ការចិញ្ចឹមបង្កងអូស្ត្រាលី បាននិងកំពុងក្លាយជារបរពេញនិយមមួយនៅកម្ពុជា ដោយសាររបរនេះមានទីផ្សារល្អ ងាយស្រួលចិញ្ចឹម ម្យ៉ាងលក់បានតម្លៃថ្លៃថែមទៀតផង។ដោយមួយគីឡូអាចលក់បានចន្លោះពី ២០ ដុល្លារ ទៅ ៣០ ដុល្លារ រីឯការថែទាំវិញគឺចំណាយពេលត្រឹម ១ម៉ោង ទៅ ២ម៉ោងក្នុងមួយថ្ងៃប៉ុណ្ណោះ។
ជាក់ស្តែង យោងតាមការចុះផ្សាយរបស់ ក្រសួងសារព័ត៌មានបានឱ្យដឹងថា លោក ថន សុជាតិ ជាអ្នករស់នៅខេត្តសៀមរាប បានឱ្យដឹងថា គាត់ចិញ្ចឹមបង្កងអូស្រ្តាលី បានរយៈពេលមួយឆ្នាំមកហើយៗបង្កងប្រភេទនេះមានទីផ្សារល្អ និងមិនសូវមានហានិភ័យទេ ដោយអាចលក់បានចាប់ពី២០ ទៅ ៣០ដុល្លារ ក្នុងមួយគីឡូក្រាម។ចំណែកឯការធ្វើវិញក៏ងាយស្រួល សម្រាប់ការចិញ្ចឹមបង្កងនេះដែរ វាមិនសូវជាមានផលលំបាកអ្វីច្រើនទេ ជាពិសេស វាងាយស្រួលក្នុងការរកចំណី ដោយសារតែបង្កងអូស្រ្តាលីនេះគឺវាស៊ី ពោតស្ងោរ ល្ពៅស្ងោរ សណ្ដែកស្ងោរ សណ្ដែកបណ្ដុះ និងប្រភេទសាច់អ្វីក៏វាស៊ីបានដែរ ។
ជាមួយគ្នានេះដែរ លោក ចន បូរ៉ា ជាកសិករចិញ្ចឹងបង្កងនេះអស់រយៈពេលជាង៣ឆ្នាំ បានបង្ហើបផងដែរថា ចំពោះបច្ចេកទេសនៃការចិញ្ចឹមវិញ សម្រាប់កសិករជាដំបូង យើងត្រូវរើសប្រភេទ ពូជបង្កងដែលយើងចង់ចិញ្ចឹម អាចសាកល្បងចិញ្ចឹមក្នុងតង់ ឬអាងទឹកថ្ម ឱ្យស៊ីពោត សណ្ដែក ល្ពៅ ដែលស្ងោរហើយ ជាចំណីអាហារ សម្រាប់ការប្ដូរទឹកបើសិនជាយើងមើលឃើញថា ទឹកនោះល្អក់ខ្លាំង ឬ មានក្លិនស្អុយ ចាំយើងលាងសម្អាតដូរទឹកចេញ។
លោកបានបញ្ជាក់បន្ថែមថា ដើម្បីចិញ្ចឹមបង្កងទទួលបានផលល្អ សម្រាប់ការចិញ្ចឹមបង្កងមួយយើង ផ្ដោតសំខាន់ទៅលើទឹក កាលណាដែលយើងរៀបចំទឹក ត្រូវយើងក៏ងាយស្រួលក្នុងការចិញ្ចឹមដែរ ហើយសម្រាប់បង្កងនេះទៀតសោតវាមិនរើសទឹកទេ ទឹកអីក៏ចិញ្ចឹម បានដែរទឹកអណ្ដូង ទឹករដ្ឋ ទឹកស្រះក៏ ចិញ្ចឹមបានដែរ អាស្រ័យលើការដែលយើងយកមកច្នៃប្រើប្រាស់ របស់ យើងជាក់ស្ដែង។សម្រាប់ការ ផ្ដល់ចំណីវិញយើងអាចដាក់ តែពេលល្ងាច ក៏បានដែរ សម្រាប់បងប្អូនដែលគាត់ចង់ចិញ្ចឹមតែមិនសូវមានពេល គាត់ដាក់តែពេលល្ងាចទៅ ទាល់តែពេលល្ងាចទើបវាចេញមកស៊ី តែបើមានពេលគ្រប់គ្រាន់គាត់អាចដាក់ពេលព្រឹកនិងពេលល្ងាច គ្រាន់តែថាពេលព្រឹក វាចេញស៊ីចំណីតែ៣០ភាគរយទេ បានន័យថាវាស៊ីតិចជាងពេលល្ងាច។
គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនដែលចាប់អារម្មណ៍របរដែលចំណាយពេលតិចមួយនេះក៏អាចសាកល្បងបាន ដោយហេតុថា វាជារបរមិនចំណាយពេលច្រើនក្នុងការចិញ្ចឹម ទោះបីរវល់ការងារក៏អាចឆ្លៀតធ្វើបាន ចំពោះកម្រៃដែលនឹងទទួលបានក៏សមរម្យដែលអាចទទួលយកបានផងដែរ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង