ឥឡូវនេះ ធនាគារ ស្ថាបនា ទទួលយក UnionPay International (UPI) ទូទាំងបណ្តាញម៉ាស៊ីនឆូតប័ណ្ណ និងអេធីអឹមទូទាំងប្រទេស ដើម្បីជួយបង្កើនការលក់ដល់ម្ចាស់អាជីវកម្ម
Daneth MechJULY 25 2024

ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជាបានបន្ថែម UnionPay International (UPI) ទៅក្នុងប្រព័ន្ធទទួលការទូទាត់របស់ខ្លួនយ៉ាងទូលំទូលាយ។ អតិថិជនប្រើប្រាស់ UPI ឥឡូវនេះអាចធ្វើប្រតិបត្តិការទូទាត់របស់ខ្លួនបានយ៉ាងងាយស្រួលនៅតាមម៉ាស៊ីនអេធីអឹម ឬ ម៉ាស៊ីនឆូតប័ណ្ណទូទាំងប្រទេសរបស់ធនាគារ ស្ថាបនា​ ដែលជួយឱ្យអាជីវករអនឡាញអាចបង្កើនការលក់តាមរយៈការបន្ថែមនូវវិធីបង់ប្រាក់មួយនេះ។ 

កិច្ចសហការនេះនឹងពង្រីកលទ្ធភាពជូនភ្ញៀវអន្តរជាតិគ្រប់ទិសទីឱ្យប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល និងគុណភាពខ្ពស់។  អ្វីកាន់តែពិសេសនោះ ឥឡូវនេះម្ចាស់ប័ណ្ណ UPI អាចដកសាច់ប្រាក់ដោយផ្ទាល់តាមរយៈម៉ាស៊ីនអេធីអឹមរបស់ធនាគារ ស្ថាបនា ដោយមិនចាំបាច់ធ្វើការប្តូររូបិយប័ណ្ណជាមុនឡើយ។   សម្រាប់ម្ចាស់អាជីវកម្ម សេវាកម្មថ្មីនេះអាចពង្រីកសមត្ថភាពទទួលយកការទូទាត់ពីម្ចាស់ប័ណ្ណ UPI ទាំងអស់ និងពីអ្នកប្រើប្រាស់កម្មវិធីតាមរយៈម៉ាស៊ីនឆូតប័ណ្ណស្ថាបនា ឬ ប្រព័ន្ធទូទាត់ (Gateway) ។ ហើយនេះ គឺជាការផ្តល់នូវបទពិសោធន៍ទូទាត់កាន់តែងាយស្រួល និងរហ័សសម្រាប់អ្នកប្រើប្រាស់UPI និងអាជីវករ។

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ "គោលដៅចម្បងរបស់ធនាគារ ស្ថាបនា គឺលើកកម្ពស់ និងជំរុញការទូទាត់ដោយមិនប្រើសាច់ប្រាក់ ក៏ដូចជាការពន្លឿនលើការចាប់យកការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ជូនម្ចាស់អាជីវកម្មនូវដំណោះស្រាយទូទាត់ដែលមានភាពទាក់ទាញសម្រាប់ទូទាត់ភ្ញៀវអន្តរជាតិធ្វើការទូទាត់ទិញទំនិញបានយ៉ាងងាយស្រួលដូចនៅក្នុងប្រទេសរបស់ពួកគេ ជាពិសេសជួយបង្កើនការលក់ដល់ម្ចាស់អាជីវកម្មផងដែរ។ នៅ ធនាគារ ស្ថាបនា យើងជឿជាក់ថា ប្រព័ន្ធបច្ចេកវិទ្យានឹងផ្តល់ភាពស្មើគ្នាដែលអនុញ្ញាតឱ្យអាជីវកម្មខ្នាតតូច មធ្យម និងអាជីវកម្មធំៗកាន់តែរីកចម្រើន។ ការបន្ថែម UPI ចូលកាន់ប្រព័ន្ធទូទាត់នឹងផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់អាជីវកម្ម និងដៃគូពាណិជ្ជកម្មទាំងអស់របស់យើង”។     

សូមគូសបញ្ជាក់ផងដែរថា សេវាកម្មនេះ គឺមិនត្រឹមតែផ្តល់នូវជម្រើសទូទាត់ប្រាក់ងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម និងពាណិជ្ជករ ជាពិសេសអ្នកដែលនៅក្នុងឧស្សាហកម្មសេវាកម្ម និងបដិសណ្ឋារកិច្ច ដូចជាកន្លែងស្នាក់នៅ អាហារ ការដឹកជញ្ជូន និងការធ្វើដំណើរ។ វិស័យទាំងនេះមានសារៈសំខាន់ណាស់ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់កម្ពុជា។ លើសពីនេះ វត្តមានប័ណ្ណ UPI នឹងជួយសម្រួលដល់អ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាប្រទេសកម្ពុជា តាមរយៈការផ្តល់នូវបទពិសោធន៍ទូទាត់ប្រាក់យ៉ាងរហ័ស និងងាយស្រួលដើម្បីទទួលបាននូវដំណើរកម្សាន្តដ៏រីករាយ។

អំពីធនាគារ ស្ថាបនា 

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៨ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.៤០០ នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខា ១៧៥ សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ៣៤០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT Thunes និងវីសា ម៉ាស្ទ័រកាត Western Union Thunes ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។   

ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃមីក្រូសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ Sathapana Tutort សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។ ហើយក្នុងឆ្នាំ ២០២៣ ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់ឆ្នើមចំនួន ៣ ពីក្រុមហ៊ុនម៉ាស្ទ័រកាតដូចជា ពានរង្វាន់ “First Launch in Market 2023”ក្នុងការដាក់ឱ្យដំណើរការប័ណ្ណ CSS co-badged មុនគេ ពានរង្វាន់ “Leadership in Debit Growth 2023” លើការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប និងពានរង្វាន់ “Innovation Breakthrough 2023” លើការបើកដំណើរការមុខងារ Tap on Phone។ 

ក្នុងឆ្នាំជាមួយគ្នានោះដែរ ​ ធនាគារ ស្ថាបនា ពិតជាមានមោទនភាពយ៉ាងក្រៃលែងដែលទទួលបានពានរង្វាន់ឆ្នើមចំនួន 4 ពី VISA ដូចជា “Champion In Innovation 2023” សម្រាប់ការផ្តល់ជូននូវមុខងារ Tap on Phone ដែលជាដំណោះស្រាយទូទាត់ប្រកបដោយភាពងាយស្រួល “Leadership In Active Net New Merchant Onboarded 2023” លើការឈានមុខគេក្នុងការពង្រីកទំនាក់ទំនងជាមួយអាជីវករ និងពង្រឹងអាជីវកម្មអនឡាញកាន់តែច្រើន “Leadership In Total Active Terminal 2023” លើការឈានមុខគេក្នុងការប្រើប្រាស់ម៉ាស៊ីនឆូតប័ណ្ណនៅលើទីផ្សារ និង“Leadership In Ecommerce Merchant Sales Volume 2023” លើការឈានមុខគេនៃការកើន ឡើងរបស់សេវាកម្ម e-commerce និងការលើកម្ពស់សេដ្ឋកិច្ចបែបឌីជីថលនៅកម្ពុជា។

ក្នុងឆ្នាំ ២០២២ ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ2022 និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia