ក្រុមហ៊ុនផលិតចំណីសត្វចំនួន៦ បានចុះកិច្ចព្រមព្រៀងប្រមូលទិញដំណាំពីប្រជាកសិករកម្ពុជាចំនួន ២មុខគឺ ពោតក្រហម និងដំឡូងមី រួមទាំង កញ្ជុងអង្ករ និងកន្ទក់ ដែលគិតបញ្ជូលគ្នាស្មើនឹងរាប់សែនតោន។
អនុស្សារណៈយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើម» ធ្វើឡើងតាមរយៈក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែមីនា។ ក្រុមហ៊ុនផលិតចំណីសត្វទាំង៦នោះ រួមមាន ក្រុមហ៊ុនអិមភីក អេស៊ីអិមស៊ី (ខេមបូឌា), ក្រុមហ៊ុនបេតាហ្រ្គោ (ខេមបូឌា) ខមភេនី លីមីធីត, ក្រុមហ៊ុនអេហ្រ្គី-ម៉ាស្ទ័រ ខូអិលធីឌី, ក្រុមហ៊ុន ឌឹ ហឺស្ស ធីអិមអេច, ក្រុមហ៊ុន អេ អេន ធី ហ្វីដ ឯ.ក, និងក្រុមហ៊ុន ស៊ីជេ ជេលជីដាងហ្វីដ (ខេមបូឌា) ខូអិលធីឌី។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រសួងពាណិជ្ជកម្ម នឹងសហការសម្របសម្រួលជាមួយក្រុមហ៊ុនទាំង៦ ដើម្បីប្រមូលទិញពោតក្រហមចំនួន ១៨៩ ០០០ តោន ដំឡូងមីចំនួន ៨១ ៦០០ តោន កញ្ជុងអង្ករចំនួន ៥១ ១៣០ និងកន្ទក់ចំនួន ៥៧ ៧៣០ តោន។
គួរជម្រាបផងដែរថា កាលពីថ្ងៃទី១៤ ខែមីនា ក្រសួងពាណិជ្ជកម្ម ក៏បានចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនចិនចំនួន២ លើការបញ្ជាទិញដំឡូងមីស្ងួត ២០ម៉ឺនតោនផងដែរ៕