យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម កាលពីព្រឹកថ្ងៃទី ១១ ខែ មេសា ឆ្នាំ២០២៣ នេះបានឱ្យដឹងថា ចាប់ពីថ្ងៃទី ១២ ខែ មេសា ដល់ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៣ កម្ពុជានឹងទទួលរងឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប ក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំនឹងខ្យល់ប្រែប្រួល ស្ថានភាពនេះនឹងអាចធ្វើឱ្យតាមបណ្តាលខេត្តមួយចំនួនអាចទទួលរងនូវឥទ្ធិពលដូចជា ៖
១.តំបន់ទំនាបកណ្តាល ៖ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅតិចតួច បន្ទាប់ពីនោះបរិមាណភ្លៀងនិងកើនឡើងក្នុងកម្រិតមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២.តំបន់ខ្ពង់រាប ៖ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែ មេសា តំបន់នេះអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅតិចតួច បន្ទាប់ពីនោះបរិមាណភ្លៀងនិងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
៣.តំបន់មាត់សមុទ្រ ៖ ចំពោះបណ្តាខេត្តដែលរស់នៅក្នុងតំបន់នេះ ដែលមានដូចជា ខេត្តកំពត កែប និង ខេត្តព្រះសីហនុ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
អាស្រ័យដូចបានជំរាបជូនខាងលើ សូមបងប្អូនដែលរស់នៅតាមបណ្តាខេត្តនៃតំបន់ខាងលើបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងថែទាំសុខភាពឱ្យបានល្អ ជាមួយនឹងភ្លៀងធ្លាក់កក់ខែនេះ៕
អត្ថបទដោយ៖សម្បតិ្ត សុខឡាង