ធនាគារ ព្រីនស៍ ម.ក បានបន្តបង្ហាញការប្តេជ្ញាចិត្តយ៉ាងរឹងមាំចំពោះប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះ នៅក្នុងស្ថានការណ៍ដែលកំពុងបន្តកើតមាននៅតាមព្រំដែនកម្ពុជា–ថៃ តាមរយៈការផ្តល់ជំនួយមនុស្សធម៌ និងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់គ្រួសារដែលរងគ្រោះនិងយោធិននៅតាមតំបន់សមរភូមិ។
ដោយបង្ហាញពីសាមគ្គីភាព កាលពីថ្មីៗនេះ ធនាគារ ព្រីនស៍ បានផ្តល់នូវជំនួយសំខាន់ៗ រួមមានថ្នាំពេទ្យ ទឹកសុទ្ធ មី និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដល់គ្រួសារដែលបានផ្លាស់ទីលំនៅនៅក្នុងខេត្តបន្ទាយមានជ័យ បន្ទាប់ពីជំនួយលើកដំបូងដែលបានផ្តល់ទៅដល់ជនភៀសសឹកក្នុងខេត្តព្រះវិហារ។ ធនាគារ ព្រីនស៍ តែងតែអនុវត្តតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា តបតាមសំណើរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការអំពាវនាវឱ្យមានការជួយសង្គ្រោះជាបន្ទាន់ទៅដល់ប្រជាពលរដ្ឋភៀសសឹក និងយោធិនដែលកំពុងរងផលប៉ះពាល់។
ជាការឆ្លើយតបភ្លាមៗ ធនាគារ ព្រីនស៍ បានចាត់វិធានការសំខាន់ជាច្រើនដូចជា៖ ការលុបចោលនូវបំណុលទាំងស្រុងសម្រាប់គ្រួសារយោធិនពលី និងការផ្តល់ដំណោះស្រាយឥណទានដែលមានភាពបត់បែន ជាមួយជម្រើសនៃការសងប្រាក់មានការយោគយល់ខ្ពស់ សម្រាប់បុគ្គលដែលរងផលប៉ះពាល់ ដូចជាយោធិន និងបងប្អូនកម្មករដែលបានវិលត្រឡប់មកពីប្រទេសថៃ។
លោក Looi Kok Soon ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានថ្លែងថា៖
“គោលបំណងរបស់យើងមានន័យថា យើងតែងតែនៅទីនោះសម្រាប់ប្រជាជនរបស់យើង នៅពេលដែលពួកគាត់ត្រូវការយើងបំផុត។ ក្នុងពេលវេលាដ៏លំបាកនេះ យើងមិនត្រឹមតែជាធនាគារទេ តែយើងនៅជាប់ជាមួយប្រជាជនកម្ពុជា ផ្ដល់នូវការគាំទ្រយ៉ាងពិតប្រាកដ ដើម្បីនាំមកនូវក្តីសង្ឃឹម និងការសម្រាលបន្ទុកដល់ពួកគាត់។”
ការឆ្លើយតបបែបនេះបញ្ជាក់យ៉ាងច្បាស់ពីគុណតម្លៃស្នូលរបស់ធនាគារ ព្រីនស៍ នៃក្តីមេត្តា សាមគ្គីភាព និងភាពធន់។ ធនាគារ ព្រីនស៍ បានបន្តបង្ហាញពីការយកចិត្តទុកដាក់ក្នុងការជួយស្ថាបនាប្រទេសជាតិឱ្យកាន់តែមានភាពរឹងមាំ ដោយមិនទុកឱ្យនរណាម្នាក់ត្រូវប្រឈមមុខនឹងវិបត្តិតែម្នាក់ឯងនោះឡើយ។
នៅពេលកម្ពុជាបន្តឆ្លងកាត់សភាពការណ៍ដ៏ស្មុគស្មាញនេះ ធនាគារ ព្រីនស៍ សូមធ្វើការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះយោធិនដែលមានវីរភាពក្លាហាន និងអង់អាច ដែលកំពុងឈរជើងការពារទឹកដីនិងព្រំដែនកម្ពុជា និងផ្ដល់នូវការគាំទ្រយ៉ាងខ្លាំងចំពោះគ្រួសារទាំងអស់ដែលកំពុងរងផលប៉ះពាល់ នៅក្នុងស្ថានការណ៍នេះ។ ធនាគារបានបន្តប្តេជ្ញាធ្វើអ្វីៗគ្រប់បែបយ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីជួយប្រជាជនកម្ពុជាដោយស្មោះស្ម័គ្រនៅក្នុងស្ថានភាពដ៏លំបាកនេះ។ សំខាន់ជាងនេះទៅទៀត ធនាគារ ព្រីនស៍ ជឿជាក់ថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់អនាគតរបស់ប្រទេសកម្ពុជា។
លោក Looi បន្ថែមថា៖ “តាមរយៈការរួបរួមគ្នា សាមគ្គីភាព និងគោលបំណងដូចគ្នា កម្ពុជានឹងអាចឆ្លងផុតបានលើបញ្ហាប្រឈមទាំងនេះ ហើយនឹងកាន់តែរឹងមាំជាប្រជាជាតិតែមួយ។ យើងមិនត្រឹមតែជាធនាគារទេ យើងជាគ្រួសាររបស់អ្នក នៅពេលមានវិបត្តិ និងនៅពេលមានសន្តិភាព។”