បើទោះជាប្រឈមនឹងភាពមិនច្បាស់លាស់កត្ដាខាងក្រៅខ្លាំងយ៉ាងណាក្ដី ប៉ុន្ដែនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ សេដ្ឋកិច្ចប្រទេសកម្ពុជាមានកើនឡើងចំនួន ៥.៩%។ នេះបើយោងតាមរបាយការណ៍ ប្រចាំឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា។
នៅក្នុងរបាយការណ៍នោះបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចខាងលើនេះ ត្រូវបានគាំទ្រដោយការកើនឡើងនៃវិស័យកម្មន្ដសាល ទេសចរណ៍ និងកសិកម្ម ខណៈវិស័យសំណង់ និងអចលនទ្រព្យបន្ដមានភាពទន់ខ្សោយ។
ជាក់ស្ដែង វិស័យកម្មន្តសាលបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយមានកំណើន៩.៨%។ អនុវិស័យកម្មន្តសាលកាត់ដេរ ត្រូវបានប៉ាន់ស្មានថា កើនឡើង១០.៨% ស្របពេលដែលអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរកើនឡើង ៨.៥%។
សម្រាប់វិស័យទេសចរណ៍បន្តមានកំណើន ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើង នៃភ្ញៀវអន្តរជាតិ និងទេសចរក្នុងស្រុក។ ក្នុងនោះភ្ញៀវអន្តរជាតិកើន៦.២% ដល់៣.៨លាននាក់ និងទេសចរក្នុងស្រុកបន្តកើន៥០.៣% ដល់១៤.៦ លាននាក់។ កំណើននេះ ត្រូវបានគាំទ្រដោយការ អភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗ និងការតភ្ជាប់ជើងហោះហើរ ត្រង់ជាមួយបណ្តាប្រទេសនានា ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ធំៗ ដែលចូលរួមទាក់ទាញអ្នកទស្សនា។
ចំពោះវិស័យកសិកម្ម បន្តទទួលបានកំណើន១.២% ដែលគាំទ្រដោយកំណើនផលដំណាំ និងធនធានជលផល។ ក្នុងនោះផលស្រូវរដូវប្រាំងបានកើន១០.៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន (កើន១២.១%) ដល់៤.៣លានតោន ខណៈផ្ទៃដីដាំដុះស្រូវរដូវវស្សាវិញក៏បានកើន ៤.៩%។ ដោយឡែកផលជ័រកៅស៊ូកើនឡើង ១.៣% ដល់ ១៨២.៥ពាន់តោន ដោយសារកំណើនតម្រូវការ ស្របពេលតម្លៃជ័រកៅស៊ូជាមធ្យម បន្តកើនឡើងខ្ពស់ ៣០.១% ដល់១,៩៨៦ដុល្លារអាមេរិក ក្នុង១តោន។ ឯធនធានជលផលវិញបានកើន១៥.៨% ។
យ៉ាងណាសម្រាប់វិស័យអចលនទ្រព្យបន្តមានកំណើនទាប ០.៨% ដោយសារការធ្លាក់ចុះនៃថ្លៃ និងទំហំឥណទាន សម្រាប់លំនៅឋាន ស្របពេលដែលការវិនិយោគផ្ទាល់បរទេស ក្នុងវិស័យនេះធ្លាក់ចុះ។ តាមរបាយការណ៍ សន្ទស្សន៍ថ្លៃ លំនៅឋានរួមថយចុះជាមធ្យម៣.៦% ដែលក្នុងនោះនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានថយ៣.៦% និង ៧.១% រៀងគ្នា។ ជាមួយគ្នានេះ ទំហំឥណទានសម្រាប់លំនៅឋានបានថយចុះប្រមាណ ១៧.២%៕