ថៃបាត់តំណែង! ប្រទេស១នេះរំពឹងថានឹងជំនួសថៃ ជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី២នៅអាស៊ីអាគ្នេយ៍
Ping Chou EngMAY 6 20251.3 K views

ទីភ្នាក់សារព័ត៌មាន The Nation Thailand ចុះផ្សាយថ្ងៃទី០៥ ខែឱសភា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមរបាយការណ៍ថ្មីពីមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច (CEBR) បង្ហាញថា​វៀតណាមកំពុងស្ថិតនៅលើផ្លូវ ក្នុងការក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ វ៉ាជែងប្រទេសថៃ។

 

CEBR ដែលជាអ្នកស្រាវជ្រាវនិងវាយតម្លៃសេដ្ឋកិច្ចបានឱ្យដឹងប្រទេសវៀតណាមនឹងឈរនៅពីក្រោយប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសលេខ១ក្នុងតំបន់ ហើយវៀតណាមនឹងឡើងដល់ក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២០ នៅលើពិភពលោកនៅឆ្នាំ២០៣៦។ ក្នុងនោះសេដ្ឋកិច្ចរបស់វៀតណាមនឹងវ៉ាដាច់ប្រទេសថៃជាផ្លូវការបន្ទាប់ពីឆ្នាំ ២០២៨ ហើយថៃនឹងជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៣វិញក្នុងតំបន់។​

 

ប្រភពដដែលបានបង្ហាញអំពីផែនការរយៈពេលប្រាំឆ្នាំបច្ចុប្បន្នរបស់វៀតណាមពី២០២១-២០២៥ ដែលបានរំពឹងថានឹងមានអត្រាកំណើនប្រចាំឆ្នាំជាមធ្យម ៦.៥% ក្នុងទសវត្សរ៍ក្រោយៗ។ ដោយកំណើននេះត្រូវបានគេរំពឹងថានឹងត្រូវបានជំរុញទៅបាន ដោយសារវិស័យផលិតកម្មដ៏រឹងមាំរបស់ប្រទេស រួមបញ្ចូលបន្ថែមទៀតទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការនាំចេញចម្រុះ។ ក្នុងនោះវៀតណាមក៏មានមហិច្ឆិតាក្នុងការសម្រេចឱ្យបានននូវឋានៈប្រាក់ចំណូលខ្ពស់បំផុតនៅឆ្នាំ ២០៤៥ ដែលទាមទារកំណើនជាមធ្យមប្រចាំឆ្នាំ ក្នុងមនុស្សម្នាក់ៗប្រមាណ ៥%។

 

យ៉ាងនេះក្តីរបាយការណ៍បានកត់សម្គាល់ថា វៀតណាមប្រឈមមុខនឹងឧបសគ្គយ៉ាងច្រើនក្នុងការសម្រេចគោលដៅខាងើ រួមទាំងការធ្លាក់ចុះនៃពាណិជ្ជកម្មពិភពលោក និងចំនួនប្រជាជនវ័យចំណាស់ដែលកំពុងកើនឡើង។

 

សូមជម្រាបផងដែរថានាពេលបច្ចុប្បន្ននេះ ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី១នៅអាស៊ីអាគ្នេយ៍ផ្អែកលើផលិតផលក្នុងស្រុកសរុបគឺឥណ្ឌូនេស៊ី ឯថៃលំដាប់ទី២​ ប្រទេសសិង្ហបុរីលំដាប់ទី៣ ហ្វីលីពីនលំដាប់ទី៤ និងលំដាប់ទី៥គឺប្រទេសវៀតណាម៕

 

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia