លុយពិបាករក ឲ្យលុយគេខ្ចីតែគេមិនព្រមសង បើយករូបភាពគេបង្ហោះលើបណ្ដាញសង្គមតែខុសច្បាប់ទេ?
Toeuy HongAPRIL 19 202416.2 K views

នៅក្នុងសង្គមខ្មែរយើងសង្កេតឃើញមានប្រជាជនមួយចំនួនបានបង្ហោះរូបភាពកូនបំណុលខណៈពួកគាត់ជំពាក់លុយហើយព្រមសងតាមពេលដែលបានកំណត់។ ទាក់ទងនឹងសកម្មភាពនេះបងប្អូនមួយចំនួនមានចម្ងល់ថាតើបើយករូបភាពកូនបំណុលមកបង្ហោះលើបណ្ដាញសង្គមតើខុសខច្បាប់ឬទេ។

ជុំវិញបញ្ហាខាងលើ សាស្រ្តាចារច្បាប់ អ្នកស្រី ម៉ឹង វ៉ាន់ឌី ធ្លាប់លើកឡើងថា ប្រសិនបើម្ចាស់បំណុលបង្ហោះរូបកូនបំណុលលើបណ្ដាញសង្គម ឬជេរប្រមាថកូនបំណុល គឺជាការខុសច្បាប់”។ អ្នកស្រីបានបញ្ជាក់ផងដែរថា បើទោះបីជាការជំពាក់បំណុលនោះវាជាការពិតក្ដី តែច្បាប់រក្សាការពារនូវភាពឯកជនជូនបុគ្គល។

អ្នកស្រីបន្តបង្ហើបថាបើតាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ បទបរិហាកេរ្តិ៍ជាសាធារណៈ បានចែងថា “គ្រប់ការអះអាងបំផ្លើស ឬការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬកិត្តិសព្ទនៃបុគ្គល ឬស្ថាប័ន គឺជាការបរិហាកេរ្តិ៍។ ត្រូវពិន័យជាប្រាក់ពី ១០០,០០០ (មួយសែន) រៀល ដល់ ១០,០០០,០០០ (ដប់លាន) រៀល។

លោកស្រីបានបន្តទៀតថានៅក្នុងករណី ម្ចាស់បំណុលជេរប្រមាថកូនបំណុលនៅទីសាធារណៈ នោះប្រព្រឹត្តខុសនឹងមាត្រា ៣០៧ នៃក្រមព្រហ្មទណ្ឌដែលចែងថា “គ្រប់ពាក្យប្រមាថ គ្រប់ពាក្យមើលងាយ ឬគ្រប់ពាក្យទ្រគោះ ដែលគ្មានការទំលាក់កំហុសទៅលើអំពើណាមួយ គឺជាការជេរប្រមាថ។ ត្រូវពិន័យជាប្រាក់ពី ១០០,០០០ (មួយសែន) រៀល ដល់ ១០,០០០,០០០ (ដប់លាន) រៀល។

យ៉ាងណាមិញលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងនៅក្នុងChannel YouTube របស់លោកថាបើក្នុងកិច្ចសន្យាខ្ចីលុយកូនបំណុលព្រមឲ្យបង្ហោះរូបក្នុងករណីដល់ថ្ងៃត្រូវសងតែមិនអនុវត្តម្ចាស់បំណុលអាចបង្ហោះរូបភាពកូនបំណុលលើបណ្ដាញសង្គមបានប៉ុន្ដែការបង្ហោះរូបនេះគឺត្រូវធ្វើជាមួយខ្លឹមសារដែលជាការពិតនិងសមរម្យ។ ឧទាហរណ៍ម្ចាស់បំណុលអាចបង្ហោះរូបជាមួយខ្លឹមសារដូចជាកូនបំណុលជំពាក់លុយ៥០០ដុល្លារ តែដល់ពេលកំណត់កូនបំណុលមិនព្រមបង់សង។

ផ្ទុយទៅវិញបើម្ចាស់បំណុលយករូបកូនបំណុលទៅបង្ហោះលើបណ្ដាញសង្គមដោយភ្ជាប់ជាមួយខ្លឹមសារលើសពីការប្រាប់នូវការពិតដូចជាការវាយតម្លៃស្មារតីរបស់កូនបំណុលដោយភ្ជាប់ជាមួយពាក្យអសុរោះ ដូចជាការជេរប្រមាថ ដៀលពូជដៀលអំបូរ ត្រង់នេះគឺម្ចាស់បំណុលអាចនឹងគ្រោះថា្នក់វិញពោលគឺកូនបំណុលអាចនឹងប្ដឹងបកមកម្ចាស់បំណុលវិញបាន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia