ដឹកនាំអាជីវកម្មត្រូវការរូបមន្ត តែដឹកនាំមនុស្សគ្មានរូបមន្តទេ! នេះជាការបញ្ជាក់របស់ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលមហាសេដ្ឋីក្នុងពិភពជំនួញដូចសំបុកពីងពាង ដ៏មានឈ្មោះបោះសំឡេងមួយរូបក្នុងស្រុកខ្មែរ។
នៅក្នុងបទសម្ភាសន៍មួយជាមួយ Business Cambodia អ្នកឧកញ៉ាបានបង្ហើបគន្លឹះដឹកនាំមនុស្សនិងបុគ្គលិកក្នុងស្ថាប័ន ខណៈទាំងនេះគឺជាបទពិសោធន៍ផ្ទាល់ដែលអ្នកឧកញ៉ាហៅថាជាគន្លឹះសាមញ្ញ ក្នុងការអនុវត្តផ្ទាល់នៅក្រុមហ៊ុនយក្ស ជីប ម៉ុង។
១. មើលឃើញបានវែងឆ្ងាយ៖ ជាអ្នកដឹកនាំត្រូវតែជាមនុស្សដែលមើលបានវែងឆ្ងាយ។ អ្នកឧកញ៉ាបានបញ្ជាក់ថា អ្នកដឹកនាំត្រូវមានចក្ខុវិស័យវែងឆ្ងាយ ចេះមើលស្ថានភាពមនុស្សនិងក្រុមហ៊ុន ហើយត្រូវតែមានយុទ្ធសាស្រ្តច្បាស់លាស់។
២. ដូចអ្នកសិល្បៈ៖ ជាដឹកនាំត្រូវធ្វើខ្លួនឱ្យដូចសិល្បៈករ។ ត្រង់ចំណុចនេះអ្នកឧកញ៉ាបានបញ្ជាក់ថា ក្រៅពីចេះមើល អ្នកដឹកនាំត្រូវតែចេះដាក់មនុស្សឱ្យត្រូវតាមចំណុចខ្លាំង ចេះនិយាយបញ្ចុះបញ្ចូលឱ្យគេជឿលើលើចក្ខុវិស័យរបស់យើង ហើយត្រូវតែចេះប្រើចំណុចខ្លាំងរបស់មនុស្សឱ្យចំគោលដៅ មិនមែនមើលតែចំណុចខ្សោយនោះទេ។
៣. ភ្ជាប់ជាមួយដោយងាយស្រួល៖ ជាអ្នកដឹកនាំត្រូវតែមនុស្សដែលគេងាយភ្ជាប់បាន។ អ្នកឧកញ៉ាបានបញ្ជាក់ថាជាអ្នកដឹកនាំពូកែម្នាក់ ត្រូវតែជាមនុស្សដែលគេងាយស្រួលធ្វើការជាមួយ សាមញ្ញហើយងាយក្នុងការធ្វើទំនាក់ទំនង។
យ៉ាងណាមិញឆ្លងតាមរយៈបទពិសោធន៍ជាច្រើនឆ្នាំក្នុងការសិក្សា ការងារ និងការគ្រប់គ្រងក្រុមហ៊ុន អ្នកឧកញ៉ា លាង ម៉េង បានគូសចង្អុលបង្ហាញថា៖ «ជាអ្នកដឹកនាំត្រូវភ្ជាប់ជាមួយមនុស្សរបស់យើង ឱ្យបានច្រើន កុំធ្វើជាអ្នកដឹកនាំដែលអត់នៅក្បែរបុគ្គលិក»៕
អត្ថបទដោយ៖ ពីង ជូអេង