ក្រោយបាត់មុខអស់ជាង២០ឆ្នាំ ទូរស័ព្ទដៃម៉ូឌែល Nokia 3210 ដែលល្បីឈ្មោះនិងមានភាពពេញនិយមបំផុតកំឡុងឆ្នាំ១៩៩៩ ពេលនេះបានត្រឡប់មកវិញហើយ ស៊េរីឆ្នាំ២០២៤ ដោយរំលេចនូវរូបរាងដើម និងមានមុខងារអាប់ដេតបច្ចេកវិទ្យាសំខាន់ៗដើម្បីបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ នាពេលបច្ចុប្បន្ន។
តាមប្រភពចុះផ្សាយពី Gizchina នៅខែឧសភា ឆ្នាំ២០២៤នេះបានឱ្យដឹងថា HMD Global ដែលជាក្រុមហ៊ុនហ្វាំងឡង់កាន់កាប់ទូរស័ព្ទម៉ាក Nokia នេះបានប្រកាសពីការវិលត្រឡប់ចូលទីផ្សារវិញរបស់ទូរស័ព្ទដៃ Nokia 3210 ដែលរក្សារូបរាងជំនាន់ម៉ូឌែលដើមលាយបញ្ចូលគ្នានិងបច្ចេកវិទ្យាច្នៃប្រឌិត ដោយមាន៣ពណ៌ ខ្មៅ ខៀវ និងមាស។
ចំពោះមុខងារពិសេសៗរួមមានដូចជា មានអេក្រង់ធំជាងមុន រាងស្តើងជាងមុន ថាមពលថ្ម 1450mAh ដែលធានាការប្រើប្រាស់បានយូរ ដោយមិនចាំបាច់បញ្ចូលថ្មញឹកញាប់ ជាមួយនឹងកម្រិតភាពច្បាស់ QVGA នៃ 320 x 240 ភីកសែល កាមេរ៉ាខាងក្រោយទំហំ 2 MP ជាមួយអំពូល LED ភ្ជាប់ Bluetooth 5.0 និង USB-C សម្រាប់សាកថ្មបាន មានរន្ធដោតកាស 3.5 mm និងគាំទ្របណ្តាញអ៊ីនធើណែត 4G LTE ផងដែរ។
ប្រភពដដែលបានឱ្យដឹងថាស៊េរី Nokia 321០ នេះត្រូវបានចេញលក់ដំបូងដោយក្រុមហ៊ុន HMD Global នៅក្នុងទីផ្សារអឺរ៉ុបជាមួយតម្លៃ ៩០ ដុល្លារអាមេរិក ហើយកាលពីថ្ងៃទី ៨ ខែឧសភា ផលិតផលនេះក៏បាននាំចូលទីផ្សារចិន ក្នុងប្រមាណ៤៨ ដុល្លារអាមេរិក ហើយកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងលក់ដាច់ខ្លាំងរហូតអស់ពីស្តុកនៅតាមបណ្តាញសង្គមចិន Wiebo។
គួរជម្រាបថាការបញ្ចេញម៉ូឌែល Nokia 321០ បែប4G នេះក្រុមហ៊ុន HMD Global បានបញ្ជាក់ថាជាការចាប់ចំណែកទីផ្សារថ្មី សម្រាប់ទាក់ទាញអ្នកពេញនិយមប្រើប្រាស់រចនាបទបែបបុរាណលាយសម័យ បំពាក់ជាមួយបច្ចេកវិទ្យាថ្មីៗ ព្រមទាំងជាការប្រមូលយកអតិថិជនស្មោះត្រង់និងស្រឡាញ់ម៉ូឌែល Nokia៕
អត្ថបទដោយ៖ ពីង ជូអេង