មុនចេញរកស៊ីគួរមាន! ចង់ធ្វើជាអ្នកលក់ឆ្នើម ពង្រឹងជំនាញទាំង៧នេះ កុំភ័យថាលក់មិនដាច់
THATSORNA NOVMAY 2 2024585 views

ក្នុងពិភពជំនួញ ជំនាញទំនាក់ទំនងជាមួយភ្ញៀវ គឺជាសម្រាស់ដ៏លេចធ្លោរមួយដែលអាចជួយបំភ្លឺដល់អតិថិជនឱ្យឆាប់មើលឃើញយើង និងឆាប់ចងចាំយើងបានយ៉ាងឆាប់រហ័ស ប៉ុន្តែប្រសិនបើអ្នកបើកមកដូចតែគេដូចតែឯង គ្មានចំណុចពិសេសទេ វាពិបាកទាញចំណាប់អារម្មណ៍ពីភ្ញៀវណាស់។ ទាក់ទងទៅនឹងកញ្ហានេះ ថ្ងៃនេះ Business Cambodia សូមចែករំលែកជំនាញសំខាន់ៗចំនួន៧ បើកត្រូវពង្រឹងឱ្យខ្លាំងមុនចេញរកស៊ី។ ដោយក្នុងនោះរួមមាន៖

១. ជំនាញមើលឱកាសទីផ្សារ៖

វាជាជំនាញមួយដែលមនុស្សជាច្រើនកំពុងតែខ្វះខាតខ្លាំងមែនទែន ជាពិសេសនោះគឺអ្នករកស៊ីតែម្តង មុនចេញរកស៊ីគេត្រូវមើលទៅលើទីផ្សារ ថាតើទីផ្សារគេត្រូវការអ្វី ខ្វះខាតអ្វី យើងគួរបំពេញអ្វីនៅលើទីផ្សារ ហើយឱកាសដែលយើងអាចជ្រាតចូលទីផ្សារត្រូវកំណត់យ៉ាងដូចម្តេច ? ឧទាហរណ៍ថា ក្នុងឱកាសថ្ងៃពិសេសឬពិធីបុណ្យអ្វីមួយ ជាក់ស្តែងបុណ្យនៃក្តីស្រឡាញ់ តើយើងលក់អ្វីដាច់ ពិតណាស់គឺផ្កា តុកត្តា និងវត្ថុអនុស្សាវរីជាច្រើនទៀត ទាំងនេះហៅថាទំនិញឱកាសនិយម ឬការមើលពីឱកាស។

២. ជំនាញទំនាក់ទំនង ៖

មានបងប្អូនមួយចំនួនពួកគាត់ពូកែរកស៊ីហើយ ប៉ុន្តែអ្វីដែលពួកគាត់ខ្វះខាតនោះគឺរឿងទំនាក់ទំនង គេនិយាយថាការរកស៊ីបើខ្វះបណ្តាញទំនាក់ទំនង អាជីវកម្មមិនសូវជាមានការរីកចម្រើនឡើយ អ្នកលក់ដូចគ្នាប្រសិនបើខ្វះទំនាក់ទំនង តើទាំងអស់គ្នាទៅរំពឹងលក់អ្វីដាច់ទៅ ទោះបីជាមានផលិតផលល្អក៏ដោយ ដូច្នេះអ្នកលក់ទាំងឡាយគួរពង្រឹងឡើងវិញ តាមរយៈការចូលរៀនវគ្គខ្លីៗមួយចំនួនជាមួយអ្នកជំនាញៗ ។

៣. ជំនាញដោះស្រាយបញ្ហា ៖

នៅក្នុងការរកស៊ីលក់ដូរគឺជៀសមិនផុតឡើយបញ្ហារបស់ភ្ញៀវ យើងជាអ្នកលក់ បើខ្វះជំនាញមួយនេះគឺពិបាករកស៊ីបន្តិចហើយ ដូច្នេះតម្រូវឱ្យបងប្អូនទាំងអស់គ្នា ចេះជំនាញមួយនេះឱ្យបានច្បាស់ ដោះស្រាយបញ្ហាភ្ញៀវបានហើយអាជីវកម្មយើងនឹងរីកចម្រើន ។

៤. ជំនាញទទួលភ្ញៀវ ៖

យើងសង្កេតឃើញថាមានហាងជាច្រើនការរៀបចំនៅមានកម្រិតនៅឡើយ ហើយនេះវាជាបញ្ហារបស់អ្នកដឹកនាំ ឬម្ចាស់ហាងផ្ទាល់ ដែលពួកគាត់មិនសូវមានការយកចិត្តទុកដាក់ទៅលើចំណុចមួយនេះឡើយ ខណៈដែលវាជាបញ្ហាធំនៅក្នុងការរកស៊ី ដូច្នេះជំនាញមួយនេះក៏មិនអាចខ្វះបានដែរ ។

៥. ជំនាញឌីជីថល ៖ សម័យបច្ចេកវិទ្យា ការរកស៊ីក៏មានភាពជឿនលឿនដែរ មិនអាចរកស៊ីសម័យ បុរាណទៀតទេ​ ដូច្នេះជាអ្នករកស៊ីត្រូវច្បាស់ជាមួយនឹងឌីជីថល ដូចជាការទាញប្រយោជន៍ពី បណ្តាញ សង្គម Facebook, TikTok ,YouTube និងបណ្តាញសង្គមជាច្រើនទៀត ដែលទាំងអស់គ្នា គួរពង្រឹងបន្ថែម ។

៦. ជំនាញថែភ្ញៀវ ៖ មានអាជីវកម្មជាច្រើនពួកគាត់ទ្វេសប្រហែសខ្លាំងមែនទែនទៅលើចំណុចមួយនេះ មានន័យថាលក់ផលិតផលឬសេវាកម្មហើយយកលុយដាក់ក្នុងហោប៉ៅគឺចប់រឿងតែម្តង ធ្វើបែបនេះមិនទាន់បេះដូងភ្ញៀវបានឡើយ តែទាំងអស់គ្នាត្រូវតែចេះថែភ្ញៀវចាស់ ហើយចាប់ភ្ញៀវថ្មីថែម ដោយមានការទំនាន់ទំនងនឹងគ្នាតាមរយៈការសុំជាលេខ ទូរស័ព្ទ ហ្វេសប៊ុក Telegram ក្នុងការឱកាសពីសេសអ្វីមួយផ្តល់ជូនការបញ្ចុះតម្លៃ ឬថតរូបភាពស្អាតៗឱ្យភ្ញៀវ ទាំងអស់នេះគឺត្រូវសុទ្ធតែត្រូវការជំនាញ ។

៧. ជំនាញបិទការលក់ ៖

វាជាជំនាញដែលអ្នករកស៊ីនិងលក់ដូរទាំងឡាយ មិនអាចខ្វះបានឡើយ​ជាពិសេសនោះបុគ្គលិកផ្នែកលក់។ ទាំងអស់គ្នាចេះលក់ហើយ ប៉ុន្តែបន្ទាប់ពីលក់ រឿងដែលយើងខ្វះមិនបាននោះរបៀបនៃការបិទការលក់អោយសម្រេច ដែលទាំងអស់គ្នាត្រូវសំលៀងឱ្យខ្លាំង ហើយជំនាញមួយនេះក៏កំពុងតែខ្វះច្រើនដែរនៅលើទីផ្សារ ។

 គួរបញ្ជាក់ផងដែរថាខាងលើនេះជាជំនាញស្នូល ដែលអ្នករកស៊ីលក់ដូរទាំងអស់គួរតែចេះ ទាំងក្រោយនិងមុនពេលចេញរកស៊ី បើទាំងអស់គ្នាច្បាស់លាស់នៅចំណុចខាងលើនេះ ​ឱកាសបរាជ័យមានតិចតួចណាស់ នេះក៏ដោយសារតែយើងអាចបំពេញនៅចន្លោះខ្វះខាតដែលមានកន្លងមក ប៉ុន្តែធ្វើជាអ្នករកស៊ីកុំខ្លាចនឹងរៀនអ្វីដែលថ្មីៗថែម ដើម្បីឱ្យយីហោ ឬហាងរបស់យើងកាន់តែរីកចម្រើនជាងមុន ។

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia