បន្ទាប់ពីស្គាល់សមត្ថភាពបេក្ខភាពឥណ្ឌូនេស៊ី មកប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាហើយ ថ្ងៃនេះ Business Cambodia នឹងបង្វែរក្រសែភ្នែកមិត្តអ្នកអាន មកស្គាល់មហាសេដ្ឋីលេខ១ របស់ប្រទេសនេះវិញម្តង ថាតើជានរណា? មានប្រវត្តិរកស៊ីនិងកំពុងក្តោបក្តាប់ជំនួញគ្រាក់ៗអ្វីខ្លះក្នុងដៃ?
លោក Low Tuck Kwong (ឡូ តុក ក្វុង) ត្រូវបានគេស្គាល់ថាជាបុរសឈរលើលំដាប់លេខរៀងទីមួយមានទ្រព្យច្រើនជាងគេបំផុតក្នុងប្រទេសឥណ្ឌូនេស៊ី។ Low ប្រសូត្រនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៤៨ លើទឹកដីសិង្ហបុរី។ ក្នុងនាមជាកូនប្រុសនៃត្រកូលគ្រួសារធូរធារមួយ លោកទទួលបានការអប់រំនិងចិញ្ចឹមបីបាច់បានយ៉ាងល្អ រហូតចម្រើនវ័យពេញកំលោះ Low មានឱកាសបានធ្វើការឱ្យក្រុមហ៊ុនសំណង់របស់ឪពុកខ្លួនឈ្មោះ David Low Yi Ngo។
នៅឆ្នាំ១៩៧២ យុវជនមានអនាគតភ្លឺស្វាង Low បានសម្រេចចិត្តផ្លាស់ទៅរស់នៅប្រទេសឥណ្ឌូនេស៊ី និងបានបង្កើតក្រុមហ៊ុនមួយឈ្មោះ PT Jaya Sumpiles Indonesia (JSI) ក្នុងឆ្នាំ១៩៧៣ រកស៊ីលើគម្រោងសាងសង់។ ឆ្នាំ១៩៨៨ JSI បានពង្រីកអាជីវកម្មរុករករ៉ែធ្យូងថ្ម ហើយបានក្លាយជាអ្នកម៉ៅការរុករករ៉ែឈានមុខគេក្នុងប្រទេស។ ភាពជោគជ័យលើវិស័យជំនួញ និងក្តីស្រលាញ់ បានជំរុញលោក Low ផ្លាស់ប្តូរសញ្ជាតិទៅជាពលរដ្ឋឥណ្ឌូនេស៊ី១០០% ក្នុងឆ្នាំ១៩៩២។
លុះរយៈពេល៥ឆ្នាំក្រោយមក បុរសវ័យកណ្តាលរូបនេះ បានទិញអណ្តូងរ៉ែធ្យូងថ្មដំបូងគេរបស់ខ្លួនតាមរយៈក្រុមហ៊ុន Gunungbayan Pratamacoal, PT។ នៅឆ្នាំ១៩៩៨ PT ទទួលបានសិទ្ធដំណើរការស្ថានីយធ្យូងថ្មនៅកំពុងផែ Perkasapratama និង Balikpapan ដែលនេះគឺជាមាគ៌ាដឹកនាំលោក Low ឲ្យកសាងខ្លួនក្លាយជាមហាសេដ្ឋីជំនួញមានជាងគេបំផុតក្នុងប្រទេសឥណ្ឌូនេស៊ី។
យ៉ាងណាមិញ បច្ចុប្បន្នលោក Low Tuck Kwong គឺជាស្ថាបនិករបស់ Bayan Resources ដែលជាក្រុមហ៊ុនរុករករ៉ែធ្យូងថ្មធំបំផុតមួយនៅប្រទេសឥណ្ឌូនេស៊ី និងកាន់កាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនប្រមាណ ២៨.៤ពាន់លានដុល្លារ ចេញផ្សាយដោយទស្សនាវដ្តី Forbes គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ មិនតែប៉ុណ្ណោះ លោកក៏គ្រប់គ្រងក្រុមហ៊ុនថាមពលកកើតឡើងវិញរបស់សិង្ហបុរី Metis Energy រួមទាំងក្រុមហ៊ុនជាច្រើនទៀតដូចជា The Farrer Park Company, Samindo Resources និង Voksel Electric។ ក្នុងនោះ លោក Low ក៏កំពុងគាំទ្រ SEAX Global ដែលប្រតិបត្តិការសាងសង់ប្រព័ន្ធខ្សែកាបក្រោមបាតសមុទ្រសម្រាប់ការតភ្ជាប់អ៊ីនធឺណេតដែលភ្ជាប់ប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីផងដែរ។
ក្នុងនាមជាអ្នកជំនួញចាស់វស្សាលើវិស័យ សាងសង់ ធ្យូងថ្មនិងថាមពល លោក Low Tuck Kwong បានលើកឡើងយ៉ាងដូច្នេះថា៖ «អ្នកអាចទទួលបានភាពជោគជ័យហួសពីក្តីសុបិនរបស់អ្នកទៅទៀត ប៉ុន្តែវាប្រៀបដូចអ្នកកំពុងជិះស្គីលើកំពូលនៃទឹករលកដ៏គួរឲ្យខ្លាចយ៉ាងដូច្នោះដែរ។ បើទោះបីវាគួរឲ្យខ្លាច តែអ្នកត្រូវតស៊ូដើម្បីបន្តដំណើរទៅមុខទៀត។ អ្វីគ្រប់យ៉ាងគ្រាន់តែជាផ្នែកមួយនៃដំណើរកម្សាន្តសម្រាប់ជីវិតមួយនេះប៉ុណ្ណោះ»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦