ស្ពានអាកាសមរតកតេជោ ដែលមានកម្ពស់ ២ ជាន់ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថី សម្ដេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤នេះហើយ។
ស្ពានមរតកតេជោ ត្រូវបានសាងសង់ចំនួន ២ ជាន់ ដោយក្នុងនោះស្ពានអាកាសជាន់ទី១ ត្រូវបានសាងសង់ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពល ខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហា វិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។
នៅពេលដាក់ឲ្យដំណើរការ ស្ពានអាកាសមួយនេះ នឹងជួយលំហូរចរាចរបានល្អប្រសើរ និងកាត់បន្ថយការកកស្ទះចរាចរនៅចំណុចប្រសព្វរវាងមហាវិថី ព្រះមុនីវង្ស មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ។
សូមរំលឹកថា គម្រោងស្ពានអាកាសមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២។ ស្ពានអាកាសនេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដែលចំណាយថវិកាប្រមាណ ៣៦ លានដុល្លារ៕