ខេត្ដសក្ដានុពលមួយនេះ ទាក់ចិត្ដវិនិយោគិនមកពី អឺរ៉ុប និងជប៉ុន ចុះទៅសិក្សាស្វែងរកឱកាសវិនិយោគ
Bunthoeun KoemMARCH 6 20259 views

ថ្មីៗនេះ គណៈប្រតិភូវិនិយោគមកពីសហភាពអឺរ៉ុប និងមកពីប្រទេសជប៉ុន បាននាំគ្នាចុះមកសិក្សា និងស្វែងរកឱកាសវិនិយោគនៅក្នុងខេត្ដជាប់មាត់សមុទ្រមួយនេះ។

 

Preah Sihanouk Provincee

 

ជាក់ស្ដែងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងឯកឧត្តមអភិបាល ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុប ដែលមានសមាសភាព​សរុបប្រមាណ ១២ រូប មកពី១០ប្រទេស ដឹកនាំដោយលោក Andreas BERG អនុប្រធានបេសកម្មការទូត និងជាប្រធានផ្នែកព័ត៌មាន និងកិច្ចការនយោបាយ នៃប្រតិភូសហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ការអញ្ជើញរបស់គណៈប្រតិភូEU មកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីស្វែងយល់អំពីការអភិវឌ្ឍកំពង់ផែ លទ្ធភាពនិងឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងជាពិសេសឱកាសវិនិយោគក្នុងខេត្ត។

 

482343178 947156417535169 8201176764198898954 N

 

ជាកិច្ចចាប់ផ្តើម លោកអភិបាលរងបានជម្រាបជូនគណៈប្រតិភូអំពីសក្តានុពល ស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍ និងចក្ខុវិស័យរបស់កំពង់ផែទឹកជ្រៅ ផែនការមេប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ លោកបានបញ្ជាក់ថា ខេត្តព្រះសីហនុបាននឹងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ពោលគឺខេត្តនឹងបង្កើនប្រភពចំណូលផ្សេងៗបន្ថែមទៀតក្រៅពីការពឹងផ្អែកទៅលើវិស័យទេសចរណ៍តែមួយមុខ។ ខេត្តព្រះសីហនុនឹងប្រែក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ​ពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខ។បន្ថែមពីលើនេះ លោកអភិបាលរងបានលើកឡើងពីកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ដែលជាយន្តការរបស់រាជរដ្ឋាភិបាលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឆ្ពោះទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០។

 

លោកប្រធាននៃគណៈប្រតិភូបានលើកឡើងថា​ នេះជាលើកទី១នៃការធ្វើទស្សនៈកិច្ចផ្លូវការរបស់ប្រតិភូសហភាពអឺរ៉ុប ហើយខេត្តព្រះសីហនុជាទីតាំងដ៏មានសក្តានុពលបំផុតមួយរបស់កម្ពុជា។ ជាមួយគ្នានេះ ប្រតិភូបានបង្ហាញគោលបំណងនៃការវិនិយោគទៅលើវិស័យអាទិភាពផ្សេងៗដូចជា វិស័យសំណង់, ឧស្សាហកម្ម,​ ភស្តុភារកម្មសមុទ្រ, និង ជលយានដ្ឋានផងដែរ។

 

482345478 946579470926197 7575395874575217973 N

 

ទន្ទឹមគ្នានេះដែរ កាលពីថ្ងៃទី៥ ខែមីនា គណៈប្រតិភូជប៉ុនដឹកនាំដោយលោក តូស៊ីយ៉ា អូនីស៊ី (Toshiya Onishi) ទីប្រឹក្សាជាន់ខ្ពស់ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានអញ្ជើញជួបជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ពីសក្តានុពលវិនិយោគនៅខេត្ត និងស្តាប់ពីបរិយាកាសវិនិយោគក្នុងខេត្តផងដែរ។

 

នៅក្នុងជំនួបនោះ លោក តូស៊ីយ៉ា អូនីស៊ី (Toshiya Onishi) បានបន្តថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជប៉ុនមកកម្ពុជា ជាពិសេសខេត្តព្រះសីហនុ ក្នុងគោលបំណងឈ្វេងយល់បរិយាកាសវិនិយោគ និងគោលនយោបាយផ្សេងៗក្នុងការទាក់ទាញវិនិយោគិនមកកាន់កម្ពុជា ពួកគាត់ជាអ្នកវិនិយោគដែលមានចំណេះដឹង ជំនាញ និងទស្សនវិទ្យា ហើយទស្សនកិច្ចលើកនេះជួយបង្កើនឱកាសធុរកិច្ចនៃទំនាក់ទំនងរវាងប្រទេសទាំងពីរជប៉ុន កម្ពុជា និងបានឈ្វេងយល់ពីទំនាក់ទំទងខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន៕

 

481317620 946579670926177 8975197158238428178 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia