សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា វិស័យអចលនទ្រព្យនៅកម្ពុជានឹងងើបឡើងវិញនាពេលខាងមុខ ខណៈរាជរដ្ឋាភិបាលលើកទឹកចិត្តដើម្បីទាក់ទាញការវិនិយោគលើវិស័យនេះបន្ថែមទៀត។ ប្រសាសន៍ខាងលើនេះត្រូវបានធ្វើឡើងក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ កាលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងថា ក្នុងពេលលំបាកនេះ រាជរដ្ឋាភិបាលកំពុងធ្វើការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនិងរៀបចំគោលនយោបាយ ដែលមានគោលដៅធំសម្រាប់ប្រជាពលរដ្ឋជាអតិថិជន។ សម្ដេចបន្ដថា រាជរដ្ឋាភិបាលកំពុងលើកទឹកចិត្តដើម្បីទាក់ទាញការវិនិយោគអចលនទ្រព្យបន្ថែមទៀត ដើម្បីបង្កើតលំនៅឋានកាន់តែទំនើប តម្លៃកាន់តែសមរម្យ។
ថ្លែងក្នុងពិធីខាងលើសម្ដេចធបិតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដូច្នេះថា«ខ្ញុំជឿថាទៅមុខទៀតវិស័យអចលនទ្រព្យនឹងឡើងវិញ វិបត្ដិសេដ្ឋកិច្ចបែបនេះ វិបត្ដិអចលនទ្រព្យនៅអាស៊ានយើងក៏មាន ធ្លាប់មានមកហើយឆ្នាំ១៩៩៩។ ប៉ុន្ដែមួយរយៈនៃការលំបាកនេះរាជរដ្ឋាភិបាលត្រូវធ្វើការយ៉ាងណាជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើយ៉ាងណាដោះស្រាយ ហើយគោលដៅធំគឺប្រជាពលរដ្ឋ គឺអតិថិជននេះឯង»។
សម្ដេចបន្ដថា«សូមទុកចិត្តចុះ យើងមិនបានដេកអេះពោះអត់បានធ្វើអីនោះទេ ហើយសុំបន្តសហការដើម្បីធ្វើការងារនេះទៀត ប៉ុន្តែអ្វីដែលខ្ញុំនិយាយពាក់ព័ន្ធនេះ ធ្វើទាំងអស់នេះ គឺដើម្បីលើកទឹកចិត្តវិស័យឯកជនក្នុងការផ្ដល់លទ្ធភាពដល់ប្រជាពលរដ្ឋយើង ដែលបែកផ្ទះ មានកូន មានចៅ អត់អាចនៅតែផ្ទះដី១ហិចតាហ្នឹង គាត់មានការងារប្រាក់បៀវត្សរ៍បានកើនឡើងជាបន្តបន្ទាប់ គាត់អាចទិញបង់រំលោះផ្សេងៗដោយប្រុងប្រយ័ត្ន ហើយមានបញ្ហាយើងដោះឥឡូវនេះ ទៅមុខទៀតនឹងបង្កលក្ខណៈងាយស្រួល។ នេះហើយការធ្វើឱ្យប្រជាជនយើងពីជីវភាពក្រីក្រទៅជាជីវភាពមធ្យមធ្វើយ៉ាងណាឱ្យមានដំណោះស្រាយជូនប្រជាពលរដ្ឋរបស់យើង»។
«ឥឡូវយើងកំពុងតែលើកទឹកចិត្ដនៅក្នុងការវិនិយោគបន្ថែមទៀត អចលនទ្រព្យក្រុមហ៊ុនពីក្រៅប្រទេសមក រៀបចំគោលនយោបាយ រៀបចំវិនិយោគ ដើម្បីបង្កើតលំនៅឋាន កាន់តែទំនើប តម្លៃកាន់តែសមរម្យបន្ថែមទៀត។ ហើយលើកនេះទាំងអ្នកទិញ ទាំងអ្នកលក់ ប្រាកដជាប្រុងប្រយ័ត្ន»។
គួរជម្រាបថា វិស័យអចលនទ្រព្យទាំងនៅកម្ពុជា និងទូទាំងពិភពលោកបានរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្រោយការកើតឡើងនូវវិបត្ដិសេដ្ឋកិច្ចសកល ដែលបណ្ដាលមកពីការរីករាលដាលជំងឺកូវីដ១៩ និងការផ្ទុះឡើងនូវសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ី ព្រមជាមួយនឹងបញ្ហាផ្សេងៗមួយចំនួនទៀត។ ដោយគិតមកដល់បច្ចុប្បន្នទីផ្សារអចលនទ្រព្យហាក់នៅផុយស្រួយនៅឡើយ៕