នាពេលនេះ កសិករនៅវៀតណាមបានកំពុងតែនាំគ្នាដាក់លក់ទុរេននៅតាមដងផ្លូវ ខណៈទុរេនវៀតណាមលក់ក្នុងតម្លៃចាប់ពី ១,៣៥-២,៦៩ ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូក្រាមដោយតម្លៃទាបបំផុតនេះសឹងតែគ្មានអ្នកទិញនោះឡើយ។ នេះបើតាមចេញផ្សាយដោយសារព័ត៌មាន Vn Internation ។
ប្រភពខាងលើបានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យទុរេនវៀតណាមធ្លាក់ថ្លៃត្រឹមតែជាង១ដុល្លារនេះ ដោយសារតែវៀតណាមកំពុងជួបការលំបាកក្នុងការនាំចេញទុរេនទៅកាន់ប្រទេសចិន ម្យ៉ាងទៀតគយចិនគឺមានការតឹងរឹងជាខ្លាំងក្នុងការនាំចេញទុរេនពីវៀតណាមទៅកាន់ប្រទេសចិន ដូច្នេះមុននឹងនាំចេញគឺគេត្រូវការត្រួតពិនិត្យមើលសារធាតុគីមីដែលអាចបង្កឱ្យមានហានិភ័យប៉ះពាល់ដល់សុខភាព។
អាជីវករទុរេនម្នាក់នៅវៀតណាមបាននិយាយថា ទំនិញខ្លះត្រូវឆ្លងកាត់ការត្រួតពិនិត្យជាយថាហេតុ ប៉ុន្តែផ្លែឈើខ្លះខូច ឬប្រេះនៅពេលវាទៅដល់ទីផ្សារលក់ដុំក្នុងប្រទេសចិន ដោយសារការរង់ត្រួតពិនិត្យចាំយូរពេក ទើបអាជីវករខ្លះត្រូវបានបង្ខំចិត្តយកទុរេនមកដាក់លក់នៅតាមដងផ្លូវវិញ។
លោក Doan Van Ven នាយកក្រុមហ៊ុននាំចេញកសិកម្ម Anh Thu Dak Lak Co នៅតំបន់ Central Highlands បាននិយាយថា "ចាប់តាំងពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីក្នុងខែកុម្ភៈកន្លងមក យើងមិនអាចបន្តការនាំចេញទៅកាន់កម្រិតធម្មតាវិញបានទេ ដោយសារនីតិវិធីអូសបន្លាយ និងពេលវេលាត្រួតពិនិត្យពិតជាអូសបន្លាយខ្លាំងណាស់"។
លោកបានបន្ថែមថា មានតែកិច្ចសន្យាថ្មីមួយចំនួនប៉ុណ្ណោះដែលត្រូវបានបញ្ចប់ជាមួយអ្នកទិញចិន។ ឈ្មួញខ្លះនៅខេត្ត Tien Giang ភាគខាងត្បូងបានឈប់ទិញទុរេនពីកសិករដោយសារការព្រួយបារម្ភអំពីគុណភាព។
ជាមួយគ្នានោះដែរ លោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមន៍បន្លែ និងផ្លែឈើវៀតណាមបានបញ្ជាក់ថា ការនាំចេញផ្លែឈើ និងបន្លែ ជាពិសេសធូរេនទៅកាន់ប្រទេសចិនកំពុងធ្លាក់ចុះយ៉ាងខ្លាំងដោយប្រទេសចិនបាននាំចូលកសិផលវៀតណាមត្រឹមតែ ៥០០លានដុល្លារក្នុងត្រីមាសទី១ ធ្លាក់ចុះរហូតដល់៣១% ធៀបនឹងឆ្នាំមុន៕