ក្រសួងសុខាភិបាល ប្រកាសពីរោគសញ្ញាជំងឺឈា.មខ្មៅ ដែលចម្លងតាមសាច់សត្វ កំពុងឆ្លងនៅប្រទេសថៃ
Ping Chou EngMAY 7 2025167 views

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែឱសភា បានជម្រាបជូនដំណឹងឱ្យសាធារណៈជនបានជ្រាបថា នាពេលថ្មីៗនេះគឺមានការផ្ទុះឡើងនូវ ជំងឺអង់ត្រាក់ (Bacillus Anthracis) ឬហៅថាពិសធ្យូងឬជំងឺឈាមខ្មៅ នៅប្រទេសថៃនិងបណ្តាប្រទេសមួយចំនួន ដែលជាបាក់តេរីចម្លងតាមរយៈពាហនៈនិងសត្វព្រៃ។

ជំងឺអង់ត្រាក់ឬពិសធ្យូង ជាជំងឺដ៏កម្រ ប៉ុន្តែធ្ងន់ធ្ងរ ដែលអាចកើតមានឡើងជា ចម្បងលើសត្វពាហនៈ និងសត្វព្រៃ។លក្ខណ:ពិសេសនៃមេរោគអង់ត្រាក់ គឺអាចរស់នៅដោយស្រួល ក្រោមរូប ភាពជាគ្រាប់ស្ទ័រ ក្នុងបរិយាកាសខាងក្រៅធន់នឹងធាតុអាកាសខាងក្រៅបាន អាចសម្ងំ ដល់រាប់ឆ្នាំ (៣០-៤០ ឆ្នាំ) នៅក្នុងដី សាកសពសត្វ និងលាមកសត្វ។

សត្វស៊ីស្មៅ មាន គោ ក្របី ចៀម ពពែ សេះ អាចឆ្លងមេរោគនេះ ចូលក្នុងខ្លួន បន្ទាប់មកគ្រាប់ស្ទ័រក្លាយជាមេរោគមានចលនា ហើយបញ្ចេញពិសរបស់វា ដែលមានគ្រោះថ្នាក់ដល់សុខភាព។ ជំងឺអង់ត្រាក់មានឱសថសម្រាប់ព្យាបាល និងវ៉ាក់សាំងសម្រាប់ចាក់បង្ការ។

យ៉ាងណាមិញរហូតមកដល់បច្ចុប្បន្ននេះមិនទាន់មានការរកឃើញជំងឺនេះនៅព្រះរាជាណាចក្រកម្ពុជានៅឡើយ ប៉ុន្តែក្រសួង សុខាភិបាលបន្តពង្រឹងវិធានការសុខាភិបាល តាមច្រកព្រំដែននិងពង្រឹងកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការនាំចូលជំងឺអង់ត្រាក់ និងជំងឺឆ្លងផ្សេងទៀតពីក្រៅប្រទេស។

របៀបចម្លង មនុស្សអាចឆ្លងមេរោគអង់ត្រាក់ តាមរយៈ៖ ការប៉ះពាល់ដោយផ្ទាល់ជាមួយសត្វឈឺ (ស្បែកមុតដាច់ជាច្រកចូលនៃមេរោគ) ឬឆ្លងតាមការសម្លាប់សត្វ ដែលមានជំងឺអង់ត្រាក់ ឬផលិតផលដែលមានដើមកំណើតពីសត្វមានជំងឺអង់ត្រាក់ដូចជា សាច់ ឈាម រោម ឆ្អឹង ការដកដង្ហើមចូលនូវធូលី ដែលមានស្ទ័រមេរោគអង់ត្រាក់ ការបរិភោគសាច់ដែលមានមេរោគអង់ត្រាក់ ប្រើម្ជុលសឺរ៉ាំងរួមគ្នាជាមួយអ្នកមានជំងឺអង់ត្រាក់ មេរោគអង់ត្រាក់មិនមានភស្តុតាងឆ្លងរាលដាលពីមនុស្សទៅមនុស្សនោះទេ ប៉ុន្តែដំបៅស្បែកលើអ្នកជំងឺ អង់ត្រាក់អាចឆ្លងខ្លាំង។

  • រោគសញ្ញា មាន ៣ សណ្ឋាន៖

សណ្ឋានលើស្បែក៖ មេរោគឆ្លងតាមស្បែកមានដាច់ឬរបួសដោយប៉ះផ្ទាល់ជាមួយសត្វប្រឡាក់ដោយស្តីរបស់មេរោគ រយៈពេលបង្ករោគមានចាប់ពី១ ទៅ៧ថ្ងៃ បន្ទាប់ពីការឆ្លងមេរោគអង់ត្រាក់ជុំរមាស់ដែលមានលក្ខណៈស្រដៀងនឹងសត្វល្អិតខាំ បន្ទាប់មកប្រែទៅជាឈឺចាប់ជាមួយនឹងចំណុចកណ្តាល ខ្មៅ មាននៅលើមុខ ក ដៃ ហើមកូនកណ្តុរ។ មនុស្សឆ្លងជំងឺមួយចំនួនមានរោគសញ្ញាដូចជា ឈឺក្បាល ឈឺ សាច់ដុំ គ្រុនក្តៅ និងក្អួត។

សណ្ឋានក្រពះ-ពោះវៀន៖ ការឆ្លងតាមការបរិភោគស្ទ័រចូល ដូចជាបរិភោគសាច់មានមេរោគអង់ត្រាក់ រយៈពេលបង្ករោគមានចាប់ពី២ ទៅ៥ថ្ងៃ អាការៈដំបូងដូចជាពុលអាហារ ប៉ុន្តែអាចមាន ឈឺពោះ ក្អួត ចង្អោរ ក្អួតឈាម រាកធ្ងន់ធ្ងរ រាកឈាម គ្រុនក្តៅ ញាក់ ហើមក ហើមកូនកណ្តូលនៅក ឈឺក ឈឺបំពង់ក ឈឺក្បាល មុខក្រហម ភ្នែកក្រហម សន្លប់។

សណ្ឋានផ្លូវដង្ហើម៖ ជាករណីធ្ងន់ធ្ងរ ប៉ុន្តែកម្រកើតមាន កើតឡើងដោយសារការបរិភោគសាច់មានមេរោគអង់ត្រាក់ ឬដកដង្ហើមចូលស្ទ័រមេរោគច្រើនទៅក្នុងសួត រយៈពេលបង្ករោគមានចាប់ពី១ ទៅ៦ថ្ងៃ រោគសញ្ញាស្រដៀងនិងជំងឺគ្រុនផ្តាសាយ ប៉ុន្តែវិវត្តយ៉ាងរហ័សទៅជា ពិបាកដកដង្ហើម ក្អួត ចង្អោរ និងឈឺ ពោះ ឈឺក្បាល បែកញើស អស់កម្លាំងខ្លាំង និងមានអាការៈឈឺទ្រូងដែលអាចមានកកឈាមនៅក្នុងបេះដូង ហូរឈាមនៅសន្ទុះខ័ណ្ឌចន្លោះសួត ហើយស្បែកប្រែពណ៌ស្វាយ។

វិធានការណ៍បង្ការការឆ្លង៖

  • ចៀសវាងប៉ះពាល់ដោយផ្ទាល់ជាមួយសត្វដែលសង្ស័យថាមានជំងឺអង់ត្រាក់
  • ហាមបរិភោគសត្វដែលងាប់ដោយសារជំងឺអង់ត្រាក់
  • សាកសពសត្វដែលងាប់ត្រូវយកទៅកប់ ឬដុតកំទេចចោល
  • មិនត្រូវវះពិនិត្យសាកសពដែលងាប់ដោយសារជំងឺនេះទេ
  • ត្រូវប្រញាប់បញ្ជូនអ្នកជំងឺសង្ស័យទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដើម្បីទទួលការព្យាបាលឱ្យទាន់ពេលវេលា ឬទំនាក់ទំនងទៅលេខ ១១៥ ដោយឥតគិតថ្លៃ។

សូមបញ្ជាក់បន្ថែមដែរថាក្នុងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី) ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃ។

ដោយក្រសួងបានដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ព្រមទាំងបានសហការយ៉ាងជិកស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាម បណ្តាច្រកព្រំដែនទាំងនេះដើម្បីពង្រឹងការត្រួតពិនិត្យ និងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក៏បានរៀបចំបណ្តាញប្រព័ន្ធប្រតិកម្មរហ័សមួយនៅគ្រប់ រាជធានី-ខេត្តទាំង២៥ ក្នុងគោលដៅតាមជានសុខភាពសត្វពាហនៈ និងធ្វើការរអន្តរាគមន៍ក្នុងករណីសង្ស័យ៕

495541136 1111487561008006 3641386479714698634 N

495768975 1111487617674667 8468082341725770431 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia