ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ដាក់ដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុតាម AMK Mobile
Sreymom ChaFEBRUARY 13 2025

ភ្នំពេញ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៥ – ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (ស៊ីប៊ីស៊ី) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានសហការគ្នា ដាក់ដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុតាម AMK Mobile។ អនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង ស៊ីប៊ីស៊ី និង អេ អឹម ខេ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៣ ខែកុម្ភៈ ដោយមានការចូលរួមពី លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ស៊ីប៊ីស៊ី និងលោក គា បូរាណ ​ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ ព្រមទាំងអ្នកតំណាងមកពីស្ថាប័នទាំងពីរជាច្រើនរូបទៀត។

Photo 2025 02 13 15 51 16

សេវាពិនិត្យសុខភាពហិរញ្ញវត្ថុនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់ AMK Mobile តាមដានសុខភាព ហិរញ្ញវត្ថុ របស់ពួកគេ ដោយទទួលបានរបាយការណ៍ឥណទានផ្ទាល់ខ្លួន និងពិន្ទុឥណទាន ខេ ស្ករ (K-Score) យ៉ាងងាយស្រួលពីក្នុងអេបផ្ទាល់។ របាយការណ៍ឥណទានសំដៅលើកំណត់ត្រាដោយផ្នែកៗ ដែលអ្នកប្រើប្រាស់អាចពិនិត្យមើលព័ត៌មាននៃប្រវត្តិឥណទានផ្ទាល់ខ្លួនរបស់ពួកគេ និងអាចពិនិត្យមើលការសាកសួរពីមុនៗ។ ខេ ស្ករ គឺជាតួលេខដែលវាស់ស្ទង់កម្រិតហានិភ័យរបស់បុគ្គល និងព្យាករណ៍ពីលទ្ធភាពក្នុងការបង់សងត្រឡប់។

Photo 2025 02 13 15 51 22

ក្រោមកិច្ចសហការនេះ អតិថិជនរបស់ អេ អឹម ខេ អាចស្នើសុំកញ្ចប់របាយការណ៍ឥណទានផ្លើស (របាយការណ៍ឥណទានផ្ទាល់ខ្លួន និងពិន្ទុ ខេ-ស្ករ) របស់ ស៊ីប៊ីស៊ី ដោយផ្ទាល់តាមរយៈ AMK Mobile។ ការភ្ជាប់ប្រព័ន្ធនេះ មានបំណងពង្រឹងបទពិសោធន៍របស់អតិថិជន និងលើកកម្ពស់ឥរិយាបថនៃការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវរបស់ប្រជាពលរដ្ឋកម្ពុជា ដោយផ្ដល់នូវមធ្យោបាយក្នុងការទទួលបាន​ព័ត៌មានឥណទាន​ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងភាពងាយស្រួល។ 

Photo 2025 02 13 15 51 28

ក្នុងឱកាសទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ ខាងមុខនេះ យើងនឹងផ្តល់ជូនប្រូម៉ូសិនពិសេសសម្រាប់អតិថិជនទាំងអស់ដោយរាល់ការស្នើសុំកញ្ចប់របាយការណ៍ឥណទានផ្លើសលើ AMK Mobile មិនអស់កម្រៃសេវា(លក្ខខណ្ឌផ្សេងៗត្រូវអនុវត្ត) ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ រហូតដល់ ១០០០ របាយការណ៍

Photo 2025 02 13 15 51 38

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ស៊ីប៊ីស៊ី បានឱ្យដឹងថា៖ “កិច្ចសហការនេះគឺជាផ្នែកដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញឌីជីថលនីយកម្មរបស់យើង ដោយផ្តល់ឱ្យប្រជាពលរដ្ឋកម្ពុជានូវវិធីក្នុងការគ្រប់គ្រងព័ត៌មានហិរញ្ញវត្ថុផ្ទាល់ខ្លួននៅលើស្មាតហ្វូនរបស់ពួកគេ។ ភាពជាដៃគូនេះគឺជាជំហានដ៏សំខាន់មួយក្នុងការផ្តល់សិទ្ធិអំណាចដល់អតិថិជនជាមួយនឹងភាពងាយស្រួលក្នុងការទាញយករបាយការណ៍ឥណទានផ្ទាល់ខ្លួនរបស់ពួកគេ និងពិន្ទុ ខេ ស្ករ តាមរយៈសេវាកម្ម ស៊ីប៊ីស៊ី នៅលើ AMK Mobile ។ តាមរយៈការសម្រួលលទ្ធភាពទទួលបានព័ត៌មានហិរញ្ញវត្ថុ យើងកំពុងបង្កើនភាពងាយស្រួល និងតម្លាភាព ដោយជួយប្រជាពលរដ្ឋកម្ពុជាធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត”។

Photo 2025 02 13 15 51 44

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិរបស់ អេ អឹម ខេ បានមានប្រសាសន៍ថា៖ “ភាពជាដៃគូជាមួយក្រុមហ៊ុន ស៊ីប៊ីស៊ី គឺជាជំហានដ៏សំខាន់មួយក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវសេវាកម្មហិរញ្ញវត្ថុកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។  យើងជឿជាក់ថា ការប្រើប្រាស់របាយការណ៍ឥណទាន និងព័ត៌មាន ខេ-ស្ករ នឹងជួយអតិថិជនរបស់យើងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេកាន់តែប្រសើរឡើង និងសម្រេចចិត្តបានត្រឹមត្រូវជាងមុន។”

Photo 2025 02 13 15 51 49

អំពី អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៣កន្លែង និងភ្នាក់ងារប្រមាណ ៦.៥០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។

Photo 2025 02 13 15 51 55

អំពីក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC)

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ព័ត៌មានឥណទាន ឧបករណ៍វិភាគ និងសេវាកម្មរាយការណ៍របាយការណ៍ឥណទានដល់ធនាគារ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនផ្ដល់ប្រាក់កម្ចី ប្រតិបត្តិករឥណទាន និងអ្នកប្រើប្រាស់នានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ចាប់តាំងពីឆ្នាំ២០១២ ស៊ីប៊ីស៊ីបានជួយអតិថិជនក្នុងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ និងជួយដល់ការសម្រេចចិត្តរបស់ស្ថាប័នហិរញ្ញវត្ថុតាមរយៈដំណោះស្រាយជាច្រើនដូចជា របាយការណ៍ឥណទានអតិថិជន របាយការណ៍ឥណទានក្រុមហ៊ុន ខេ ស្ករ សេវាវិភាគទិន្នន័យ ផែនទីហានិភ័យឥណទាន សេវាត្រួតពិនិត្យឥណទាន សេវាតាមដានឥណទាន ដំណោះស្រាយទិន្នន័យតាមតម្រូវការ និងសេវាផ្ទៀងផ្ទាត់អចលនទ្រព្យ។ ស៊ីប៊ីស៊ី បានផ្តល់សេវាកម្មជូនសមាជិកជាង១៩០ស្ថាប័ន ដែលរួមមានដូចជា ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។

Photo 2025 02 13 15 52 01

Sreymom Cha

អត្ថបទសរុប៖ 319

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia