មូលនិធិព្រីនស៍បានរៀបចំកម្មវិធីសម្ភាសន៍ជ្រើសរើសនិស្សិតពូកែដែលមានជីវភាពខ្វះខាតសម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៤
Daneth MechMARCH 6 2025

រាជធានីភ្នំពេញ,​ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ – មូលនិធិព្រីនស៍ដែលជាអង្គការសប្បុរសធម៌របស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានរៀបចំកម្មវិធីសម្ភាសន៍ជ្រើសរើសនិស្សិតសម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៤ ដែលជាជំនាន់ចុងក្រោយ និងជាជំហានមួយទៀតនៃការប្តេជ្ញាចិត្តរបស់មូលនិធិព្រីនស៍ផ្ទាល់ក្នុងការគាំទ្រយុវជនកម្ពុជាតាមរយៈវិស័យអប់រំ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក្នុងបំណង​ផ្តល់ជាជំនួយផ្នែកហិរញ្ញវត្ថុទៅដល់និស្សិតដែលខ្វះខាតអោយមានឱកាសបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅមហាវិទ្យាល័យក្នុងរាធានីភ្នំពេញ។

កម្មវិធីនេះបានរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលនឹងមានការប្រមូលផ្តុំបេក្ខជនមានសមត្ថភាពមកពីទូទាំងប្រទេសកម្ពុជាចូលរួមការសម្ភាសន៍ដែលទាក់ទងនឹងប្រធានបទដូចជា៖ ទស្សនៈផ្ទាល់ខ្លួន សមត្ថភាពដោះស្រាយបញ្ហា និងការវាយតម្លៃភាពជាអ្នកដឹកនាំ ដើម្បីធានាថាបេក្ខជននីមួយៗ ដែលបានជ្រើសរើសពិតជាមានសមត្ថភាព ស័ក្តិសមនឹងទទួលបានអាហារូបករណ៍បំផុត។ ក្រៅពីនេះ យើងក៏មានសេចក្តីសោមនស្សដែលនិស្សិតអាហារូបករណ៍ចេនហ្ស៊ី ជំនាន់ទី​១ ទី២​ និងទី៣ បានចូលរួមធ្វើជាយុវជនស្ម័គ្រចិត្តក្នុងការជួយសម្របសម្រួលកម្មវិធី បូករួមនឹងការចែករំលែកពីបទពិសោធផ្ទាល់ខ្លួនដល់បេក្ខជនប្រកួតប្រជែងផងដែរ។

Untitled 1

ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់កិត្តិយសចូលរួមកម្មវិធីអាហារូបករណ៍ Chen Zhi Interview Day Batch 4 ក្នុងនាមជាគណៈអធិបតី និងវត្តមានរបស់លោក Gabriel Tan ប្រធានមូលនិធិ Prince Foundation ព្រមទាំងគណៈគ្រប់គ្រងរបស់មូលនិធិ និងនិស្សិត។

នៅក្នុងឆ្នាំនេះ មានបេក្ខជនប្រមាណជាង ២៥០០នាក់ បានធ្វើការប្រកួតប្រជែងគ្នាក្នុងការដណ្តើមយកជ័យលាភីដើម្បីក្លាយជានិស្សិតអាហារូបករណ៍ ចេន​ ហ្ស៊ី ជំនាន់ទី៤ ដែលមូលនិធិព្រីននឹងជ្រើសរើសបេក្ខជនជ័យលាភីចំនួន ១០០នាក់ប៉ុណ្ណោះក្នុងការទទួលបានការផ្គត់ផ្គង់ថ្លៃសិក្សា៤ឆ្នាំពេញ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីបណ្តុះបណ្តាល និងការចុះកម្មសិក្សា ព្រមទាំងឱកាសការងារនៅក្នុងក្រុមហ៊ុន ព្រីនស៍ គ្រុប។ ដំណើរការនៃការជ្រើសរើសនេះគឺ ដើម្បីធានាតម្លាភាព និងភាពពិតប្រាកដថា បេក្ខជនដែលបានជ្រើសរើសពិតជាមានសមត្ថភាព មានភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

លើសពីនេះទៅទៀត កម្មវិធីនេះបានទទួលការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា៖ “កម្មវិធីអាហារូបករណ៍នេះបង្ហាញយ៉ាងជាក់ច្បាស់អំពី ការគាំទ្រមកលើវិស័យឯកជនក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា”។ លោកក៏បានបន្តទៀតថា៖ “ការប្ដេជ្ញាចិត្តរបស់ អ្នកឧកញ៉ា ចេន ហ្ស៊ី ព្រមទាំងមូលនិធិព្រីនស៍ នៅក្នុងវិស័យអប់រំ ពិតជាគួរឲ្យកោតសរសើរ និងជាគំរូដ៏ប្រពៃដល់សាធារណជនដទៃទៀត ខ្ញុំសង្ឃឹមថានឹងមានកិច្ចសហការកាន់តែច្រើនទៀតទៅថ្ងៃអនាគតជាមួយមូលនិធិព្រីនស៍ នៅក្នុងវិស័យអប់រំនៅកម្ពុជាយើងនេះ”។​

លោក Gabriel Tan ប្រធានមូលនិធិព្រីនស៍ បានមានប្រសាសន៍បន្ថែមថា “ខ្ញុំពិតជាមានមោទនភាពណាស់ចំពោះបេក្ខជនទាំងអស់។ ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា បានបង្ហាញអោយខ្ញុំឃើញ និងមានទំនុកចិត្តលើសមត្ថភាពរបស់ពួកគេក្នុងការរួមចំណែកយ៉ាងមានអត្ថន័យដល់អនាគតរបស់ប្រទេសកម្ពុជា”។

នៅពេលដែលវគ្កសម្ភាសន៍ចុងក្រោយត្រូវបានបញ្ចប់ យើងនឹងចាប់ផ្តើមដំណើរការជ្រើសរើសបេក្ខជនដែលស័ក្តិសម​នឹងក្លាយជានិស្សិតអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៤។ ចំពោះបេក្ខជនជ័យលាភីនឹងត្រូវបានប្រកាសនៅពាក់កណ្តាលខែមីនាខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែមអំពីអាហារូបករណ៍ ចេន ហ្ស៊ី និងតាមដានការខិតខំប្រឹងប្រែងរបស់មូលនិធិ ព្រីនស៍ក្នុងវិស័យអប់រំ និងការអភិវឌ្ឍន៍សហគមន៍ សូមចូលទៅកាន់​ www.princefoundation.com. ។

អំពីអាហារូបករណ៍ ចេន ហ្ស៊ី

កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី គឺជាកម្មវិធីអាហារូបករណ៍ប្រចាំឆ្នាំដែលដឹកនាំដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា (ដើម្បីគាំទ្រដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ។

ចាប់តាំងពីការចាប់ផ្តើមរហូតមកដល់បច្ជុប្បន្ន អាហារូបករណ៍ ចេន ​ហ្ស៊ី បានផ្តល់ឱកាសសម្រាប់ដល់និស្សិតកម្ពុជាជាច្រើន​នាក់ ដោយគាំទ្រអោយពួកគេបន្តនូវក្តីស្រមៃក្នុងការបន្តការសិក្សា និងរួមចំណែកយ៉ាងមានអត្ថន័យដល់វឌ្ឍនភាពរបស់ប្រទេសកម្ពុជា។

អំពី មូលនិធិព្រីនស៍៖

មូលនិធិព្រីនស៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេមួយនៅកម្ពុជា។ ក្នុងនាមជា សមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា មូលនិធិនេះមានគោលបំ ណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែលលើកកម្ពស់សុខុមាលភាព និងការរស់នៅរបស់ប្រជាជនស្របតាមចក្ខុវិស័យ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា»

ដោយផ្តោតលើវិស័យអប់រំ ការអភិវឌ្ឍយុវជន វិស័យសុខាភិបាល និងកិច្ចផ្តួចផ្តើមសហគមន៍ មូលនិធិព្រីនស៍ បានបន្តធ្វើការជាមួយដៃគូនានាដើម្បីផ្តល់នូវកម្មវិធីដែលមាននិរន្តរភាពនិងឱកាសជាច្រើនដល់យុវជនកម្ពុជា ការបង្កើត សហគមន៍ និងការចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជានិរន្តរភាព។

គម្រោងដ៏លេចធ្លោរបស់មូលនិធិ គឺជាគម្រោងកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងអាហារូបករណ៍ប្រចាំឆ្នាំដែលផ្តល់ជូនការបង់ថ្លៃសិក្សាពេញលេញ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីអភិវឌ្ឍន៍ខ្លួន ឱកាសកម្មសិក្សា និងឱកាសការងារជូនទៅដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ និងមជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍នាឡិកា ដែលជាសាលាបណ្ដុះបណ្ដាលតែមួយគត់ក្នុងការផ្ដល់ឱកាសសិក្សាអំពីសិល្បៈនៃការផលិតនាឡិកាស្តង់ដាប្រទេសស្វីស។ មូលនិធិព្រីនស៍ បានផ្តួចផ្តើមកម្មវិធីមនុស្សធម៌ជាង ២៨០ កម្មវិធី ដែលបានជួយទៅដលប្រជាជនប្រមាណជាង ១.៥លាន នាក់ ព្រមទាំងធ្វើការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបលើសពី ១៨ លានដុល្លារ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia