គម្រោងធំមួយ នៅក្នុងខេត្ដបាត់ដំបង នឹងត្រូវបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២៥ នេះ
Bunthoeun KoemJANUARY 29 20251 K views

គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ រហូតមកដល់បច្ចុប្បន្នសម្រេចបានលទ្ធផល ៩២% ហើយ ដោយគ្រោងនឹងសាងសង់រួចរាល់នៅខែតុលា ឆ្នាំ២០២៥។ នេះបើយោងតាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានៅមុននេះបន្ដិច។

 

475266376 614281988070973 3176148863316962205 N

 

សម្ដេចបន្ដថា ចំពោះការងារសំខាន់ៗនៅក្នុងគម្រោងនេះ រួមមាន៖ ទំនប់មេ សំណង់បង្ហៀរ រូងទូនេលពង្វាងទឹក សំណង់គ្រប់គ្រងទឹក ទំនប់បណ្តោះអាសន្នផ្នែកខាងលើ និងផ្នែកខាងក្រោម ព្រមទាំងផ្លូវក្រាលថ្មភ្នំ។ ក្រោយពេលសាងសង់រួចគម្រោងនេះ នឹងផ្តល់ផលអត្ថប្រយោជន៍ជាច្រើនដូចជា ៖

 

-បរិមាណទឹកស្តុកសរុប ១៦៣.១លានម៉ែត្រគូប (ប្រសិទ្ធភាព ១៣៣.២លានម៉ែត្រគូប Inactive ១៤.៣លានម៉ែត្រគូប និងដោះទឹកជំនន់១៥.៦លានម៉ែត្រគូប)។

 

-ផ្គត់ផ្គង់ទឹកស្រោចស្រព សម្រាប់បង្កើនផលិតផលកសិកម្មបានទំហំ ប្រមាណ ៣៣ ០០០ ហិកតា នៅរដូវវស្សា និង ៤ ៥០០ ហិកតា នៅរដូវប្រាំង និងមានប្រជាពលរដ្ឋទទួលផលចំនួន ៨ ៥០០គ្រួសារ។ បរិមាណធារទឹកអតិបរមាចេញពីទំនប់គឺ ៤៦.៥ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងត្រូវបង្ហូរតាមស្ទឹងដូនទ្រី និងនាំទៅតំបន់ស្រោចស្រពតាមប្រឡាយព្រែកជីក។ លទ្ធភាពស្រោចស្រពនៅរដូវវស្សាប្រមាណ ៣៣ ០០០ហិកតា ស្ថិតនៅស្រុកមោងឫស្សី (ឃុំរបស់មង្គល ឃុំមោង ឃុំគារ ឃុំព្រៃស្វាយ និងឃុំឫស្សីក្រាំង) ស្រុករុក្ខគិរី (ឃុំព្រែកជីក ឃុំព្រៃត្រឡាច ឃុំស្តុកប្រវឹក និងឃុំមុខរាជ) និងស្រុកបាកាន(ឃុំស្វាយដូនកែវ) ខេត្តពោធិ៍សាត់។ លទ្ធភាពស្រោចស្រពនៅរដូវប្រាំងប្រមាណ ៤ ៥០០ហិកតាស្ថិតនៅស្រុកមោងឫស្សី (ឃុំគារ) និងស្រុករុក្ខគិរី (ឃុំព្រែកជីក ឃុំព្រៃត្រឡាច ឃុំស្តុកប្រវឹក និងឃុំមុខរាជ)។

 

-រួមចំណែកដល់ការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម៕

 

475266805 614282051404300 4842119667162445781 N

475200977 614282084737630 6473426576526555686 N

474921260 614281984737640 5433677918121003545 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia