ហាងឆេងមាសនៅថ្ងៃមុនបានចាប់ផ្ដើមធ្លាក់ចុះមកវិញបន្តិចក្រោយពីលេចលឺព័ត៌មានថាសហរដ្ឋអាមេរិកតាមរយៈលោក Donald Trump បានបន្ធូបន្ថយពន្ធនាំចូលទៅលើទំនិញមួយចំនួនដែលនាំចូលពីបរទេស។ យ៉ាងណាមិញនៅថ្ងៃនេះហាងឆេងមាសបានចាប់ផ្ដើមប្រែប្រួលខ្លាំងពោលគឺចាប់ផ្ដើមឡើងថ្លៃខ្លាំងវិញ។
គិតត្រឹមព្រឹកនេះហាងឆេងមាសនៅលើទីផ្សារអន្តរជាតិឡើងថ្លៃចំនួន១៣៥ដុល្លារដោយឡើងដល់៣៣៧៧ដុល្លារក្នុងមួយអោនដែលស្មើនឹង៤០៨៦ដុល្លារក្នុងមួយតម្លឹង។
ចំពោះមូលហេតុដែលរុញតម្លៃហាងឆេងមាសឲ្យចាប់ផ្ដើមហក់ឡើងវិញខ្លាំងបែបនេះគឺដោយសារតែហានិភ័យនៃភូមិសាស្រ្តនយោបាយ។ ជាក់ស្ដែងកាលពីចុងសប្ដាហ៍មុន ក្រុម The Houthi បានវាយប្រហារព្រលានយន្តហោះ Ben Gurion របស់អ៊ីស្រាអែល ហើយអ៊ីស្រាលសន្យាថានឹងសងនឹកទៅវិញ។ ដូច្នេះកត្តានេះបានរុញតម្លៃមាសឲ្យកាន់តែហក់ឡើងខ្ពស់ថែមទៀត។
ក្រៅពីនេះ ក៏នៅមានកត្តាផ្សេងទៀតដែលធ្វើឲ្យតម្លៃមាសកើនឡើងផងដែរ។ ក្នុងនោះដែរការចុះខ្សោយនៃប្រាក់ដុល្លាររបស់សហរដ្ឋអមេរិកក៏ជាកត្តារួមចំណែកធ្វើឲ្យមាសឡើង។ ជាធម្មតាពេលដុល្លារចុះ មាសតែងតែឡើងថ្លៃដោយសារពេលដុល្លារខ្សោយ ក្រុមអ្នកវិនិយោគងាកទៅវិនិយោគលើមាស។
រីឯកត្តាផ្សេងទៀតដែលធ្វើឲ្យមាសឡើងគឺតម្រូវការមាសពីប្រជាជនចិន។ ជាក់ស្ដែងតម្រូវការមាសជាលក្ខណៈរាយពីប្រជាជនចិនបានជួយរក្សាលំនឹងហាងឆេងមាស។ ប្រជាជនចិនមានការព្រួយបារម្ភពីសុខភាពសេដ្ឋកិច្ចរបស់ប្រទេសចិន ដូច្នេះហើយពួកគាត់បាននាំគ្នាទិញមាសដែលជាទ្រព្យសុវត្ថិភាពដើម្បីការពារទ្រព្យរបស់ពួកគាត់។
សម្រាប់តម្លៃហាងឆេងមាសនៅក្នុងស្រុកយើងវិញគិតត្រឹមព្រឹកនេះ ហាងេឆេងមាសនៅក្នុងស្រុកយើងឡើងដល់៤០៣ដុល្លារក្នុងមួយជី៕