ស្រ្តីមេម៉ាយ ជំពាក់បំណុលគេ ប្រាប់ពីផ្លូវដោះបំណុលនិងបង្កើនចំណូលដល់អ្នករអ៊ូថាមិនដែលសល់លុយ
Toeuy HongMAY 6 20259 views

អ្នកស្រី Dyana King គឺជាស្រ្តីមេម៉ាយដែលធ្លាប់ជំពាក់បំណុលគេ៣៥,០០០ដុល្លារ។ ដោយសារតែ​ខ្លួនជាស្រ្តីមេម៉ាយហើយជំពាក់បំណុលគេទៀតនោះ អ្នកស្រីបានចាប់ផ្ដើមដាក់អាទិភាពទៅលើការគ្រប់គ្រងហិរញ្ញវត្ថុរហូតដល់អាចដោះបំណុលគេអស់ថែមទាំងអាចសន្សំលុយបាន៣០%នៃប្រាក់ចំណូលសរុបនិងធ្វើជាគ្រូបណ្ដោះបណ្ដាលខាងផ្នែកហិរញ្ញវត្ថុទៀតផង។

​បើយោងតាមវេបសាយ Funancial ស្រ្តីមេម៉ាយវ័យ៣០ឆ្នាំរូប​នេះបានបង្ហើបក្បួនសំខាន់ៗចំនួន៤ក្នុងការដោះបំណុលក៏ដូចជាបង្កើនប្រាក់សន្សំនិងធ្វើឲ្យទ្រព្យកាន់តែកើនឡើង

១. តាមដានការចំណាយដើម្បីទប់អារម្មណ៍ចាយលុយ

អ្នកស្រីថា មានសិស្សដែលរៀនជាមួយអ្នកស្រីជាច្រើនតែងតែរអ៊ូដាក់គាត់ពីការចាយលុយពោលគឺពួកគាត់មិនដឹងថាលុយពួកគាត់ចំណាយលើអ្វីខ្លះ។ អ្នកស្រីថាមានមនុស្សជាច្រើនតែងតែរអ៊ូថាពួកគាត់មិនមានលុយគ្រប់គ្រាន់សម្រាប់សន្សំឬដោះបំណុល តែតាមពិតពួកគាត់មិនមានផែនការចាត់ចែងលុយទាល់តែសោះ

 អ្នកស្រីបានហៅពួកគាត់មកអង្គុយដើម្បីពិភាក្សាគ្នាហើយប្រាប់ពួកគាត់ឲ្យធ្វើផែនការចំណាយឲ្យបានត្រឹមត្រូវពោលគឺត្រូវតាមដានកាយចំណាយជារៀងរាល់ថ្ងៃតើថាមួយថ្ងៃៗ អ្នកចំណាយលើអ្វីខ្លះ​​។ ពេលអ្នកតាមដានបានពេញមួយខែនោះអ្នកនឹងឃើញថាចំណាយមួយចំនួនគឺជាចំណាយមិនចាំបាច់។ មនុស្សមួយចំនួនចាយច្រើនលើចំណាយមិនចាំបាច់ទាំងនោះដែលធ្វើឲ្យពួកគាត់ មិនសល់លុយសម្រាប់សន្សំ។

បន្ទាប់ពីតាមដានការចំណាយហើយ អ្នកនឹងដឹងច្បាស់ថាតើមួយខែៗអ្នកចំណាយអស់ប៉ុន្មានលើតម្រូវការចាំបាច់។ ឧទាហរណ៍ចំណាយលើម្ហូបអាហារ ការធ្វើដំណើរ  ការស្នាក់នៅ មួយខែត្រូវចំណាយអស់ប៉ុន្មាន។ បន្ទាប់មកអ្នកអាចបែងចែកកញ្ចប់ចំណាយតាមប្រភេទចំណាយនីមួយៗ។ កាលណាអ្នកធ្វើបែបនេះ អ្នកនឹងមានផែនការចាយច្បាស់លាស់ហើយមិនចាយផ្ដេសផ្ដាសតាមអារម្មណ៍ឡើយ។

២. សន្សំជាប្រចាំ

នៅពេលអ្នកស្រី Dyana King ដាក់គោលដៅសន្សំដើម្បីដោះបំណុល ដំបូងឡើយ អ្នកស្រីសន្សំបានតែ១៥ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ តាមពិតទៅចំនួនសន្សំនេះគឺតិចតួចមែនទែន ប៉ុន្ដែលោកស្រីថាការចាប់ផ្ដើមសន្សំពីលុយតិចតួចនេះវាអាចជួយបង្កើតទម្លាប់ក្នុងការសន្សំលុយ​។

អ្នកស្រីបានសង្កត់ធ្ងន់ថា​ការសន្សំនេះគឺទាមទារឲ្យយើងត្រូវដាក់ចិត្តដាក់កាយ មានភាពអត់ធ្មត់ក្នុងការសន្សំទោះតិចក្ដីច្រើនក្ដីត្រូវតែសន្សំនោះបន្តិចម្ដងៗលុយរបស់អ្នកនឹងកាន់តែកើនឡើង។ អ្វីដែលសំខាន់គឺសន្សំតាមលទ្ធភាព តែព្យាយាមសន្សំច្រើនលើសលទ្ធភាពអ្នកអាចនឹងបោះបង់ទម្លាប់សន្សំជាមិនខាន។

៣. រកចំណូលបន្ទាប់បន្សំដែលអ្នកចូលចិត្ត

អ្នកស្រីថាចំណូលបន្ទាប់បន្សំឬចំណូលក្រៅម៉ោងគឺជាផ្នែកមួយដែលជួយផ្លាស់ប្ដូរស្ថានភាពជីវិតបានមួយកម្រិតធំផងដែរ​។ ការងារក្រៅម៉ោងរបស់អ្នកស្រីគឺធ្វើវីដេអូដាក់YouTube ចែករំលែកទាក់ទងនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុដែលជាអ្វីដែលអ្នកស្រីចូលចិត្ត ជាពិសេសជួយឲ្យលោកស្រីអាចបង្កើនចំណូលបានមួយផ្នែកធំផងដែរ។

ចាត់ចែងលុយឲ្យសមស្របនឹងតម្រូវការ

 និយាយដល់ការ​ចាត់ចែង​​លុយនេះ អ្នកស្រីថា​ អ្នកត្រូវចាត់ចែងឲ្យសមស្របនឹងតម្រូវការក្នុងការរស់នៅរបស់អ្នក។ តាមពិតមានក្បួនចាត់ចែងលុយជាច្រើននោះលើអ៊ីនធើណេត ប៉ុន្ដែក្បួនចាត់ចែងលុយទាំងនោះ  អាចនឹងមិនត្រូវសម្រាប់ជីវិតអ្នកជាក់ស្ដែងរបស់អ្នក។ ដូច្នេះ អ្នកត្រូវចេះចាត់ចែងលុយកាក់ឲ្យសមស្របសម្រាប់ខ្លួនឯង។សម្រាប់ការចាត់ចែងលុយកាក់របស់អ្នកស្រីវិញគឺពេលប្រាក់ខែឬចំណូលប្រចាំខែចូលមក អ្នកស្រីបានដក់មួយផ្នែកដាក់ចូលក្នុងគណនីសន្សំនិងវិនិយោគ។ បន្ទាប់អ្នកស្រីដកសម្រាប់ចំណាយចាំបាច់ក្នុងការរស់នៅ និងចុងក្រោយគឺសម្រាប់ចំណាយដែលមិនចាំបាច់ដូចជាការការកម្សាន្តនិងចំណាយលើការចង់បានជាដើម៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia