យោងតាមការចុះផ្សាយដោយ ក្រសួងធនធានទឹកបានឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ស្ថានភាពភ្លៀងកក់ខែនឹងមានការថមថយឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ភ្លៀងកក់ខែនឹងបន្តមានឥទ្ធិពលឡើងវិញដែលគ្របដណ្តប់រាយប៉ាយនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
បើតាមសេចក្តីប្រកាសខាងលើបានបន្តឱ្យដឹងទៀតថា ចំពោះរលកសមុទ្រវិញនឹងមានកម្ពស់មធ្យមអប្បបរមា ០,២៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ០,៧៥ម៉ែត្រ។ យ៉ាងណាមិញ ក្រសួងធនធានទឹក នឹងបន្តធ្វើការតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល។
សូមរំលឹកផងដែរថា កន្លងមកនៅថ្ងៃទី១៣ ខែកុម្ភៈ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ភ្លៀងកក់ខែបានគ្របដណ្តប់លើ ២៥រាជធានី/ខេត្ត និង ១៧៦ស្រុក/ខណ្ឌ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕