធនកើនឡើង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA បានចេញកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។
ប្រភពដដែលបានឱ្យដឹងថាផ្អែកតាមរបាយការណ៍ចុងក្រោយ របស់ក្រុមហ៊ុន Knight Frank ស្តីពីទីផ្សារលក់ឡាយឡុង កាលពីថ្ងៃទី៣០ ខែមករា បង្ហាញថា ស្ថានភាពនេះកើតឡើង ស្របពេលថ្លៃចំណាយជីវភាព កើនឡើងកាន់តែខ្ពស់ អត្រាការប្រាក់ក៏កាន់តែកើនឡើង ហើយវិធានការជួយគាំទ្រ ដើម្បីសម្រាលវិបត្តិកូវីដ-១៩ ត្រូវបានកាត់បន្ថយ។ ដោយឡែកនៅក្នុងចំណោមនោះ ក៏មានអចលនទ្រព្យចំនួន៤០ ត្រូវបានលក់ឡាយឡុងក្នុងតម្លៃសរុប៦៨លានដុល្លារ។
ក្នុងនោះទិន្ន័យរបស់ក្រសួងច្បាប់ (Ministry of Law) នៃប្រទេសសិង្ហបុរី ដែលទទួលបន្ទុកផ្នែកយុត្តិធម៌ នីតិរដ្ឋ សេដ្ឋកិច្ច និងសង្គមតាមរយៈគោលនយោបាយ ច្បាប់ និងសេវាកម្មបង្ហាញថា ពលរដ្ឋចំនួន៣.៦៤៨នាក់បានដាក់ញត្តិ ប្រកាសក្ស័យធនក្នុងឆ្នាំ២០២២ ដោយកើនឡើង១៥%បើធៀបនឹងចំនួនញត្តិ៣.១៦០ញត្តិ ដែលត្រូវបានដាក់ក្នុងឆ្នាំ២០២១។
ក្រុមហ៊ុន Knight Frank បានលើកឡើងតាមរយៈរបាយការណ៍របស់ខ្លួនថា មានការចុះបញ្ជីលក់ឡាយឡុងចំនួន៤២០ ក្នុងឆ្នាំ២០២២ ហើយចំនួននេះ អាចនឹងកើនឡើងពី៤០% ទៅ៥០%ឈានរហូតដល់ប្រមាណ៦០០នៅឆ្នាំនេះ។
ចំនួនចុះបញ្ជីលក់ឡាយឡុងនោះ រួមមាន ទាំងលំនៅដ្ឋានឯកជនចំនួន១៨៤យូនីតដែលម្ចាស់ ឬធនាគារបានដាក់លក់ឡាយឡុង ព្រមទាំងតូបលក់រាយ ការិយាល័យ កន្លែងផលិតកម្មចំនួន២១១យូនីត ផ្ទះអាជីវកម្មចំនួន១១ អាផាតមិនចំនួន១២ និងផ្ទះផ្សេងទៀតចំនួន២ផងដែរ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត